ក្រុមហ៊ុនឯកជនប្រតិកម្មទៅនឹងគម្រោងធ្វើបាតុកម្មរបស់បក្សសង្គ្រោះជាតិ
វិទ្យុអាស៊ីសេរី
០៣-០៩-២០១៣
អាជីវកម្មនិងក្រុមហ៊ុនធំមួយចំនួនបានប្រកាសអំពីការថយចុះ
ប្រាក់ចំណូល ឬសកម្មភាពនាំចេញមានការធ្លាក់ចុះនៅអំឡុងពេលដែលកម្ពុជា
មានភាពវឹកវរខាងនយោបាយ។ បច្ចុប្បន្នតំណាងខាងវិស័យឯកជនទាំងនោះ កំពុងប្រឈមនឹងស្ថានភាពថ្មីមួយបន្ថែមទៀតពីបញ្ហានយោបាយ
គឺគណបក្សសង្គ្រោះជាតិ គ្រោងនឹងធ្វើបាតុកម្មធំមួយ នៅថ្ងៃទី៧ កញ្ញា
ខាងមុខនេះ។
អស្ថិរភាពខាងផ្នែកនយោបាយនេះ
បានបន្តប៉ះពាល់ដល់ការវិនិយោគរបស់វិស័យឯកជន ប្រសិនបើស្ថានការណ៍នេះនៅតែបន្ត
ឬមិនអាចឈានដល់រកដំណោះស្រាយសមស្របមួយបាននោះ។
អគ្គនាយករងក្រុមហ៊ុន
ម៉ែន សារុន ជាក្រុមហ៊ុនផលិតមីនៅក្នុងស្រុកម៉ាក "មីយើង" លោក
ជួន កុល មានប្រសាសន៍ថា សកម្មភាពផលិតរបស់រោងចក្រគឺនៅដដែល ឬមិនមានផលប៉ះពាល់អ្វីធំឡើយពីភាពវឹកវរខាងផ្នែកនយោបាយ។
ប៉ុន្តែលោកបារម្ភអំពីស្ថានការណ៍មិនប្រាកដប្រជានៅពេលដែល គណបក្សមួយប្រកាសធ្វើបាតុកម្មនៅពេលដ៏ខ្លីខាងមុខនេះ។
មានន័យថា ពេលដែលគណបក្សនយោបាយមិនអាចរកដំណោះស្រាយបាននោះ នឹងប៉ះពាល់ដល់សកម្មភាពអាជីវកម្មរបស់គាត់។
លោក
ជួន កុល៖ «ក្នុងនាមយើងជាអ្នកធ្វើរបរទទួលទាន
យើងចេះតែបារម្ភហើយ។ យើងសំណូមពរដល់គណបក្សទាំងពីរហ្នឹង ក្រោយការបោះឆ្នោត
ដោះស្រាយគ្នាដោយសន្តិវិធី។ យើងមិនចង់បានធ្វើអ្វីមួយដែលវានាំឲ្យកើតចលាចលដល់ស្រុកយើង
ព្រោះយើងបានប៉ុណ្ណឹង យើងពិបាក»។
លោក
ជួន កុល មានប្រសាសន៍បន្ថែមថា រោងចក្រអាចផលិតមីបានចំនួនប្រមាណ
១.៥ម៉ឺនកេះក្នុងមួយថ្ងៃ និងចែកចាយទៅកាន់ទីផ្សារចន្លោះពី ៥០% ទៅ ៧០% នៃការផ្គត់ផ្គង់សរុបក្នុងមួយថ្ងៃ។
លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនមិនបានវិនិយោគបន្ថែមដើម្បីបង្កើនការផលិតនោះ
ទេ។
ទោះជាយ៉ាងណាក៏ដោយ តំណាងខាងវិស័យឯកជនមួយចំនួនមិនព្រួយបារម្ភអំពីគម្រោងធ្វើ បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលធ្វើឡើងនៅថ្ងៃទី៧ កញ្ញា ខាងមុខនោះឡើយ។ ក្រុមអ្នកជំនួញទាំងនោះបានអះអាងថា បញ្ហានយោបាយជាបញ្ហាដែលពួកគាត់មិនអាចដោះស្រាយបាន ដូច្នេះអ្វីដែលគាត់អាចធ្វើបានគឺពង្រឹងអាជីវកម្ម។
នាយកប្រតិបត្តិនៃម្ចាស់ភោជនីយដ្ឋាន
