Translate

Wednesday, September 11, 2013

ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ឆមាស​ទី១​កើន​ឡើង​ជាង ១០០%

ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ឆមាស​ទី១​កើន​ឡើង​ជាង ១០០%


ភ្នំពេញប៉ុស្តិ៍ ១១ កញ្ញា​ ២០១៣

រូបគំរូសំណង់អគារ​ដែល​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​កាល​ ពីថ្ងៃម្សិលមិញ​ក្នុង​ពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៣ នៅ​កោះពេជ្រ​​។ រូបថត ហុង មិនា

ភ្នំពេញៈ ទុន​វិនិយោគ​សរុប​ក្នុង​វិស័យ​សំណង់​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ឆមាស​ទី១ ឆ្នាំ​នេះ​រហូត​ដល់​ជាង ១០០ ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

មន្ដ្រី និង​អ្នក​រក​ស៊ី​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​បាន​និយាយ​ថា ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​រឹងមាំ​គឺជា​គ្រឿង​ជំរុញ​ដ៏​សំខាន់​សម្រាប់​កំណើន​ នេះ។

ទិន្នន័យ​ចុង​ក្រោយ​ពី​លោក អ៊ឹម ឈុនលឹម រដ្ឋ​មន្រ្តី​ក្រសួង រៀបចំ​ដែនដី​នគរូបនីយកម្ម និង សំណង់​ដែល​បាន​បង្ហាញ​ក្នុង​ពិធី​បើក​ពិព័រណ៍ Cambuild ឆ្នាំ ២០១៣ នៅ កោះពេជ្រ កាល​ពី​ថ្ងៃ​ម្សិល បង្ហាញ​ថា ទុន​វិនិយោគ​សរុប​បាន​កើន​ដល់​ជិត ២ ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​នេះ​ធៀប​នឹង ៨៧០ ដុល្លារ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

លោក​បាន​លើក​ឡើង​ថា៖ «វា​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា តម្លៃ​នៃ​ការ​វិនិយោគ​សំណង់​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ នេះ​មាន​ន័យ​ថា យើង​មាន​បរិយាកាស​វិនិយោគ​ដ៏​ល្អ និង​សន្តិភាព​ពេញ​លេញ​សម្រាប់​វិនិយោគិន»

លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ​មាន​ក្រុមហ៊ុន​សំណង់​ប្រហែល ៥៧១ ក្រុមហ៊ុន​កំពុង ប្រតិបត្តិការ​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​នេះ​នៅ​កម្ពុជា។

លោក ពុង ឃាវសែ ប្រធាន​សមាគម​អ្នក​សាង​សង់​កម្ពុជា (CCA) និយាយ​ថា វិស័យ​នេះ​កំពុង​ទទួល​បាន​កំណើន​យ៉ាង​ខ្លាំង​ទាំង​ក្នុង​គម្រោង អភិវឌ្ឍន៍ និង​កាន់​តែ​ទំនើប តាម​កម្រិត​ស្ដង់ដារ​ជាមួយ​នឹង​មាន​ការ​ចាក់​បញ្ចូល​មូលធន​យ៉ាង​ច្រើន ទាំង​ប្រភព​ក្រៅ​ប្រទេស និង​ក្នុង​ស្រុក។

លោក​បន្ត​ថា៖ «នៅ​ទីក្រុង​ភ្នំពេញ​យើង​អាច​មើល​ឃើញ​អគារ​ខ្ពស់ៗ​ដ៏​ទំនើប​គ្រប់​ប្រភេទ​ ទាំង​អស់​ដោយ​មាន​ឧបករណ៍​បច្ចេកទេស​មាន​គុណភាព​ខ្ពស់​បើ​ប្រៀប​ធៀប​ជាមួយ​ នឹង​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​នៅ​លើ​ពិភពលោក»

កាល​ពី​ថ្ងៃ​សុក្រ​មុន ក្រុមហ៊ុន Hong Kong Land មាន​មូលដ្ឋាន​នៅ​ទីក្រុង ហុងកុង បាន​បុក​គ្រឹះ​កសាង​អគារ​មាន​កម្ពស់ ២០ ជាន់​នៅ​កណ្ដាល​ទីក្រុង ភ្នំពេញ ក្នុង​តម្លៃ ១០០ លាន​ដុល្លារ ហើយ​ក្រុមហ៊ុន Booyoung Group មាន​មូលដ្ឋាន​នៅ​ប្រទេស កូរ៉េ​ខាង​ត្បូង ក៏​បាន​ចាប់​ផ្ដើម​សាង​សង់​អគារ​តម្លៃ​ជាង ១, ពាន់​លាន​ដុល្លារ​នៅ​តាម​មហាវិថី សហព័ន្ធ​រុស្ស៊ី ក្នុង​ខណ្ឌ ឫស្សីកែវ កាល​ពី​ខែ មេសា។

ឆ្នាំ ២០១២ កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​ខាង​សំណង់ ២,១ ពាន់​លាន​ដុល្លារ ធៀប​នឹង ១,២ ពាន់​លាន​ដុល្លារ​ពី​ឆ្នាំ ២០១១៕ PB

No comments:

Post a Comment