Translate

Thursday, September 12, 2013

តម្រូវការ​អាផាតមិន​​ ​កំណើន​តិច

តម្រូវការ​អាផាតមិន​​ ​កំណើន​តិច


ភ្នំពេញ ១២ កញ្ញា ២០១២
បឹង​កេង​កង​១ ជា​តំបន់​ដែល​ប្រជុំ​ទៅដោយអាផាតមិន​យ៉ាង​ច្រើន​​
សម្រាប់​​​តម្រូវ​ការ​របស់​​​​​អតិថិ​ជន​។ រូបថត ហ៊ឹន ពិសី

ភ្នំពេញៈ ដោយ​សារ​លំហូរ​ចូល​នៃ​អ្នក​វិនិយោគ និង​ជន​បរទេស ដែល​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​នោះ បាន​ធ្វើ​ឲ្យ​តម្រូវ​ការ​អាផាតមិន​ស្នាក់នៅ​បន្ត​កើន​ឡើង​នៅ​ក្នុង​រយៈ​ពេល ៧ ខែ​ដើម​ឆ្នាំ ២០១៣​នេះ។

លោក ច្រឹក សុខនីម អគ្គ​នាយក​រង​ក្រុមហ៊ុន VTrust Property បាន​ប្រាប់​ថា តម្រូវ​ការ​អាផាតមិន​ជួល​ក្នុង​រយៈ​ពេល ៧ ខែ​ដើម​ឆ្នាំ ២០១៣ នេះ​មាន​កំណើន​ប្រហែល ១០ ភាគរយ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដោយ​ក្នុង​នោះ​មាន​ភ្ញៀវ​ប្រហែល ៨០ ភាគរយ​មក​ពី​ទ្វីប អាស៊ី និង ទ្វីប អឺរ៉ុប។

លោក​ប្រាប់​ទៀត​ថា ទោះ​បី​យ៉ាង​ណា​តម្លៃ​ជួល​អាផាតមិន មិន​បាន​កើន​ឡើង​នោះ​ទេ ពីព្រោះ​ការ​ផ្គត់​ផ្គង់​កំពុង​លើស​ចំណែក​ទីផ្សារ​ប្រមាណ ៣៥ ភាគរយ។

លោក​បាន​បញ្ជាក់​ថា៖ «ការ​ផ្គត់​ផ្គង់​អាផាតមិន​មាន​ច្រើន​នា​ពេល​នេះ ដោយ​សារ​អ្នក​វិនិយោគ​រំពឹង​ថា ពេល​កម្ពុជា​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ជាមួយ​បណ្តា​ប្រទេស​ក្នុង តំបន់​អាស៊ាន​នា​ចុង​ឆ្នាំ ២០១៥ តម្រូវការ​អាផាតមិន នឹង​កើន​ឡើង​ច្រើន​ជា​មិន​ខាន»

បច្ចុប្បន្ន​នេះ​អាផាតមិន លំដាប់ A មាន​តម្លៃ​ជួល​ចាប់​ពី ១៣០០ ដុល្លារ​ឡើង​ទៅ ខណៈ​អាផាតមិន លំដាប់ B មាន​តម្លៃ​ជួល​ចន្លោះ​ពី ៦០០ ទៅ ១២០០ ដុល្លារ និង​អាផាតមិន លំដាប់ C មាន​តម្លៃ​ក្រោម ៦០០ ដុល្លារ​ក្នុង​មួយ​ខែ ដោយ​អាស្រ័យ​លើ​ទំហំ​ផ្ទះ និង​ចំនួន​បន្ទប់​ក្នុង​ផ្ទះ​នីមួយៗ។

យោង​តាម​ការ​ធ្វើ​អង្កេត​ថ្មីៗ ក្នុង​ចំណោម​ប្រធាន​ប្រតិបត្តិ​ពាណិជ្ជកម្ម​អាមេរិក ចំនួន ៤៧៥ នាក់​នៅ​ទូទាំង​តំបន់​បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ភាព​ទាក់​ទាញ​បំផុត​សម្រាប់​ជន​បរទេស​ដែល​ ធ្វើការ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​នៅ​តំបន់​អាស៊ាន​។ ក្នុង​ចំណោម​ការ​អង្កេត​ទាំង​នោះ​នៅ​កម្ពុជា ៦៥ ភាគរយ​រាយការណ៍​ថា បុគ្គលិក​នៅ​តាម​តំបន់​ផ្សេងៗ​បាន​ស្នើ​សុំ​ប្តូរ​មក​ធ្វើការ​នៅ​កម្ពុជា ខណៈ សិង្ហបុរី មាន ៧១ ភាគរយ។

