Translate

Thursday, September 5, 2013

សម្ល​កកូរ

សម្ល​កកូរ



ភ្នំពេញប៉ុស្តិ៍ ០៣-០៩-២០១៣

ចាប់​តាំង​ពី​ថ្ងៃ​បោះ​ឆ្នោត​ទី​២៨​កក្ក​ដា​មកដល់​ពេល​នេះ​មាន​រយៈពេល​ ជាង​៣០​ថ្ងៃ មក​ហើយ ហើយ​កម្លាំងចល័ត​ទ័ព ​រថក្រោះ​ ចូល​រាជធានី​ចាប់​តាំង​ពី​ល្ងាច​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​ ដែល​បាន​ធ្វើ​ឲ្យ​រាស្ត្រ​នាំ​គ្នា​ភ័យ​ ដេក​មិន​លក់​ បក់​មិន​ល្ហើយ​ កុំ​ថា​តែ​ពូ​ស៊ីក្លូ​ ដេក​នៅ​មាត់​ទន្លេ​ក​ណ្តាល​វាល​ថា​ក្តៅ ​សូម្បី​តែ​អ្នក​មាន​ដេក​បន្ទប់​ម៉ាស៊ីន​ត្រជាក់​ ដាក់​ចង់​ដក​សូន្យ​អង្សា​ក៏​នៅ​តែ​ខ្មៅ​ភ្នែក​ដែរ​ ព្រោះ​ដេក​មិន​លក់។ លើស​ពី​នេះ​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ក៏​ចំ​ណេញ​មិន​ស្ទើរ​ដែរ​ ព្រោះ​តែ​ទាក់ទង​ទៅ​រក​សាច់ញាតិ​ អ្វីដែល​ធ្វើ​ឲ្យ​បេះ​ដូង​លោត​កាន់​តែ​ញាប់​គឺ​ពាក្យ​ថា​មហា​បាតុកម្ម​។ ខ្លះ​បាន​និយាយ​លួង​ចិត្ត​ថា​ កុំ​ភ័យ​!​ កុំ​ភ័យ​!​ កុំ​ភ័យ​ឲ្យ​សោះ​ មហា​បាតុកម្ម​នេះ​មិន​កើត​ឡើង​ទេ​ ដាច់​ខាត​មិន​កើត​ទេ​។

គេ​ធ្វើ​លេង​ដូច​មែន​ មែន​ដូច​លេង​ បើ​អ៊ីចឹងថាតើ​ធ្វើ​លេង​ឬ​ធ្វើ​មែន​?​ ចម្លើយ​គឺ​លេង​ទេ​ តែ​ត្រូវ​ធ្វើ​ឲ្យ​ដូច​មែនទែន​ទើប​អ្នកមើល​ទះដៃ​ ហើយ​បន្លំ​ភ្នែក​ខាង​កើត​ផង​។ ​មែន​ ឬ​មិនមែន វា​ទាល់​តែ​គណៈ​កម្មការ​ពិសេស​ស៊ើប​អង្កេត​ចេញ​ ឬ មិន​ចេញ​?

សម្លកកូ​រមួយ​ឆ្នាំង​នេះ​ គឺ​ស្ល​មិន​ឆ្អិន​ទេ​ មិ​ន​មែន​មេ​ចុងភៅ ​និង​កូន​កាំ​បិត​ មិន​ត្រូវ​គ្នា​ គ្មាន​សមត្ថ​ភាព ​ហើយ​ក៏​មិនមែន​ខ្វះ​បន្លែ​ ខ្វះ​គ្រឿង​ ខ្វះ​ទឹក​ ហើយ​រឹត​តែ​មិន​មែន​ខ្វះ​សាច់​ ហើយ​និង​ភ្លើង​ដែរ​ មាន​សាច់​មួយ​ដុំ​ធំ​ទុក​ជាង​មួយ​ខែ​ ឡើង​ចង់​ផ្អូម​ទៅ​ហើយ​ ព្រោះ​ចែក​គ្នា​មិន​ដាច់​ស្រេច​ មិន​ដឹង​ស្ងោរ ឬ​ឆា​ មិន​ដឹង​ថា​ ត្រូវ​ចៀន​ឬ​ត្រូវ​អាំង​ មិន​ដឹង​ធ្វើ​ទាំង​អស់​ឬ​កាត់​ទុក​មួយ​ដុំ​ ចំណែក​ភ្លើង​វិញ​គឺ​ឆេះ​មួយ​នគរ​ ឆេះ​ឡើង​ចង់​រលត់​ទៅ​វិញ​ហើយ​ដែរ​។​ យុទ្ធ​សាស្ត្រ​វាយ​ក្រុង​និង​យុទ្ធ​សាស្ត្រ​ការ​ពារ​ក្រុង​គឺ​ខុស​គ្នា​ បើ​វាយ​មែន​គឺ​វាយ​យូរ​ហើយ​ មិន​ចាំ​ដល់​ពេល​នេះ​ទេ​។ ​ពាក្យ​ថា​បាតុ​កម្ម​គឺ​ខុស​គ្នា​ពី​រដ្ឋ​ប្រហារ​។ អ្នក​នយោ​បាយ​គួរ​រៀន​ពាក្យ​ខ្មែរ​ ដោយ​មើល​វចនានុក្រម​សម្តេច​ជួន​ណាត​ ឲ្យ​ច្រើន​ បើ​មិន​អ៊ីចឹង​ លោក​សុគត​បិទ​ភ្នែក​មិន​ជិត​ទេ​។

