ច្បាប់ខ្មែរមិនមានចែងឲ្យនិរាករណ៍ច្បាប់ចាស់ចំៗទេ
ភ្នំពេញប៉ុស្តិ៍ ០៦-០៩-២០១៣
លោក ផែង ហេង មេធាវីនៅក្រុមមេធាវី BBC LAW FIRM។ រូបថត សហការី
លោក មេធាវី ផែង ហេង បានផ្តល់កិច្ចសម្ភាស ពិសេសជាមួយកាសែត ភ្នំពេញ ប៉ុស្តិ៍ ជុំវិញការអនុវត្តច្បាប់ ការកាត់សេចក្តីរបស់តុលាការ និងការពង្រឹងនីតិរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារជាអាទិ៍ ដូចខាងក្រោមនេះ ៖
លោកបានក្លាយជាមេធាវីនៅឆ្នាំណា?
ខ្ញុំចូលប្រកបវិជ្ជាជីវៈមេធាវីនៅឆ្នាំ ២០០៨។
ក្នុងអាជីពជាមេធាវីនេះ ភាគច្រើនតើលោកការពារលើប្រភេទរឿងក្តីអ្វីជាពិសេស? (រឿងព្រហ្មទណ្ឌ រឿងស៊ីវិលឬសេដ្ឋកិច្ច) និងធ្លាប់ជួយការពារក្តីបានប៉ុន្មានករណីដែរ?
ក្នុងពេលប្រកបវិជ្ជាជីវៈមេធាវី គឺខ្ញុំការពាររឿងក្តីទូទៅទាំងរឿងព្រហ្មទណ្ឌ ទាំងរឿងស៊ីវិល។ រឿងព្រហ្មទណ្ឌប្រមាណ ៥០ រឿង ហើយរឿងស៊ីវិល ប្រមាណជាង ៣០ រឿង។ ក្រៅពីនេះ គឺពិគ្រោះយោបល់ច្បាប់ក្រុមហ៊ុន និងកិច្ចសន្យា។
ក្នុងចំណោមសំណុំរឿងធំៗដែលលោក បានការពារ តើលោកធ្លាប់ជួបសំណុំរឿងធំៗ និងជនជាប់ចោទ ឬជនរងគ្រោះសំខាន់ៗ គួរឲ្យកត់សម្គាល់ណាខ្លះ តើលោកអាចបញ្ជាក់ ប្រាប់បានទេ?
ក្នុងចំណោមសំណុំរឿងធំៗដែលខ្ញុំបាន ការពារភាគច្រើនជារឿងព្រហ្មទណ្ឌ បទឧក្រិដ្ឋដែលកូនក្តីភាគច្រើនជាជនបរទេស មានជនជាតិ កូរ៉េ អាហ្វ្រិក អាមេរិក ជាដើម និងខ្មែរប្រមាណ ៣០ ភាគរយ។ ខ្ញុំសុំរក្សាសិទ្ធិមិនប្រាប់ឈ្មោះកូនក្តីទេ។
តើលោកគិតថា អ្វីជាការប្រឈមនៅក្នុងការបំពេញតួនាទីជាមេធាវីរបស់លោកកន្លងមកនិងសព្វថ្ងៃនេះ?