ផាក កាហ្វេ (Park Cafe) លោក គុយ វ៉ាត
មានប្រសាសន៍ថា បច្ចុប្បន្នលោកមិនខ្វល់ពីបញ្ហានយោបាយឡើយ ដោយសារតែលោកកំពុងជាប់រវល់ខ្លាំងលើអាជីវកម្មរបស់គាត់។
លោកបញ្ជាក់ថា នៅពេលដែលម្ចាស់អាជីវកម្មមួយចំនួនគិតអំពីរឿងនយោបាយ វាធ្វើឲ្យម្ចាស់អាជីវកម្មនោះខាតបង់ទៅវិញ។
ការធ្វើអាជីវកម្មជោគជ័យគឺត្រូវឲ្យ អតិថិជនជឿទុកចិត្ត និងពង្រឹងអាជីវកម្ម។
លោក
គុយ វ៉ាត៖ «ខ្ញុំនិយាយថា
ចង់ឲ្យគណបក្សនយោបាយគេធ្វើការ។ ទោះជាយើងបារម្ភក៏យើងមិនអាចជួយអីបានដែរ
វាបានធ្វើឲ្យយើងកាន់តែខាត។ នៅពេលដែលយើងម្នាក់ចេះតែបារម្ភអ៊ីចឹង វាធ្វើឲ្យបុគ្គលិកក្នុងការងារបាក់ទឹកចិត្ត
អត់ធ្វើការ វាពាក់ព័ន្ធអាចរន្តសេដ្ឋកិច្ច
វាប៉ះពាល់ទាំងអស់ ជាពិសេសវាចេញពីជំនឿចិត្តពីម្នាក់ៗហ្នឹងទៅ»។
លោក
គុយ វ៉ាត មានប្រសាសន៍បន្ថែមថា មានកិច្ចការជាច្រើនដែលម្ចាស់អាជីវកម្មនីមួយៗត្រូវធ្វើ
គឺការពង្រឹងសមត្ថភាពរបស់បុគ្គលិក ការស្វែងរកទីផ្សារ និងបង្កើនការប្រកួតប្រជែងនៅពេលដែលកម្ពុជា
ចូលក្នុងទីផ្សារអាស៊ាននៅឆ្នាំ២០១៥។
បន្ថែមលើបញ្ហានេះ
តំណាងមកពីវិស័យឯកជនលើការនាំចេញអង្ករក៏បានអះអាងស្រដៀងគ្នា នេះដែរថា
បញ្ហានយោបាយ គឺបញ្ហាដែលវិស័យឯកជនមិនអាចចូលរួមដោះស្រាយបានឡើយ។
ប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា
លោកឧកញ៉ា គឹម សាវុធ មានប្រសាសន៍ថា
អ្នកបញ្ជាទិញអង្ករនៅលើទីផ្សារអន្តរជាតិ មិនខ្វល់ពីបញ្ហានយោបាយនៅកម្ពុជាឡើយ
គឺគិតអំពីគុណភាពជាចម្បង។ បច្ចុប្បន្នការនាំចេញអង្ករក្រុមហ៊ុនរបស់លោកបានធ្លាក់ចុះដោយ
សារតែតម្លៃដឹកទំនិញតាមកប៉ាល់ ឡើងថ្លៃ។ បន្ថែមលើនេះ អ្នករកស៊ីផ្នែកស្រូវអង្ករនៅកម្ពុជាវិញ
ក៏មិនខ្វល់ពីស្ថានការណ៍នយោបាយនៅកម្ពុជាដែរ។
លោកឧកញ៉ា គឹម សាវុធ៖ «ជាទូទៅអ្នករកស៊ី គាត់អត់ខ្វល់ពីបញ្ហានយោបាយអីប៉ុន្មានទេ គ្រាន់តែក្រុមហ៊ុន ខ្មែរ ហ្វូត (Khmer Food) ខ្ញុំ ខែ៩ ខ្ញុំវាថយ ដោយសារតែតម្លៃកប៉ាល់នាំចេញវាឡើងថ្លៃ ពេក វាមិនមែនបញ្ជាទិញថយដោយសារបញ្ហានយោបាយនោះទេ ព្រោះអ្នកក្រៅគេអត់ខ្វល់បីបញ្ហានយោបាយទេ។ ខ្ញុំបានសួររឿងហ្នឹង ពាក់ព័ន្ធនឹងកប៉ាល់មេធំៗ គេថារៀងរាល់ឆ្នាំចាប់ពីខែ៩ ទៅ គឺកប៉ាល់វាឡើងថ្លៃ។ អ៊ីចឹងកប៉ាល់វាសម្បូរអីវ៉ាន់ទៅវាឡើងថ្លៃ»។