ដល់​ត្រង់​ចំណុច​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​រឿង​ស៊ុន​ ឈាន​ នគរ​តុង​អ៊ូ​ ហៅ​ទី​ប្រឹ​ក្សា​លូ​ស៊ូ ​ឲ្យ​ទៅទាម​ទារ​ក្រុង​ជីង​ចូវ ​ពី​ព្រះ​បិតុលា​ លីវ​ប៉ី​។​ លូ​ស៊ូ​សួរ​ម្ចាស់​ខ្លួន​ថា​ «បើ​​លោក​ម្ចាស់​ជា​ លីវ​ ប៉ី​ វិញ​ តើ​លោក​ម្ចាស់​គិត​យ៉ាង​​ម៉េច​?»​លោក​ម្ចាស់​ប្រាកដ​ជា​មិន​ឲ្យ​​ មិន​ឲ្យ​ជា​​ដាច់​ខាត​ ហើយ​ថែម​ទាំង​រក​លេស​នេះ​លេស​នោះ​ មក​បក​ស្រាយ​ដើម្បី​កាន់​កាប់​ក្រុង​បន្ត​។ ដំបូង​ថា​គ្មាន​ក្រុង​ឈរ​ជើង​ ធ្វើ​បន្ទាយ​ ដាក់​ទា​ហាន​ ដល់​ឥឡូវ​បាន​ក្រុង​តូច​ ស៊ី​ឈ័ន​ហើយ​ក៏​ដោយ​ ក៏​ប្រាកដ​ជា​យក​លេស​ថា​ បន្ទាយ​សង់​មិន​ទាន់​ហើយ​ មេឃ​ភ្លៀង​ ដី​សើម​ សេះ​ចាស់​ ទាហាន​ខ្សោយ​ ជា​មិន​ខាន​។

ស៊ុន​ឈាន​ក៏​សួរ​ទី​ប្រឹ​ក្សា​បន្ត​«​បើ​អ៊ីចឹង​យើង​មិន​បាច់​ទារ​ទេ​ អីលូ​ស៊ូត​ប​ថា ​«ទារ​គឺ​ត្រូវ​តែ​ទារ​ដាច់​ខាត​បើ​ទោះ​បី​ទារ​មិន​បាន​ក៏​ត្រូវ​តែ​ទារ​។​ ខាង​គេ​មាន​លេស​ តែ​ខាង​យើង​មាន​ហេតុ​ផល​ត្រឹម​ត្រូវ​ ត្រូវ​ទារ​ តែ​មិន​អាច​ប្រើ​តែ​មាត់​ទារ​ទេ​ គឺ​ត្រូវ​យក​ដាវ​ទៅ​ជា​មួយ​»។​ អ្នក​ទារ​ ទៅ​ទារ​ ចំ​ណែក​​អ្នក​នៅ​បន្ទាយ​ត្រូវ​ទូង​ស្គរ​ សំ​លៀង​ដាវ​ ប្រមូល​ទ័ព​ រៀបចំ​ស្បៀង​ ត្រៀម​ចម្បាំង​ ស្រែក​ហ៊ោ​កង​រំពង​។ បំណុល​លើក​នេះ​ គឺ​ទុក​កាន់​តែ​យូរ​ កាន់​តែ​ច្រើន​ កាន់​តែ​ថ្លៃ​។

