Translate

Wednesday, September 11, 2013

វាសនា​កូន ទី៥

វាសនា​កូន ទី៥

ភ្នំពេញប៉ុស្តិ៍ ១០ កញ្ញា ២០១៣

តើ​រាជ​រដ្ឋាភិបាល​អាណត្តិ ទី៥​កើត​ឬ​មិន​កើត?

មាត្រា ៧៦ នៃ​រដ្ឋ​ធម្មនុញ្ញ​បាន​ចែង​ថា​រដ្ឋសភា​មាន​សមាជិក​តំណាង​រាស្ត្រ យ៉ាង​តិច ១២០ រូប​។ នេះ​មាន​ន័យ​ថា ហៅ​ថា​រដ្ឋសភា​បាន​វា​ទាល់​តែ​មាន​សុពលភាព​និង​មាន​នីតិកាល​ដែល​សុពលភាព​នឹង ​នីតិកាល​នេះ​វា​កើត​ឡើង​បាន​វា​ទាល់​តែ​មាន​សមាជិក ១២០ រូប​ដើម្បី​ផ្តល់​សុពលភាព​និង​បង្កើត​នីតិកាល​ថ្មី​នៃ​រដ្ឋសភា ហើយ​កិច្ច​ប្រជុំ​ដំបូង​ដើម្បី​ផ្តល់​សុពលភាព​ដល់​អ្នក​តំណាង​រាស្រ្ត​ជាប់​ ឆ្នោត​ម្នាក់ៗ​ក៏​ដូចជា​សុពលភាព​សភា​រួម​ទាំង​ការ​បង្កើត​នីតិកាល សភា​ថ្មី​នេះ​ផង​គឺ​ត្រូវ​ធ្វើ​ឡើង​តាម​មាត្រា ៨២ ថ្មី​ដែល​ចែង​ថា​រដ្ឋសភា​បើក​សម័យ​ប្រជុំ​ដំបូង ៦០ ថ្ងៃ​យ៉ាង​យូរ​ក្រោយ​ពេល​បោះឆ្នោត​តាម​ការ​កោះ​ប្រជុំ​របស់​ព្រះ​មហាក្សត្រ។

ព្រះ​មហាក្សត្រ​អាច​កោះ​ប្រជុំ​សភា​លើក​ដំបូង​បាន​ទាល់​តែ​សភា​ជា​ រដ្ឋសភា​ស្រប​ច្បាប់​ហើយ​រដ្ឋសភា ស្រប​ច្បាប់​បាន​ចង​រួច​ហើយ​ក្នុង​មាត្រា ៧៦ ដូច​នេះ​បើ​មាន​បក្ស​ណា​មួយ​ឬ​អ្នក​ណា​ម្នាក់​បង្ខំ​ឬ​ផ្តល់​យោបល់​ដល់​ព្រះ ​មហាក្សត្រ​ឲ្យ​កោះ​ប្រជុំ​និង​យាង​មក​ប្រជុំ​សភា​ដំបូង​ដោយ​រដ្ឋសភា មិន​មាន​សមាជិក​យ៉ាង​តិច ១២០ រូប​ទេ នោះ​មាន​ន័យ​ថា បក្ស​នោះ បុគ្គល​នោះ​បាន​រំលោភ​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​ខ្លឹមសារ​នៃ​ច្បាប់​កំពូល រដ្ឋ​ធម្មនុញ្ញ។ ក្នុង​ករណី​នេះ ព្រះ​មហាក្សត្រ​មិន​អាច​កោះ​ប្រជុំ​សភា​ដំបូង​បាន​ហើយ​សម័យ​ប្រជុំ​សភា​ ដំបូង​ក៏​មិន​អាច​កើត​មាន​ឡើង​បាន​ដែរ​បើ​សម័យ​ប្រជុំ​សភា​ដំបូង​លើក ទី១ មិន​អាច​ធ្វើ​បាន​ផង តើ​ធ្វើ​ម៉េច​នឹង​អាច​មាន​សម័យ​ប្រជុំ​សភា​លើក ទី២ ទៅ​កើត ដូចនេះ​មាត្រា ៨២ ថ្មី​ដែល​ចែង​ថា​មុន​ចាប់​ផ្តើម​ការងារ​របស់​ខ្លួន​រដ្ឋសភា​ត្រូវ​ប្រកាស​ សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នីមួយៗ​ត្រូវ​បោះឆ្នោត ជ្រើស​រើស​ដាច់​ដោយ​ឡែក​ពី​គ្នា​នូវ​ប្រធាន អនុ​ប្រធាន រដ្ឋសភា និង​សមាជិក​ទាំង​អស់​នៃ​គណៈកម្មការ​នានា​របស់​សភា ដោយ​មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល។