លោក ឌឹត ចណ្ណា ប្រធាន​គ្រប់​គ្រង​ទូទៅ​ក្រុមហ៊ុន​អចលន​ទ្រព្យ វីអឹមស៊ី បាន​និយាយ​ថា តម្រូវការ​អាផាតមិន​ពិត​ជា​កើន​ឡើង​ដោយ​ក្នុង​រយៈ​ពេល ៧ ខែ​ដើម​ឆ្នាំ ២០១៣ នេះ​មាន​កំណើន​ចន្លោះ​ពី ១៥ ទៅ ២០ ភាគរយ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ ២០១២​។ លោក​បាន​បន្ត​ថា ដោយ​សារ​មាន​ការ​ប្រកួត​ប្រជែង​ច្រើន និង​ការ​ផ្គត់​ផ្គង់​លើស​តម្រូវការ​បាន​ធ្វើ​ឲ្យ​តម្លៃ​ជួល​អាផាតមិន ស្ថិត​នៅ​ទ្រឹង​ក្នុង​ឆ្នាំ​នេះ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន។

លោក​ថ្លែង​ថា៖ «ភ្ញៀវ​ដែល​ស្នាក់នៅ​អាផាតមិន ក្នុង​ឆ្នាំ​នេះ​មាន​ភាព​ខុស​ប្លែក​ពី​បណ្តា​ឆ្នាំ​មុនៗ​ដោយ​ខ្ញុំ​សង្កេត​ ឃើញ​ថា អ្នក​មក​ស្នាក់នៅ​អាផាតមិន​ភាគ​ច្រើន​គឺជា​អ្នក​ជំនួញ រីឯ​អ្នក​ធ្វើ​ការងារ​មិន​សូវ​មាន​ច្រើន​នោះ​ទេ​ក្នុង​ឆ្នាំ​នេះ»

លោក ប៉ូ អ៊ាវគង់ ប្រធាន​គ្រប់​គ្រង​ទូទៅ​ក្រុមហ៊ុន អេស៊ា រៀលអេស្ទេត បាន​និយាយ​ថា ចំនួន​អាផាតមិន ដែល​ផ្គត់​ផ្គង់​នៅ​ក្នុង​ទីផ្សារ​នឹង​មាន​ចំណែក​លើស​តម្រូវ​ការ​កាន់​តែ​ ច្រើន​នៅ​ក្នុង​រយៈ​ពេល ១-២ ឆ្នាំ​ខាង​មុខ។ លោក​បាន​ប្រាប់​ទៀត​ថា ឆ្នាំ​នេះ​កំណើន​នៃ​ការ​ជួល​អាផាតមិន មាន​ចំនួន​ប្រហែល ១៥ ភាគរយ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១២​កន្លង​មក។

លោក គង់ វណ្ណសុភី នាយក​ចាត់​ការ​ទូទៅ​នៃ​ក្រុមហ៊ុន CPPI ដែល​គ្រប់​គ្រង​អាផាតមិន ចំនួន ៦ កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​និយាយ​ថា ឆ្នាំ​នេះ​តម្រូវ​ការ​ភ្ញៀវ​ស្នាក់នៅ​អាផាតមិន ដែល​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន CPPI កំពុង​កើន​ឡើង​ដោយ​អាផាមិន​នីមួយៗ​មាន​អត្រា​ប្រើ​ប្រាស់​ចន្លោះ​ពី ៨០ ទៅ ៩០ ភាគរយ ខណៈ​ខុនដូ Palm Place ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់ បឹងកេងកង ១ មាន​ភ្ញៀវ​ស្នាក់នៅ​ពេញៗ​ជា​ប្រចាំ​។

លោក​បាន​បន្ត​ថា ដោយ​មើល​ឃើញ​តម្រូវការ​អាផាតមិន​កាន់​តែ​ច្រើន​នោះ​នៅ​ពេល​ឆាប់​ខាង​មុខ​ ក្រុមហ៊ុន CPPI នឹង​ដាក់​ឲ្យ​ដំណើរការ​អាផាតមិន​ចំនួន ២ កន្លែង​ផ្សេង​ទៀត។
លោក​បញ្ជាក់​ថា៖ «កំណើន​ភ្ញៀវ​មក​ជួល​អាផាតមិន​របស់​ក្រុមហ៊ុន​ខ្ញុំ​មាន​កំណើន​ចន្លោះ​ពី ៥ ទៅ ១០ ភាគរយ ហើយ​ភ្ញៀវ​ភាគ​ច្រើន​គឺជា​ជន​បរទេស ដែល​មក​ពី​តំបន់​អាស៊ី និង អឺរ៉ុប»

No comments:

Post a Comment