Translate

Wednesday, September 18, 2013

ក្រុមហ៊ុន ហ្វីលីពីន អ៊ែរឡាញ គ្រោង​នឹង​ធ្វើការ​ហោះ​ហើរ​មក​កាន់​កម្ពុជា

ក្រុមហ៊ុន ហ្វីលីពីន អ៊ែរឡាញ គ្រោង​នឹង​ធ្វើការ​ហោះ​ហើរ​មក​កាន់​កម្ពុជា


ភ្នំពេញប៉ុស្តិ៍ ១៨ កញ្ញា ២០១៣

ភ្នំពេញៈ ក្រុមហ៊ុន ហ្វីលីពីន អ៊ែរឡាញ គ្រោង​នឹង​ដំណើរការ​ជើង​ហោះ​ហើរ​រវាង​ប្រទេស ហ្វីលីពីន និង កម្ពុជា ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​បំបែក​ភាព​ផ្ដាច់​មុខ​របស់​ក្រុមហ៊ុន​ជា​គូ​ប្រកួត​ប្រជែង​ក្នុង​ ស្រុក Cebu Pacific Air ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ខែ មេសា ឆ្នាំ​មុន។

លោក វណ្ណ ចន្ធី ប្រធាន​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​នៃ​រដ្ឋ​លេខាធិការ​អាកាសចរ​ស៊ីវិល ​កម្ពុជា បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ទទួល​លិខិត​ពី​សមភាគី​ហ្វីលីពីន​របស់​ខ្លួន​ដែល​បញ្ជាក់​ថា ក្រុមហ៊ុន​នេះ​គ្រោង​នឹង​ហោះ​ហើរ​មក​ប្រទេស កម្ពុជា។ លោក​បន្ថែម​ថា ពួក​គេ​មិន​មាន​ព័ត៌មាន​លម្អិត​នៅ​ឡើយ​ទេ​អំពី​ថា​តើ​នឹង​ហោះ​ហើរ​ផ្ទាល់ ជាមួយ​ខេត្ត សៀមរាប ឬ ក៏​ទីក្រុង ភ្នំពេញ​នោះ​ទេ។

ក្រុមហ៊ុន ហ្វីលីពីន អ៊ែរឡាញ បាន​កាន់​កាប់​ភាគ​ហ៊ុន ៤៩ ភាគរយ​នៅ​ក្នុង​ក្រុមហ៊ុន កម្ពុជា អ៊ែរឡាញ ដែល​បាន​បង្កើត​ឡើង​ថ្មី។ ក្រុមហ៊ុន កម្ពុជា អ៊ែរឡាញ គ្រោង​នឹង​ហោះហើរ​ទៅ​ប្រទេស ហ្វីលីពីន​ផង​ដែរ។ លោក​បន្ត​ថា៖ «ពួក​គេ​មាន​បញ្ហា​ផ្សេង​គ្នា។ ក្រុមហ៊ុន​អាកាសចរណ៍ កម្ពុជា អ៊ែរឡាញ ហោះ​ហើរ​ទៅ​ប្រទេស ហ្វីលីពីន គឺ​ចេញ​ពី​ភាគី​កម្ពុជា។ ក្រុមហ៊ុន ហ្វីលីពីន អ៊ែរឡាញ ទោះ​បីជា​ពួកគេ​ជា​ភាគហ៊ុនិក​ក្រុមហ៊ុន កម្ពុជា អ៊ែរឡាញ ក៏​ដោយ ប៉ុន្តែ​វា​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល របស់ ហ្វីលីពីន»។

លោក Mark Hanna ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​គ្រប់​គ្រង​ភាគហ៊ុន ៥១ ភាគរយ​របស់​ក្រុមហ៊ុន កម្ពុជា​អ៊ែរឡាញ និយាយ​កាល​ពី​ម្សិលមិញ​ថា លោក​មិន​បាន​ទទួល​ដំណឹង​អ្វី​ទាំង​អស់​អំពី​ផែនការ​របស់​ក្រុមហ៊ុន ហ្វីលីពីន អ៊ែរឡាញ ហើយ​ថា​លោក​ត្រូវ​តែ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​ពី​ព័ត៌មាន​នេះ​ជា​មុន​សិន​មុន ​នឹង​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​តែ​លោក​បាន​បន្ត​ថា ក្រុមហ៊ុន អាកាសចរណ៍ កម្ពុជា អ៊ែរឡាញ គ្រោង​នឹង​ដំណើរការ​ជើង​ហោះ​ហើរ​ឆ្ពោះ​ទៅ​ប្រទេស ហ្វីលីពីន ក្នុង​រង្វង់​ពីរ​ខែ​ក្រោយ​នេះ។

ស្ថិតិ របស់​ក្រសួង ទេសចរណ៍​បង្ហាញ​ថា ភ្ញៀវ​ទេសចរ ហ្វីលីពីន ចំនួន ៩៧ ៤៨៧ នាក់​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​មុន កើន​ឡើង ៣៧,០ ភាគរយ​ធៀប​នឹង​ចំនួន ៧០ ៧១៨ នាក់​កាល​ពី​ឆ្នាំ ២០១១។

លោក ចន្ធី ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍ ចិន (Air China) កំពុង​ដាក់​ពាក្យ​សុំ​ការ​អនុញ្ញាត​ការ​ចុះ​ចត​ដើម្បី​ហោះហើរ​ពី​ទីក្រុង ប៉េកាំង ឆ្ពោះ​មក​ភ្នំពេញ និង សៀមរាប ផង​ដែរ៕

No comments:

Post a Comment