អ្នក​មិន​ចង់​ឲ្យ​កើត​បាតុ​កម្ម​ជាង​គេ​គឺ​មិន​មែន​ជំរំ​ព្រះ​អា​ទិត្យ​ ទេ​គឺ​បន្ទាយ​ទេវតា​តែ​ម្តង​។​ ក្នុង​៣០​ថ្ងៃ​នេះ​ ដោយ​សារ​តែ​ភ័យ​ខ្លាច​ កសិករ​លែង​ចង់​ដាំ​ស្រូវ​ អាជីវករ​លេង​ចង់​ទិញ​អីវ៉ាន់​ អ្នក​នេសាទ​លេង​ចង់​រក​ត្រី​ ​អ្នក​ដឹក​ចេញ​លេង​ចង់​ដឹក​ អ្នក​យក​ចូល​មិន​ហ៊ាន​ដឹក​ចូល​ ធ្វើ​ឲ្យ​ស្បៀង​នគរ​ធ្លាក់​​ចុះ​មិន​ស្ទើរ​ នេះ​ជា​ហេតុ​ផល​ទី​មួយ។​ ចំ​ណែក​ទី​២​ បើ​សិន​ជា​ទុក​ឲ្យ​ឆេះ​មែន​ កុំ​ថា​ឡើយ​យក​ទឹក​ទន្លេ​ចតុមុខ​ ទោះ​ដង​ពី​ទន្លេ​សាប​មក​ទៀត​ ក៏​ពន្លត់​មិន​ឈ្នះ​ដែរ​។​ បើ​ដើរ​ទៅ​មុខ​ ចំ​ណេញ​ម្នាក់​បន្តិច​ ហេតុ​អី​ក៏​មិន​ថយ​ក្រោយ​បន្តិច​ ដើម្បី​ចំណេញ​ច្រើន​ទាំង​អស់​គ្នា​?​ ម្នាក់​ៗ​មាន​គំនាប​រៀងៗ​ខ្លួន​ គាប​ក្នុង​ គាប​ក្រៅ ​ចង់​ដាច់​ខ្យល់​ទៅ​​ហើយ​ចង់​យំ​ តែ​មិន​ហ៊ាន​ហូរ​ទឹក​ភ្នែក​ ចង់​ស្រែក​តែ​មិន​ហ៊ាន​ហា​មាត់​ ចង់​ឲ្យ​កូន​គេ​ ខ្លាច​អត់​កូន​ឯង​ បើ​ទុក​ឲ្យ​កូន​ឯង​ទាំង​អស់​គេ​មិន​ព្រម​។​ ចែក​គឺ​ច្បាស់​ជា​ចែក ​ឲ្យ​គឺ​ច្បាស់​ជា​ឲ្យ​ តែ​រង់ចាំ​ឱកាស​ កាលៈ​ទេសៈ​ល្អ​សិន។

