សម រង្ស៊ី៖ មហាបាតុកម្មថ្ងៃនេះជាប្រវត្តិសាស្ត្រនៃវប្បធម៌អហិង្សា
ភ្នំពេញប៉ុស្តិ៍ ០៧ កញ្ញា ២០១៣
លោក សម រង្ស៊ី ថ្លែងសារមុខបាតុករ នៅទីលានប្រជាធិបតេយ្យនៅថ្ងៃនេះ។ រូបថត ផា លីណា
ភ្នំពេញៈ ដូចការគ្រោងទុក គណបក្សសង្គ្រោះជាតិ បានចាប់ផ្ដើមធ្វើមហាបាតុកម្មអហិង្សារបស់ខ្លួន នៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ ដែលមានអ្នកចូលរួមប្រមាណជាង ១ ម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ខណៈពេល ដែលកងកម្លាំងសមត្ថកិច្ចចម្រុះ ត្រូវបានដាក់ពង្រាយស្ទើរគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ ជាពិសេសជុំវិញទីលានប្រជាធិបតេយ្យ។
ពាក្យស្លោកទាមទារដូចជា សន្លឹកឆ្នោតខ្ញុំ ជាតិខ្ញុំ សន្លឹកឆ្នោតខ្ញុំនៅឯណា? ត្រូវបានក្រុមបាតុករ ជួតលើក្បាលដោយក្រណាត់ពណ៌លឿង និងមានអ្នកខ្លះសរសេរអក្សរខុសៗគ្នាជាច្រើនទៀត ក្នុងន័យទាមទារយុត្តិធម៌ក្នុងការបោះឆ្នោត។ ក្នុងចំណោមបាតុករ ក៏មានព្រះសង្ឃជាច្រើនអង្គចូលរួមដែរ បើទោះបីជា សម្តេចព្រះសង្ឃរាជទាំងពីរគណៈ បានចេញប្រកាសហាមប្រាមមិនឲ្យចូលរួមបាតុកម្មនេះក៏ដោយ។
មហាបាតុកម្មនេះ ធ្វើឡើង ក្នុងពេលដែលគណបក្សសង្រ្គោះជាតិ ពុំមានហេតុផលផ្លូវច្បាប់ទៀតទេ ក្នុងការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី ២៨ កក្កដា បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូលបិទតវ៉ាលើការដោះស្រាយបណ្តឹងបោះឆ្នោតមួយនេះ បានធ្វើការសម្រេចស្រដៀងគ្នានឹង គ.ជ.ប ដោយបានច្រានចោលបណ្តឹងរបស់គណបក្សសង្គ្រោះជាតិដែលប្តឹងសុំឲ្យ មានការផ្ទៀងផ្ទាត់តួលេខនិងរាប់សន្លឹកឆ្នោតឡើងវិញ និងបានតម្កល់សេចក្តីសម្រេច គ.ជ.ប ទុកជាបានការទាំងអស់។
មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងសារនៅព្រឹកថ្ងៃនេះ មុខប្រជាពលរដ្ឋ និងព្រះសង្ឃដែលបានមកចូលរួមថា ការធ្វើមហាបាតុកម្មអហិង្សានេះ គឺដើម្បីទាមទារយុត្តិធម៌ជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោតតាមរយៈការ បង្កើតគណៈកម្មការឯករាជ្យមួយ ស៊ើបអង្កេតលទ្ធផលបោះឆ្នោត។
លោកបន្តថា ថ្ងៃនេះ គឺជា ជាថ្ងៃប្រវត្តិសាស្ត្រ មិនត្រឹមតែសម្រាប់ការទាមទាររកយុត្តិធម៌ សម្រាប់អ្នកបោះឆ្នោតទេ ប៉ុន្តែជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដែលជា«វប្បធម៌អហិង្សា»។
ការប្រមូលផ្តុំនៅថ្ងៃសៅរ៍នេះ គណបក្សសង្គ្រោះជាតិរំពឹងថានឹងមានដំណោះស្រាយ ក្នុងការបន្តស្នើសុំឲ្យមានការស៊ើបអង្កេតឯករាជ្យមួយលើភាពមិន ប្រក្រតីនៃការ បោះឆ្នោត នៅមុនថ្ងៃនៃការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃអាទិត្យ ស្អែកនេះ។
ប៉ុន្តែលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យ គ.ជ.ប ឲ្យពន្យារពេលនៃការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ រហូតដល់មានគណៈកម្មាការឯករាជ្យមួយត្រូវបានបង្កើតឡើង ព្រមទាំងភាពមិនប្រក្រតី ក៏ត្រូវបានដោះស្រាយរួចអស់ដែរ។
យោងតាមលទ្ធផលបោះឆ្នោតបណ្តោះអាសន្នបង្ហាញថា គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច បច្ចុប្បន្ន ឈ្នះអាសនៈក្នុងរដ្ឋសភា ៦៨ ហើយគណបក្សសង្គ្រោះជាតិឈ្នះ ៥៥ អាសនៈតែប៉ុណ្ណោះ ដែលគ្រប់គ្រាន់ឲ្យគណបក្សប្រជាជនកម្ពុជាបង្កើតរដ្ឋាភិបាលថ្មីក៏ ដោយ ក៏គណបក្សប្រឆាំងនៅតែអះអាងថាខ្លួនឈ្នះឆ្នោត។
មុននឹងធ្វើការរំសាយមុនម៉ោង ១២ ថ្ងៃត្រង់នេះតាមការកំណត់របស់ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ លោក សម រង្ស៊ី ក៏បានអំពាវនាវដល់បាតុករទាំងអស់ ឲ្យប្រកាន់យកគោលការណ៍អហិង្សា ទាំងផ្លូវកាយនិងផ្លូវចិត្ត។ យ៉ាងណាក៏ដោយ មហាបាតុកម្មនៅថ្ងៃនេះមិនមានកើត
ជាអំពើហិង្សាឡើយ គ្រាន់តែក្នុងរាជធានីភ្នំពេញមានសភាពស្ងាត់ ខុសប្រក្រតីបន្តិច ហើយនៅតាមច្រកចេញចូលរាជធានីភ្នំពេញមួយចំនួនមានការកកស្ទះខ្លះ ដោយសារមន្ត្រីប៉ូលីស នគរបាលដាក់កុងត្រូលឃាត់ឡានឆែកឆេរអាវុធ និងសួរប្រជាពលរដ្ឋខ្លះៗ ដែលក្រុមអង្គការសង្គមស៊ីវិល បានចាត់ទុកថា ជាការ រាំងស្ទះដល់សេរីភាពធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋនៅឯទីលាន ប្រជាធិបតេយ្យ។
គណបក្សសង្រ្គោះជាតិក៏បានអំពាវនាវ ស្នើសុំឲ្យមានព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រកម្ពុជា រកដំណោះស្រាយផងដែរ ហើយមេដឹកនាំគណបក្សប្រឆាំងទាំងពីរ ក៏បានប្រកាសដែលថា នឹងបន្តធ្វើបាតុកម្មអហិង្សានេះទៀត ប្រសិនបើ គ្មានដំណោះស្រាយសម្រាប់ពួកគេទេនោះ។
No comments:
Post a Comment