Translate

Monday, September 9, 2013

អគារ​តម្លៃ​ $​ ១០០​ លាន​នឹង​បញ្ចប់​ចុង​ឆ្នាំ ​២០១៦

អគារ​តម្លៃ​ $​ ១០០​ លាន​នឹង​បញ្ចប់​ចុង​ឆ្នាំ ​២០១៦

ភ្នំពេញប៉ុស្តិ៍ ០៩ កញ្ញា ២០១៣

ពិធីបើក​ការដ្ឋានសាងសង់​អគារ LANDMARK ដែល​មាន​កម្ពស់ ២០ជាន់ និងមាន​តម្លៃ​១០០លានដុល្លារ។ រូបថត ហឹុន ពិសី

ភ្នំពេញៈ​គម្រោង​សាងសង់​អគារ​ការិយាល័យ​ជួល​ដែល​មាន​តម្លៃ​ ១០០ ​លាន​ដុល្លារ របស់​ក្រុមហ៊ុន ​Hong kong Land ​នឹង​បញ្ចប់​នៅ​ឆ្នាំ ​២០១៦។

អគារ​ការិយាល័យ​ LAND MARK កម្ពស់​ ២០ ​ជាន់ ​ដែល​មាន​ទីតាំង​នៅ​ក្រោយ​អគារ​វឌ្ឍនៈ​ថោវើរ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់ ​កាលពី​ថ្ងៃ​សុក្រ ​សប្តាហ៍​មុន​ ក្រោម​អធិបតីភាព ​របស់ ​លោក អ៊ឹម ​ឈុនលឹម​ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​។

លោក អ៊ឹម ឈុនលឹម ថ្លែង​ថា នេះ​បញ្ជាក់​ពី​ការ​ជឿ​ទុក​ចិត្ត​របស់​វិនិយោគិន​បរទេស​ចំពោះ​ស្ថិរភាព​ នយោបាយ និង​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា។

លោក​ថ្លែង​ថា​៖​«​អគារ​ខ្នាត​ធំ និង​ទំនើប​នេះ​នឹង​ចូលរួម​ចំណែក​លើកកម្ពស់​ផ្នែក​សេវាកម្ម​នៅ​កម្ពុជា ប្រកប​ដោយ​ការ​ប្រកួត​ប្រជែង​លើ​ផ្នែក​អគារ​លក់​ទំនិញ​មាន​លក្ខណៈ​ជា​ ផ្សារទំនើប​ការិយាល័យ​ធ្វើការ និង​ភោជនីយដ្ឋាន​ជាដើម​»

លោក ​Robert ​Garman ​នាយកប្រតិបត្តិ​របស់​ក្រុមហ៊ុន Hongkong Land បាន​ឲ្យ​ដឹង​ថា​គម្រោង ​LAND MARK​ នៅ​រាជធានី​ភ្នំពេញ គឺជា​គម្រោង​អភិវឌ្ឍន​ដ៏​អស្ចារ្យ​មួយ​របស់​ក្រុមហ៊ុន Hongkong Land​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍។​ ក្រុមហ៊ុន Hongkong Land គឺជា​ក្រុមហ៊ុន​ដែល​មាន​ជំនាញ​ក្នុង​ការ​គ្រប់គ្រង និង​រៀបចំ​អគារ​ការិយាល័យ​ប្រកប​ដោយ​គុណភាព​ខ្ពស់ និង​បង្កើត​ប្រាក់​ចំណូល​រយៈពេល​វែង។

លោក​បញ្ជាក់​ថា​៖​«​ខ្ញុំ​មាន​ជំនឿ​ថា អគារ​ថ្មី​នេះ​នឹង​ផ្តល់​នូវ​ភាព​សម្បូរបែប​និង​បទពិសោធ​អាជីវកម្ម​ដូចជា​ កន្លែង​ទិញ​ទំនិញ កន្លែង​ទទួលទាន​ព្រម​ជាមួយ​អគារ​ការិយាល័យ​លំដាប់ A ដែល​អាច​ទាក់ទាញ​បណ្តា​ក្រុមហ៊ុន​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ​ឲ្យ​ចាប់​អារម្មណ៍​ចំពោះ​កម្ពុជា​ទៀត​ផង​»

គម្រោង ​LAND MARK នេះ​មាន​ជាច្រើន​ដំណាក់កាល ដោយ​ក្នុង​ដំណាក់កាល​ទី​១​នេះ​ក្រុមហ៊ុន​ Hong kong Land នឹង​សាងសង់​អគារ​មួយ​លើ​ផ្ទៃដី​ ១០ ៧០០ ​ម៉ែត្រការ៉េ ដោយ​មាន​កម្ពស់​២០​ជាន់ ក្នុង​នោះ​ហាង​លក់​ទំនិញ​ប្រណីត​ៗ ​៤ ​ជាន់ និង​ ១៦​ ជាន់​ទៀត​ជា​អគារ​ការិយាល័យ​លំដាប់​ A ព្រម​ទាំង​មាន​ ៣ ​ជាន់​នៅ​ក្រោម​ដី​ជា​ចំណត​រថយន្ត​ទៀត​ផង។ ​ការ​សាងសង់​អគារ​ខាង​លើ​គ្រោង​នឹង​បញ្ចប់​នា​ចុង​ឆ្នាំ​ ២០១៦ ដោយ​មាន​បន្ទប់​ការិយាល័យ​និង​ហាង​លក់​ទំនិញ​ទំហំ ​៣០ ​០០០ ​ម៉ែត្រការ៉េ។