ដូច​នេះ ​សម្លកកូ​រមួយ​ឆ្នាំង​នេះ​ បើ​ទោះ​បី​ជា​ស្ល​មិន​ឆ្អិន​ ក៏​ត្រូវ​តែ​ស្ល​ ហើយ​ត្រូវ​ស្ល​ឆ្នាំង​ធំ​ ចង្ក្រាន​ធំ​ទៀត​ផង​ ដើម្បី​ដាក់​សាច់​ច្រើន​ បន្លែ​ច្រើន​ គ្រឿង​ច្រើន​ ទឹក​ច្រើន​ ហើយ​ថែម​ទាំង​ដុត​ ភ្លើង​ឲ្យ​ខ្លាំង​ ឲ្យ​ក្តៅ​ដល់​ភូមិ​បាល​ ឲ្យ​ឈ្ងុយ​ដល់​ទេវតា​ ដើម្បី​ត្រៀម​ចម្អែត​រាស្ត្រ​មួយ​នគរ​តែ​សម្ល​នេះ​ចម្លែក​បន្តិច​ គឺ​ស្លទុក​មើល​ ស្ល​ទុក​សែន​ទេ​ ញ៉ាំមិន​បាន​ទេ​ តែ​ក៏​ល្អ​ដែរ​ មាន​សម្ល​ខ្លះ​ស្ល​ហើយ​ទុក​មើល​ ក៏​​មាន​រសជាតិ​​ឆ្ងាញ់​ជាង​បានញ៊ាំ​ទៅ​ទៀត​ មិន​ចាំ​បាច់​ភ្លក្សវា​ទេ​ គ្រាន់​តែ​ហិត​ក្លិន​គឺ​ដឹង​ឆ្ងាញ់​ក៏​ពេញ​ចិត្ត​ដែរ​ អ៊ីចឹង​ត្រូវ​​មើល​មេ​ចុងភៅ​ ​និង​កូន​កាំបិត​ តើ​ពូ​កែ​ប៉ុនណា​?​ តែ​ចាំ​ថា​ សម្ល​មួយ​ឆ្នាំង​​គឺ​មិន​មែន​សម្រាប់​មួយ​បន្ទាយ​ព្រះអា​ទិត្យ​នោះ​ទេ​ តែ​គឺ​ស​ម្រាប់​រាស្ត្រ​មួយ​នគរ​ ដូច​​នេះ​ត្រូវ​ប្រ​យ័ត្ន​ ត្រូវ​រើស​អុស​ រើស​បន្លែ​ រក​ទឹក​ល្អ​មួយ​ឆ្នាំង​ បើ​​មិន​អ៊ីចឹង​ទេ​ ​មិន​ទាន់​ឆ្អិន​សាច់​ផង​ ឆេះ​បន្ទាយ​ខ្លួន​ឯង​គឺ​ចប់​​ ហើយ​ក៏​មិន​ត្រូវ​បង្ខំ​ភ្លើង​ពេក​ដែរ​ ព្រោះ​អាច​នឹង​ខ្លោច​ រសជាតិ​​លែង​ឆ្ងាញ់​​។​ ការ​ពិត​សម្ល​កកូរ គឺ​ត្រូវ​ដាក់​បន្លែ​ច្រើន​ តែ​កុំ​ច្រើន​មុខ​ពេក​ព្រោះ​វា​អាច​ក្លាយ​ទៅ​ជាបបរ​ជ្រូក​ទៅ​វិញ​។

គណៈ​កម្ម​ការ​ពិ​សេស​ ច្បាស់​ជា​កើត​មុន​ថ្ងៃ​ទី​៧​ ខែ​កញ្ញា។​ ការ​ដោះ​ស្រាយ​ដោយ​សន្តិ​វិ​ធី​ គឺ​មាន​ន័យ​ថា​ នគរ​សុខ​។​ នគរ​បាន​សុខ​ គឺ​មាន​ន័យ​ថា​ រាស្ត្រ​ជា​អ្នក​ឈ្នះ​។ រាស្ត្រ​ឈ្នះ​ គឺ​មាន​ន័យ​ថា​ នគ​រ​រុង​រឿង​។​ សម្ល​មួយ​ឆ្នាំង​នេះ​ មិន​ឆ្អិន​ទេ​ បើ​ស្ល​តែ​ម្នាក់​ឯង ​ដូច​នេះ​គឺ​ដល់​ពេល​បន្ទាយ​ទេវ​តា​ បញ្ជូន​មេ​ចុង​ភៅ​ម្នាក់​ មក​​ជួយ​ស្ល ទើប​ឆ្អិន​ល្អ​ ហើយ​កុំ​ភ្លេច​យក​ចាន​មួយ​មក​ផង​។ ​បើ​ពេល​នេះ​មេ​ៗ​ចុង​ភៅ ​បាន​ជា​ស្ល សម្ល​កកូ​រមួយ​ឆ្នាំង​ធំ​ជា​មួយ​គ្នា​ទៅ​ហើយ​ អ៊ីចឹង​ដល់​​ពេល​ភ្ជុំបិណ្ឌ​ នាំ​គ្នា​មក​វេច​នំ​អន្សម​ជា​មួយ​គ្នា​មួយ​ខ្ទះ​ទៀត​ទៅ ​ហើយ​ឲ្យ​ចេះ​ជួយ​គ្នា​ រាប់​រក​គ្នា​អ៊ីចឹង​រហូត​ទៅ​។ ​មន្ត្រី​ត្រូវ​គ្នា​រាស្ត្រ​បាន​សុខ​។
 

ពី​និស្សិត​ក្មេងវត្ត​ កូន​អ្នកស្រែ​ សូរ សមយុទ្ធ Sosamyuth@gmail.com កំពង់ឆ្នាំង

No comments:

Post a Comment