Translate

Sunday, September 8, 2013

អាមេរិក​គ្រោង​វាយប្រហារ​ទ្រង់ទ្រាយធំ​រយៈពេល​៣ថ្ងៃ​លើ​ស៊ីរី

អាមេរិក​គ្រោង​វាយប្រហារ​ទ្រង់ទ្រាយធំ​រយៈពេល​៣ថ្ងៃ​លើ​ស៊ីរី

ក្រៅពី​ការបាញ់​មីស៊ីល​ពី​នាវាចម្បាំង អាមេរិក​គ្រោង​នឹង​ប្រើ​យន្តហោះ​ទម្លាក់​គ្រាប់បែក ក្នុង​ប្រតិបត្តិការ​យោធា​នៅស៊ីរី
ក្រៅពី​ការបាញ់​មីស៊ីល​ពី​នាវាចម្បាំង អាមេរិក​គ្រោង​នឹង​ប្រើ​យន្តហោះ​ទម្លាក់​គ្រាប់បែក ក្នុង​ប្រតិបត្តិការ​យោធា​នៅស៊ីរី 
RFI Khmer ៨​ កញ្ញា ២០១៣

 
នៅ​ក្នុង​ពេល​ដែល​លោកអូបាម៉ា​កំពុង​ស្វះស្វែង​រក​ការគាំទ្រ​ពី​ សំណាក់​សមាជិក​សភា និង​ពី​ប្រទេស​ដៃគូ ​ក្រសួងការពារជាតិ​អាមេរិកបាន​ប្រុងប្រៀបគម្រោងការណ៍​វាយប្រហារ​លើ​ស៊ីរី​ ក្នុងទ្រង់ទ្រាយ​ធំជាង​ការ​គ្រោងទុក​កាលពី​មុន។ នេះ​បើ​យោងតាម​ការចុះផ្សាយ​របស់​កាសែត​អាមេរិក កាល​ពីថ្ងៃ​អង្គារ។ តាមផែនការ​ថ្មីនេះ កងទ័ព​អាមេរិក​គ្រោង​វាយប្រហារ​លើ​ស៊ីរី​ក្នុង​ទ្រង់ទ្រាយ​ធំ និង​ក្នុងរយៈពេល​៣ថ្ងៃ។


យោងតាមការផ្សាយ​របស់​កាសែត The Los Angeles Times ដោយ​បាន​ដកស្រង់សម្តី​មន្រ្តី​ជាន់ខ្ពស់​អាមេរិក​ចំនួន២រូប ដែល​សុំ​មិនបញ្ចេញឈ្មោះ ក្រសួង​ការពារជាតិ​អាមេរិក​បាន​ពង្រីក​គោលដៅ​​​ដែល​ត្រូវ​វាយប្រហារក្នុង​ ប្រទេស​ស៊ីរី លើស​ពី ៥០កន្លែង ដែល​គ្រោង​ទុកពីពេលមុន។

ម្យ៉ាងទៀត ក្នុង​ប្រតិបត្តិការ​យោធា​នេះ អាមេរិក​​គ្រោង​នឹង​ប្រើ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ បន្ថែម​ពី​លើ​​​ការ​បាញ់​មីស៊ីល​ពី​នាវាពិឃាត​ចំនួន ៤គ្រឿង នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ។ នាវាផ្ទុក​យន្តហោះ អមដោយ​នាវាចម្បាំង ៣គ្រឿង​ផ្សេងទៀត ដែល​កំពុង​ស្ថិត​នៅ​ក្នុង​សមុទ្រ​ក្រហម ក៏​អាច​នឹង​ចូលរួម​ក្នុង​ប្រតិបត្តិការ​​យោធា​នៅ​ស៊ីរី​នេះ​ដែរ។ មន្រ្តី​យោធា​អាមេរិក​ក៏​បាន​បង្ហើប​ឲ្យដឹង​ផងដែរ​ថា ប្រតិបត្តិការ​យោធា​នៅស៊ិរី ​នឹង​ធ្វើឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ ក៏ប៉ុន្តែ នឹង​ត្រូវ​ធ្វើ​តែ​ក្នុងរយៈពេល ៧២ម៉ោង​តែ​ប៉ុណ្ណោះ។

ក៏ប៉ុន្តែ រហូតមកទល់នឹង​ពេលនេះ លោក​អូបាម៉ា​នៅតែ​មិនទាន់​បាន​ទទួល​ការ​អនុញ្ញាត​ជាផ្លូវការ​ពី​សភា​អាមេរិក ដើម្បី​បើក​ប្រតិបត្តិការយោធា​នៅស៊ីរី​នៅឡើយទេ។ ម្យ៉ាងទៀត ការស្ទាបស្ទង់មតិ​ជាច្រើន​បង្ហាញ​ថា ប្រជាជន​អាមេរិក​ភាគច្រើន​មិន​ចង់​ឲ្យ​អាមេរិក​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ ស៊ីរី​នេះទេ។

នៅ​ថ្ងៃ​អង្គារ​សប្តាហ៍ក្រោយ​នេះ លោក​អូបាម៉ា​នឹង​ថ្លែង​សុន្ទរកថា​មួយ​ទៅកាន់​ប្រជាជាតិ​អាមេរិក ដើម្បី​ពន្យល់​​ដោយ​ផ្ទាល់​ដល់​ប្រជាជន​អាមេរិក អំពី​ហេតុផល ដែល​លោក​ចង់​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ស៊ីរី។ នៅ​ក្នុង​សប្តាហ៍​ក្រោយ​នេះ​ដែរ សភា​អាមេរិក​នឹង​វិលត្រឡប់​ពី​វិស្សមកាលវិញ ហើយ​ក៏​នឹង​លើក​យក​បញ្ហា​ស៊ីរី​នេះ​មក​ជជែក​ដេញដោលគ្នា​ដែរ មុននឹង​ធ្វើការ​បោះឆ្នោត​អនុម័ត​ថា តើ​អនុញ្ញាត​ឲ្យ​លោក​អូបាម៉ា​បើក​ប្រតិបត្តិការ​យោធា​នៅស៊ីរី​ដែរ​ឬ​អត់។

ក្នុងពេល​ដែល​លោក​អូបាម៉ា​កំពុង​បញ្ចុះបញ្ចូល​សាធារណមតិ​ជាតិ លោក​ចន ឃែរី​ ប្រមុខការទូត​អាមេរិកវិញ​ កំពុង​តែ​ដុតដៃ​ដុតជើង ព្យាយាម​ស្វែងរក​ការគាំទ្រ​ពី​សំណាក់​ប្រទេស​ជា​ដៃគូ​ក្នុង​ឆាកអន្តរជាតិ ជាពិសេស បណ្តា​ប្រទេស​នៅ​អឺរ៉ុប និង​ប្រទេស​ក្នុង​សម្ព័ន្ធ​អារ៉ាប់៕

No comments:

Post a Comment