លោក​ចេង​ខេង​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​កម្ពុជា​ស៊ីភីអិល​និង​ជា​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ស្វាគមន៍​គម្រោង​ខាង​លើ​ទោះ​បី​ជា​ពេល​បច្ចុប្បន្ន​នេះ​មាន​អគារ​ ការិយាល័យ​ជួល​ទំនើប​ៗ​នៅ​រាជធានី​ភ្នំពេញ​ជាច្រើន​ដូចជា​អគារ​ភ្នំពេញ​ ថោវើរ កាណាឌីយ៉ា​ថោវើរ​និង​វឌ្ឍនៈថោវើរ​ក៏ដោយ​ក៏​ការ​ផ្គត់ផ្គង់​ហាក់​មិន​ទាន់​ លើស​តម្រូវការ​នោះ​ដែរ ពីព្រោះ​តាម​ការ​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញ​ថា នៅ​កម្ពុជា​បច្ចុប្បន្ន​ការ​ប្រើប្រាស់​ផ្ទះល្វែង ឬ​វីឡា​ធ្វើ​ជា​ការិយាល័យ​ចាប់ផ្តើម​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់។

លោក​មាន​ប្រសាសន៍​ថា​៖​«​ការ​ប្រើប្រាស់​ការិយាល័យ​ជួល​ធ្វើ​ជា​ ស្នាក់ការ​របស់​ក្រុមហ៊ុន​ពិតជា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ការ​ប្រើប្រាស់​ លំនៅឋាន ឬ​វីឡា ពីព្រោះ​ការ​ជួល​កន្លែង​សម្រាប់​ធ្វើការ​នៅ​តាម​អគារ​ការិយាល័យ​នោះ បើ​ទោះ​បី​ជា​វា​មាន​តម្លៃ​ថ្លៃ​បន្តិច​ក៏​ដោយ ក៏​វា​មាន​ភាព​ស៊ីវិល័យ​ទីតាំង​ល្អ​និង​មាន​សុវត្ថិភាព​»

លោក​បន្ត​ថា​មាន​មនុស្ស​មួយ​ចំនួន​បាន​និយាយ​ថា ការ​ជួល​ផ្ទះល្វែង ឬ​វីឡា ធ្វើ​ជា​ការិយាល័យ​មិន​សូវ​ចំណាយ​ប្រាក់​ច្រើន ដោយ​ក្នុង​១​ម៉ែត្រការ៉េ​អាច​មាន​តម្លៃ​ប្រហែល​១០​ដុល្លារ​ខណៈ​ការិយាល័យ​ ជួល​អាច​មាន​តម្លៃ​១៥​ដុល្លារ​ក្នុង​១​ខែ។ ការ​គិត​បែប​នេះ​មិន​ប្រាកដ​ថា​ត្រឹមត្រូវ​ទេ ពីព្រោះ​ការ​ជួល​ផ្ទះ ឬ​វីឡា អ្នក​ជួល​ត្រូវ​រ៉ាប់រង​ទៅ​លើ​ថ្លៃ​ភ្នាក់ងារ​សន្តិសុខ ឬ​អ្នក​អនាម័យ​បន្ថែម​ទៀត។ ម៉្យាងទៀត​ការ​ជួល​ផ្ទះ​ធ្វើ​ការិយាល័យ​ភាគច្រើន​គឺ​មាន​បញ្ហា​ទាក់ទង​ទៅ​ នឹង​រយៈពេល​នៃ​កិច្ចសន្យា​(​កិច្ចសន្យា​ភាគច្រើន​មាន​រយៈពេល​ខ្លី ដែល​ធ្វើឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ទីតាំង​ជា​ញឹកញាប់​)។

លោក​សន​សៀប​ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ឃី រៀលអេស្ទេត បាន​ប្រាប់​ថា ការ​រិនិយោគ​ទៅ​លើ​អគារ​ការិយាល័យ គឺជា​ការ​វិនិយោគ​រយៈពេល​វែង ដូច្នេះ​ការ​វិនិយោគ​ខាង​លើ​នឹង​មិន​មាន​បញ្ហា​នោះ​ទេ ម៉្យាង​ទៀត​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​ក៏​មាន​ដំណើរការ​ល្អ​ផង ដែរ។

លោក​បាន​បញ្ជាក់​ថា​៖​«​អគារ LANDMARK គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នា​ចុង​ឆ្នាំ​២០១៦ គឺ​នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ពេញលេញ​ទៅក្នុង​តំបន់​ អាស៊ាន​ដូច្នេះ​ខ្ញុំ​គិត​ថា អគារ​នេះ​នឹង​ទទួល​ជោគជ័យ​ពីព្រោះ​ស្ថិត​នៅ​ទីតាំង​ល្អ នៅ​ភ្នំពេញ​»

ក្រុមហ៊ុន Hongkong Land គឺជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ក្នុង​ទ្វីប​អាស៊ី​ដែល​វិនិយោគ​ទៅលើ​ផ្នែក​ គ្រប់គ្រង​និង​ការ​អភិវឌ្ឍវិស័យ​អចលនទ្រព្យ។

ក្រុមហ៊ុន Hongkong Land​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅក្នុង​ទីក្រុង​ហុងកុង​នៅ​ឆ្នាំ​១៨៨៩។​ បច្ចុប្បន្ន​ក្រុមហ៊ុន​Hongkong Land បាន​ធ្វើ​សកម្មភាព​នៅ​ចិន​សិង្ហ​បុរី និង​ប្រទេស​ដទៃ​ជាច្រើន​នៅ​លើ​ពិភពលោក៕

No comments:

Post a Comment