ក្រៅពីការនាំចេញអង្ករនេះ
មានវិស័យឯកជនផ្សេងទៀតបានអះអាងថា មិនប៉ះពាល់ធ្ងន់ធ្ងរឡើយដល់សកម្មភាពផលិត
និងរកចំណូលរបស់សហគ្រាសរបស់គាត់ឡើយ ប៉ុន្តែបើស្ថានការណ៍នេះនឹងអូសបន្លាយយូរ
ឬគម្រោងធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ អាចបង្កឲ្យមានជម្លោះនានានៅសង្គម
នឹងប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវកម្មនិងគម្រោងវិនិយោគរបស់គាត់។
ប្រធានសមាគមស្ថាប័នមីក្រូហិរញ្ញវត្ថុកម្ពុជា
និងជានាយកប្រតិបត្តិនៃស្ថាប័នមីក្រូហិរញ្ញវត្ថុស្ថាបនាលោកបណ្ឌិត ប៊ុន
មុនី មិនអាចប៉ាន់ស្មានអំពីផលប៉ះពាល់ពីគម្រោងធ្វើបាតុកម្មរបស់ គណបក្សប្រឆាំងដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុកម្រិតណានោះទេ។
ប៉ុន្តែអ្វីដែលលោកសង្កេតកន្លងមក បញ្ហានយោបាយនៅស្ថានការណ៍ក្រោយការបោះឆ្នោត
បានប៉ះពាល់ដល់សកម្មភាពដកប្រាក់ពីស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា។
លោកបញ្ជាក់ថា
ប្រសិនបើនិន្នាការនយោបាយនៅតែបន្ត ដោយគ្មានដំណោះស្រាយបាននោះ
នឹងធ្វើឲ្យវិស័យហិរញ្ញវត្ថុនៅកម្ពុជា ប្រឈមនឹងបាត់បង់ទំនុកចិត្តទាំងក្នុងស្រុក
និងបរទេស៖ «ចំពោះ ខ្ញុំផ្ទាល់
ខ្ញុំមានការព្រួយបារម្ភខ្លះៗដែរថា បើសិនជាសភាពការណ៍នេះវាហួសការគ្រប់គ្រងបាន
ទៅធ្វើដូចប្រទេសគេ ដូចនៅខាងអឺរ៉ុបជាដើម វាជារឿងគួរឲ្យសោកស្ដាយសម្រាប់ប្រទេសជាតិយើង
ដែលវិស័យមីក្រូហិរញ្ញវត្ថុទើបមានការរីកចំរើននៅរយៈពេលខ្លីបំផុត នេះផង
វាអាចជួបវិបត្តិធំដែលនឹងខ្វះជំនឿទុកចិត្តពីអ្នកវិនិយោគទុន»។
លោកបណ្ឌិត
ប៊ុន មុនី មានប្រសាសន៍បន្ថែមថា ផលប៉ះពាល់ទាំងនេះនឹងធ្វើឲ្យប្រជាពលរដ្ឋដែលពឹងខ្លាំងលើវិស័យ
ហិរញ្ញវត្ថុជាអ្នកខាតបង់។ ទោះជាយ៉ាងណាក៏ដោយក្នុងនាមតំណាងឲ្យវិស័យមីក្រូហិរញ្ញវត្ថុនៅ
កម្ពុជា មានវិធានការមួយចំនួនដើម្បីទប់ស្កាត់ពីបញ្ហាអស្ថិរភាពនយោបាយនេះ
តាមរយៈការបន្តផ្ដល់ប្រាក់កម្ចីទៅសាធារណជន និងប្រើប្រាស់ទុកបម្រុងដើម្បីទូទាត់ទៅនឹងការដកប្រាក់របស់
អតិថិជន។ ប៉ុន្តែអ្វីដែលស្ថាប័នហិរញ្ញវត្ថុបារម្ភខ្លាំង គឺការប្រើប្រាស់ទុនបម្រុងនោះមានដែនកំណត់៕
No comments:
Post a Comment