ក្នុង​ករណី​នេះ​មាត្រា ៨២ ថ្មី​មិន​អាច​អនុវត្ត​បាន​នោះ​មាត្រា ១១៩ ថ្មី (មាត្រា ១០០ ចាស់) នៃ​រដ្ឋ​ធម្មនុញ្ញ​ដែល​ចែង​ថា តាម​សេចក្តី​ស្នើ​ពី​ប្រធាន​ដោយ​មាន​មតិ​ឯកភាព​ពី​អនុ​ប្រធាន​ទាំង​ពីរ​នៃ រដ្ឋសភា ព្រះ​មហាក្សត្រ​ទ្រង់​ចាត់​តាំង​វរជន​មួយ​រូប​ក្នុង​ចំណោម​តំណាង​រាស្ត្រ​នៃ ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ឲ្យ​បង្កើត​រាជ​រដ្ឋាភិបាល​ហើយ​វរជន​ដែល​ត្រូវ​បាន​ ចាត់​តាំង​នេះ​នាំ​សហការី​ដែល​ជា​តំណាង​រាស្ត្រ​ឬ​ជា​សមាជិក​គណបក្ស​តំណាង​ នៅ​ក្នុង​រដ្ឋសភា ដែល​ផ្គូរផ្គង​ឲ្យ​កាន់​តំណែង​ផ្សេងៗ​ក្នុង​រាជ​រដ្ឋាភិបាល​ទៅ​សុំ​សេចក្តី ទុក​ចិត្ត​ពី​រដ្ឋសភា ហើយ​កាល​បើ​រដ្ឋសភា​បាន​បោះឆ្នោត​ទុក​ចិត្ត​ហើយ​នោះ ព្រះ​មហាក្សត្រ​ទ្រង់​ចេញ​ព្រះ​រាជក្រឹត្យ​តែង​តាំង​គណៈ​រដ្ឋ​មន្ត្រី​ទាំង​ មូល​នោះ​ក៏​មិន​អាច​អនុវត្ត​ទៅ​បាន​ជា​ដាច់​ខាត ព្រោះ​បើ​រដ្ឋសភា​មិន​ទាន់​កើត​ឡើង​ដោយ​ស្រប​ច្បាប់​ផង​ធ្វើ​ម៉េច​នឹង​អាច បោះឆ្នោត​ជ្រើស​រើស​ប្រធាន​សភា អនុ​ប្រធាន​ទាំង​ពីរ​នៃ រដ្ឋសភា ទៅ​កើត ហើយ​បើ​គ្មាន​ប្រធាន រដ្ឋសភា និង​អនុ​ប្រធាន រដ្ឋសភា ទាំង​ពីរ​ផង​តើ អ្នក​ណា​អ្នក​ស្នើ ហើយ​អ្នក​ណា​អ្នក​ឯកភាព ហើយ​បើ​គ្មាន​ការ​ស្នើ​គ្មាន​ការ​ឯកភាព​ផង តើ​ព្រះ​មហាក្សត្រ​ទ្រង់​ម៉េច​នឹង​អាច​ចាត់​តាំង​វរជន​មួយ​រូប​ទៅ​បង្កើត រដ្ឋាភិបាល​ទៅ​កើត?