ជាមេធាវី ខ្ញុំបានកត់សម្គាល់ឃើញមានបញ្ហាប្រឈមជាអាទិ៍ ចំពោះបទល្មើសព្រហ្មទណ្ឌ ការស៊ើបអង្កេត ច្បាប់តម្រូវឲ្យតុលាការ យករបាយការណ៍ស៊ើបអង្កេតរបស់ប៉ូលិសធ្វើជាមូលដ្ឋាន ដាក់បន្ទុកក្នុងការចោទប្រកាន់ជនត្រូវចោទ រហូតដល់មានភ័ស្តុតាងផ្ទុយ។ ការស្វែងរកភ័ស្តុតាងផ្ទុយនេះ ជនត្រូវចោទក្តី ឬមេធាវីក្តី គឺពិបាកស្វែងរកណាស់ ពីព្រោះស្រុកខ្មែរសាក្សីមិនចង់ចូលមកបំភ្លឺក្នុងតុលាការទេ ជាពិសេសរឿងបទឧក្រិដ្ឋធំៗនេះតែម្តង ឬមួយចៅក្រមខ្លះយល់ឬគិតថា ភ័ស្តុតាងឬសាក្សី ឬការអះអាងខ្លះរបស់ជនត្រូវចោទឬមេធាវី គឺជាលេសដោះបន្ទុក។
រឿងក្តីខ្លះដើមបណ្តឹងរដ្ឋប្បវេណីរាយការណ៍ដាក់បន្ទុកនៅ ការិយាល័យប៉ូលិសតែម្តងគត់ ហើយរាល់ដំណាក់កាលស៊ើបអង្កេតបន្តបន្ទាប់មកទៀត និងពេលសវនាការ គាត់ មិនបានចូលរួមទេ។ នេះជាហេតុធ្វើឲ្យអង្គសវនាការពិចារណាតែលើ កំណត់ហេតុរបស់ប៉ូលិស បើទោះជាចង់សួរអង្គហេតុលើសពីនេះ ក៏មិនអាចសួរបាន។ ចំពោះដំណើរការរឿងក្តី ជាពិសេសរឿងរដ្ឋប្បវេណី ដោយសារតុលាការមានសមត្ថកិច្ចលើរឿងក្តីទាំងអស់ដូចនេះធ្វើឲ្យរឿង ក្តីទាំងអស់ប្រមូលផ្តុំមកសាលាដំបូងតែមួយកន្លែងទើបចាត់ការមាន ការ យឺតយ៉ាវ រាប់ឆ្នាំចំពោះរឿងក្តីខ្លះ។
សព្វថ្ងៃតើលោកគិតថា ការអនុវត្តច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានស្ថានភាពយ៉ាងណាដែរ? លោកមានមតិឬយោបល់យ៉ាងណា?
ច្បាប់ខ្មែរមិនដែលមានចែងឲ្យ និរាករណ៍ច្បាប់ចាស់ណាមួយឲ្យចំទេ គឺគ្រាន់តែចែងថា បើផ្ទុយនឹងច្បាប់ថ្មី គឺចាត់ទុកជានិរាករណ៍។ ច្បាប់អាចអនុវត្តបានគ្រប់ជ្រុងជ្រោយ មិនបារម្ភ មានបទល្មើស គ្មានច្បាប់ដាក់ទោសទេ ថ្វីដ្បិតយើងនៅខ្វះច្បាប់ស្តីពីការគ្រប់គ្រងស្ថាប័ននិង មន្ត្រីអនុវត្តច្បាប់មួយចំនួន។ យើងគ្រាន់តែពង្រឹង និងធ្វើវិសោធនកម្មច្បាប់មានស្រាប់ឲ្យច្បាប់ឬមាត្រាច្បាប់ខ្លះ ឲ្យបំពេញឲ្យគ្នាទៅវិញទៅមក ហើយបំពេញបន្ថែមដោយច្បាប់ខ្លះឲ្យដើរទាន់ការវិវឌ្ឍនៃស្ថាប័ននិង ច្បាប់អន្តរជាតិ។
តើលោកយល់ថា ការកាត់ក្តីរបស់តុលាការលុះដោយគតិច្បាប់និងយោងតាមមាត្រាច្បាប់របស់កម្ពុជាត្រឹមត្រូវដែរទេ?
សមត្ថភាពមន្ត្រីកំពុងបម្រើការក្នុងវិស័យយុត្តិធម៌ និងតុលាការខ្មែរមិនអន់ទេ។ចំណុចដែលសាធារណជនមើលឃើញថាអន់ ឬថាការសម្រេចសេចក្តីមិនយុត្តិធម៌នោះគឺដោយសារពួកគាត់មើលឃើញ លទ្ធផលមួយជ្រុង នៃសេចក្តីសម្រេចពាក់ព័ន្ធរឿងក្តី មួយចំនួន ដែលគាត់មើលឃើញអ្នកមានអំណាច មានលុយលូកនិងយល់ថា ទង្វើនេះធ្វើឲ្យបាត់បង់ឯករាជភាពរបស់ចៅក្រម។ តែខ្ញុំសង្ឃឹមថា អនាគតឆាប់ៗនេះពួកគាត់នឹងយល់និងមើលឃើញ អ្នកមានអំណាចមានលុយ មិនមានឥទ្ធិពលលើមន្ត្រីបម្រើការក្នុងវិស័យយុត្តិធម៌ និងតុលាការខ្មែរឡើយ។
តាមលោកមេធាវី តើសព្វថ្ងៃនេះព្រះរាជាណាចក្រកម្ពុជាមានច្បាប់គ្រប់គ្រាន់ដើម្បីការពារផលប្រយោជន៍អ្នកវិនិយោគទុន ឬ ពាណិជ្ជករបរទេស ឬសម្រាប់កាត់សេចក្តី លើវិវាទដែលពាក់ព័ន្ធនឹងការវិនិយោគទុន ឬ ការធ្វើពាណិជ្ជកម្មហើយឬនៅ?