គណបក្ស​ដែល​មាន​សំឡេង​ភាគ​ច្រើន​ក្នុង​សភា​ដែល នៅ​តែ​ចង់​បង្កើត​រាជ​រដ្ឋាភិបាល​នឹង​ទៅ​យក​មាត្រា ៣ នៃ​ច្បាប់​ធម្មនុញ្ញ បន្ថែម​ដើម្បី​រក​ច្រក​បង្កើត​រាជ​រដ្ឋាភិបាល​ឲ្យ​ទាល់​តែ​បាន ពីព្រោះ​មាត្រា ៣ បាន​ចែង​ថា​ក្នុង​ករណី​ដែល​ឃើញ​ថា​នីតិវិធី​នៃ​មាត្រា ៨២ និង ១១៩ ថ្មី​នៃ​រដ្ឋ​ធម្មនុញ្ញ​មិន​អាច​សម្រេច​បាន រដ្ឋសភា​តាម​សំណើ​របស់​គណបក្ស​ដែល​មាន​អាសនៈ​ច្រើន​ជាង​គេ​នៅ​ក្នុង​រដ្ឋសភា ​អាច​ដំណើរការ​ការ​បោះឆ្នោត​ជា​កញ្ចប់​ដើម្បី​ជ្រើស​តាំង​ប្រធាន អនុ ប្រធាន រដ្ឋសភា​ក៏​ដូច​ជា​ប្រធាន​និង​អនុ​ប្រធាន គណៈកម្មការ​ក្នុង​ពេល ជាមួយ​គ្នា​និង​ការ​ផ្តល់​សេចក្តី​ទុក​ចិត្ត​ចំពោះ​រាជ​រដ្ឋាភិបាល។
ខ្លឹមសារ​នៃ​មាត្រា ៣ នៃ​ធម្មនុញ្ញ​បន្ថែម​នេះ​មាន​ន័យ​ត្រឹម​តែ​ថា​ក្នុង ករណី​ជាប់​គាំង​ក្នុង​រដ្ឋសភា​គ្មាន​ការ​សម្រប​សម្រួល​គ្នា​រវាង​គ្រប់ គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា​នាំ​ដល់​ការ​មិន​អាច​បោះឆ្នោត ជ្រើស​រើស​ប្រធាន​និង​អនុ​ប្រធាន​ទាំង​ពីរ​នៃ​រដ្ឋសភា​បាន​រួម​ទាំង​មិន អាច​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​រាជ​រដ្ឋាភិបាល​បាន​គេ អាច​យក​មាត្រា ៣ នៃ​ធម្មនុញ្ញ​បន្ថែម​នេះ​មក​ដោះស្រាយ​ភាព​ទាល់​ច្រក ក៏​ប៉ុន្តែ​វា​អាច​ដោះស្រាយ​ចេញ​កើត​តាម​របៀប​នេះ ទាល់​តែ​រដ្ឋសភា​កើត​ឡើង​ដោយ​ស្រប​ច្បាប់​ក្នុង​សម័យ​ប្រជុំ​លើក​ដំបូង ក្រោម​អធិបតីភាព​របស់​អង្គ​ព្រះ​មហាក្សត្រ​ជា​មុន​សិន ដូច​នេះ​ខ្លឹមសារ​នៃ​មាត្រា ទី៣ នៃ​ធម្មនុញ្ញ​បន្ថែម​នេះ​មិន​មាន​ន័យ គ្រប​ដណ្តប់​រហូត​ទៅ​ដល់​ទាត់​ចោល​មាត្រា ៧៦ នៃ​រដ្ឋ​ធម្មនុញ្ញ​នោះ​ទេ។ ដូចនេះ​បើ​សភា​មិន​កើត​ឡើង​តាំង​តែ​ពី​សម័យ​ប្រជុំ​ដំបូង​មក​ផង​តើ​ធ្វើ​ ម៉េច​នឹង​យក​មាត្រា ទី៣ នៃ​ធម្មនុញ្ញ​បន្ថែម​នេះ​មក​ដោះស្រាយ​ភាព​ទាល់​ច្រក​នយោបាយ​ទៅ​កើត?
ការ​បោះឆ្នោត​ជា​កញ្ចប់​ក្នុង​ខ្លឹមសារ​មាត្រា ទី៣ នៃ​ធម្មនុញ្ញ​បន្ថែម​នេះ​មិន​អាច​កើត​ឡើង​ដាច់​ខាត​ព្រោះ​វា​បាន​ចង​ដោយ មាត្រា ទី៦ នៃ​ធម្មនុញ្ញ​បន្ថែម​នេះ​រួច​ទៅ​ហើយ​ក្នុង​ខ្លឹមសារ​ថា​ការ បោះឆ្នោត​ជា​កញ្ចប់​ខាង​លើ​នេះ​ត្រូវ​យក​តាម​មតិ​ភាគ​ច្រើន​ពីរ​ភាគ​បី​នៃ សមាជិក​រដ្ឋសភា​ទាំង​មូល​ដូច​ដឹង​ស្រាប់​បើ​ទោះ​គណបក្ស​ប្រជាជន​កម្ពុជា​ពិត ​ជា​ឈ្នះ​បាន ៦៨ កៅអី​មែន​ក៏​មិន​គ្រប់​សំឡេង​ពីរ​ភាគ​បី ដែរ​ដូច​នេះ​ធ្វើ​ម៉េច​នឹង​អាច​បោះ​ជា​កញ្ចប់​ទៅ​កើត​បើ​កញ្ចប់ ទី៥ នេះ បោះ​មិន​កើត តើ​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី៥​នេះ​កើត​ឡើង​ដោយ​របៀប​ម៉េច?