សព្វថ្ងៃនេះ ព្រះរាជាណាចក្រកម្ពុជាមានច្បាប់គ្រប់គ្រាន់សមល្មមដែរហើយ ប៉ុន្តែបើនិយាយពីច្បាប់ដើម្បីការពារផលប្រយោជន៍អ្នកវិនិយោគទុន ឬពាណិជ្ជករបរទេស ឬក៏ សម្រាប់កាត់សេចក្តីលើវិវាទដែលពាក់ព័ន្ធនឹងអ្នកវិនិយោគទុន ឬពាណិជ្ជករនោះនៅមិនទាន់គ្រប់គ្រាន់ទេ។ អ្វីដែលសាធារណជនមើលឃើញថា មិនទាន់គ្រប់គ្រាន់នោះ គឺដោយសារកម្ពុជាយឺតយ៉ាវ ក្នុងការបង្កើតស្ថាប័នអនុវត្តច្បាប់មួយចំនួនហើយនិងការធ្វើកំណែ ទម្រង់ស្ថាប័នមិនទាន់ឆ្លើយតបនឹងការវិវឌ្ឍច្បាប់និងស្ថាប័ន អន្តរជាតិនៅឡើយ។
ចំណុចសំខាន់គឺ ដោយសារជំនឿទុកចិត្តរបស់អ្នកវិនិយោគទុនឬពាណិជ្ជករតែប៉ុណ្ណោះ។ នេះដោយសារតែពួកគេយល់ថា ស្ថាប័ននិងមន្ត្រីអនុវត្តច្បាប់ ជាពិសេសស្ថាប័នតុលាការមិនទាន់ឯករាជ្យទាំងស្រុងដាច់ចេញពីស្ថាប័ន ដទៃទៀត និងកំពុងរងឥទ្ធិពលពីអ្នកមានអំណាច និងមានលុយកាក់។
ដើម្បីចូលរួមលើកតម្កើងការគោរព និងអនុវត្តច្បាប់ និងជំរុញនីតិរដ្ឋនៅកម្ពុជា តើលោកយល់ឃើញឬមានសំណូមពរយ៉ាងណាខ្លះ ទៅមេដឹកនាំប្រទេសអាណត្តិថ្មី ដែលនឹងប្រសូតចេញពីការបោះឆ្នោតលើកនេះ?
ដើម្បីលើកតម្កើង គោរព និងអនុវត្តច្បាប់ឲ្យទៅជានីតិរដ្ឋនៅកម្ពុជា ខ្ញុំសូមឲ្យគ្រប់គណបក្សនយោបាយទាំងអស់ ជាពិសេសគណបក្សកាន់អំណាច ដែលត្រូវបានប្រសូត ចេញពីការបោះឆ្នោតឆ្នាំ ២០១៣ នេះ ត្រូវដាក់ចេញនូវនយោបាយច្បាស់លាស់មួយប្រកាសជាសាធារណៈថា៖ មិនយកនិងមិនទទួលយកស្ថាប័នតុលាការនិងមន្ត្រីតុលាការ ឲ្យបម្រើឬចូលពាក់ព័ន្ធជាមួយនឹងគណបក្សនយោបាយគ្រប់រូបភាព ឬធ្វើជាសមរភូមិប្រយុទ្ធរបស់អ្នកនយោបាយ អ្នកមានអំណាច និងអ្នកមានលុយឡើយ។ ត្រូវធានាការអនុវត្តអំណាចឯករាជ្យរបស់តុលាការ និងមិនជះឥទ្ធិពលលើគ្នាទៅវិញទៅមក រវាងអំណាច នីតិប្រតិបត្តិ អំណាចនីតិប្បញ្ញត្តិ និងអំណាចតុលាការ។ ត្រូវទុកឲ្យមន្ត្រីតុលាការនិងមន្ត្រីមុខងារសាធារណៈបំពេញការងារ ដោយអព្យាក្រឹត និងមិនឲ្យបម្រើឬចូលពាក់ព័ន្ធជាមួយនឹងគណបក្សនយោបាយដើម្បីកុំឲ្យ សាធារណជនទូទៅបាត់បង់ជំនឿលើស្ថាប័នតុលាការនៅកម្ពុជាតទៅទៀត៕
No comments:
Post a Comment