ពេល​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​តាម​រយៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ បោះឆ្នោត ថា​នឹង​យក​កៅអី​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មក​ធ្វើ​ការ​បែង​ចែក​ឲ្យ បក្ស​ផ្សេងៗ​ដែល​ចូល​រួម​ការ​បោះឆ្នោត​និយាយ​ឲ្យ​ចំ​ទៅ​យក​ទៅ​ចែក​បង្គ្រប់ ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់ ១២០ រូប​ដើម្បី​បង្កើត​សភា​ឯកបក្ស​និង​រាជ​រដ្ឋាភិបាល​ឯកបក្ស ប្រសិន​ជា​ករណី​នេះ​កើត​ឡើង​គឺ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​កិច្ច​ព្រម​ព្រៀង​ សន្តិភាព​ទីក្រុង ប៉ារីស ២៣ តុលា ១៩៩១ អំពី​កិច្ច​ព្រម​ព្រៀង​លើ​ដំណោះស្រាយ​នយោបាយ​នៃ​ជម្លោះ​កម្ពុជា ផ្នែក ទី៥ ស្តី​ពី​គោលការណ៍ សម្រាប់​រដ្ឋ​ធម្មនុញ្ញ​ថ្មី សម្រាប់​កម្ពុជា មាត្រា ២៣ ឧបសម្ព័ន្ធ ទី៥ ចែង ថា រដ្ឋ​ធម្មនុញ្ញ នឹង​ចែង​ថា កម្ពុជា​នឹង​អនុវត្ត​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី ឈរ​លើ​គោល​ការណ៍ ពហុ​បក្ស និង​រដ្ឋ​ធម្មនុញ្ញ ឆ្នាំ ១៩៩៣ មាត្រា ៥១ ថ្មី ចែង​ថា ព្រះ​រាជាណាចក្រ​កម្ពុជា អនុវត្ត​នយោបាយ ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ដែល​នៅ​ជា​ធរមាន។

ប៉ុន្តែ​បើ​ចង់​រំលោភ​រដ្ឋ​ធម្មនុញ្ញ ១៩៩៣ និង​កិច្ច​ព្រម​ព្រៀង ប៉ារីស ១៩៩១ ត្រង់​ចំណុច​នេះ​ក៏​មិន​អាច​ធ្វើ​បាន​ដែរ ព្រោះ​ដើម្បី​យក​អាសនៈ​គណបក្ស​មួយ​ទៅ​ចែក​ឲ្យ​គណបក្ស​មួយ​ទៀត​វា​ទាល់​តែ​ ស្រប​នឹង​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​មាត្រា ទី ១១៨ ថ្មី​ចំណុច “ង” ដែល​បាន​ចែង​ថា​ក្នុង​ករណី​គណបក្ស​នយោបាយ​ណា​មួយ​ទទួល​អាសនៈ​មួយ​ឬ​ច្រើន​ ក្នុង​រដ្ឋសភា ប៉ុន្តែ​គណបក្ស​នយោបាយ​នោះ​បាន​ប្រកាស​បោះបង់​ចោល​អាសនៈ​របស់​ខ្លួន​ឬ​ត្រូវ ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​តាម​ច្បាប់​ស្តី​ពី​ គណបក្ស​នយោបាយ​បញ្ជី​បេក្ខជន​និង​បេក្ខជន​នៃ​គណបក្ស​នយោបាយ​នោះ​ដែល​បាន​ ប្រកាស​ថា​ជាប់​ឆ្នោត​រួច​ហើយ​មិន​មាន​សុពលភាព​និង​មិន​មាន​គុណសម្បត្តិ​ទៅ​ ទៀត​បាន​ឡើយ​ក្នុង​ករណី​ខាង​លើ​នេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ត្រូវ​ធ្វើ​ការ​បែង​ចែក​អាសនៈ​ដែល​នៅ​ទំនេរ​នោះ​ក្នុង​រយៈ​ពេល​យ៉ាង​យូរ ៧ ថ្ងៃ​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ផ្សេង​ដែល​ទទួល​បាន​អាសនៈ ក្នុង ខេត្ត-ក្រុង ជាមួយ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មិន​ទាន់​បាន ប្រកាស​ដោយ​ផ្ទាល់​មាត់​ឬ​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ​ទាំង​ផ្លូវ​ការ​ឬ​ទាំង ​មិន​ផ្លូវ​ការ​ដោយ​តំណាង​ណា​ម្នាក់​ឬ​ដោយ​ថ្នាក់​ដឹក​នាំ កំពូល​ណា​ម្នាក់​របស់​គណបក្ស​ក៏​នៅ​មិន​ទាន់​មាន​ដែរ បើ​ដូច​នេះ​មាត្រា ១១៨ ថ្មី​មិន​ទាន់​អាច​យក​មក​អនុវត្ត​បាន​ទេ។

ជា​ចុង​ក្រោយ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​រំលោភ​នីតិរដ្ឋ​ធ្ងន់ធ្ងរ​ម្តង​ ហើយ ម្តង​ទៀត​ពី​សំណាក់​អ្នក​នយោបាយ​និង​ដើម្បី​ឲ្យ​ជាតិ​មាន​ស្ថិរភាព សន្តិភាព អភិវឌ្ឍ​រុង​រឿង​អ្នក​នយោបាយ​ខ្មែរ​គួរ​ធ្វើ​រឿង ៤ យ៉ាង ទី១.កែ​រដ្ឋ​ធម្មនុញ្ញ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ពី ៥០ ភាគរយ បូក ១ ទៅ​ប្រព័ន្ធ ២ ភាគ ៣ វិញ​ដើម្បី​ឯកភាព​ជាតិ និង​តុល្យភាព​អំណាច។

ទី២.កែ​រដ្ឋ​ធម្មនុញ​ដោយ​កំណត់​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី​ត្រឹម​ ពីរ​អាណត្តិ ១០ ឆ្នាំ​ព្រោះ​បើ​មិន​អ៊ីចឹង​ទេ​អំពើ ពុករលួយ អយុត្តិធម៌សង្គម បក្ខពួក គ្រួសារ​និយម​នឹង​សម្លាប់​មាតា​កម្ពុជា​ជា​មិន​ខាន។  

ទី៣.លុប ​ចោល​ធម្មនុញ្ញ​បន្ថែម​ជា​បន្ទាន់​ពី​ព្រោះ​វា​បាន​ធ្វើ​ឲ្យ​បែកបាក់​ជាតិ​ ធ្ងន់ធ្ងរ​ណាស់​និង​ធ្វើ​ឲ្យ​រដ្ឋ​ធម្មនុញ្ញ​ខ្មែរ​គ្មាន​តម្លៃ។ ទី៤.ឲ្យ ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​និង​ក្រុម​អ្នក​ជំនាញ​ច្បាប់​សរសេរ​ច្បាប់​ បកស្រាយ​រដ្ឋ​ធម្មនុញ្ញ​គ្រប់​ចំណុច​ដើម្បី​ទុក​ប្រើ​ជា​ច្បាប់​សម្រាប់​ ជាតិ​ក្នុង​គ្រប់​ទិដ្ឋភាព​ទៅ​ថ្ងៃ​អនាគត ទើប​យើង​មាន​នីតិរដ្ឋ​មួយ រដ្ឋ​ធម្មនុញ្ញ​មួយ​ដ៏​រឹង​មាំ​មាន​តម្លៃ​និង​ជា​អំនួត​សម្រាប់​កូន​ខ្មែរ​ ជំនាន់​ក្រោយ៕

សូរ សមយុទ្ធ កំពង់ឆ្នាំង Sosamyuth@gmail.com

No comments:

Post a Comment