Translate

Thursday, September 12, 2013

Olympia City នឹង​បញ្ចប់​គម្រោង ទី១ នា​ឆ្នាំ ២០១៦

Olympia City នឹង​បញ្ចប់​គម្រោង ទី១ នា​ឆ្នាំ ២០១៦ 

ភ្នំពេញប៉ុស្តិ៍ ១២ កញ្ញា ២០១៣

ភ្នំពេញៈ សំណង់​អគារ​ខ្ពស់​កប់​ពពក​ជាច្រើន​នឹង​លេច​រូប​រាង​នៅ​ក្នុង​រាជធានី ភ្នំពេញ​នា​ឆ្នាំ ២០១៦ ខាង​មុខ ក្នុង​នោះ​ក៏​មាន​គម្រោង​សាង​សង់​ទីក្រុង Olympia City ដែល​ស្ថិត​នៅ​ខាង​ជើង​ពហុ​កីឡដ្ឋានជាតិ​ផង​ដែរ។

លោក ម៉េង ចំរើន ប្រធាន​ក្រុម​វិស្វករ​សាង​សង់​ទីក្រុង​ស៊ីវិល័យ Olympia City បាន​ប្រាប់​ថា នៅ​ពេល​នេះ​ក្រុមហ៊ុន​កំពុង​សាង​សង់​ផ្ទះ​ហាង (ផ្ទះ​លក់​ទំនិញ​នៅ​ផ្នែក​ខាង​ក្រោម និង​ខុនដូ​នៅ​ពី​លើ) គឺ ខុនដូ S1, S2, S3 និង S4 ដែល​ស្ថិត​ក្នុង​គម្រោង​ដំណាក់កាល ទី១ ដោយ​ដំណាក់​នេះ​គ្រោង​នឹង​បញ្ចប់​នា​ពាក់​កណ្តាល​ឆ្នាំ ២០១៦ ខាង​មុខ។ ដោយ​ឡែក​ដំណាក់កាល ទី២ ដែល​រួម​មាន​ផ្សារ​ទំនើប​កម្ពស់ ៧ ជាន់ Olympia Plaza និង​ខុនដូ S5 នោះ នៅ​ពេល​នេះ​ក្រុម​វិស្វករ​កំពុង​ខួង​គ្រឹះ ហើយ​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១៤ ឬ​ដើម​ឆ្នាំ ២០១៥ ទើប​ចាប់​ផ្តើម​សាងសង់ រីឯ​ដំណាក់កាល ទី៣ ក្រុមហ៊ុន​មិន​ទាន់​បាន​កំណត់​ពេល​សាង​សង់​នៅ​ឡើយ​ទេ។

លោក​បាន​ថ្លែង​ថា៖ «ការ​សាង​សង់​ដំណាក់កាល ទី៣ ដែល​មាន​អគារ​កម្ពស់ ៤៥ ជាន់ និង​៥៥ ជាន់​យើង​មិន​ទាន់​កំណត់​ថា នឹង​ចាប់​ផ្តើម​នៅ​ពេល​ណា​នោះ​ទេ ព្រោះ​ពេល​នេះ​យើង​កំពុង​សិក្សា​ពី​តម្រូវការ និង​ស្ថានភាព​នយោបាយ​ជា​មុន​សិន»

លោក​បាន​បន្ត​ទៀត​ថា៖ «គម្រោង​ដំណាក់កាល ទី៣ រួម​មាន​អគារ​កម្ពស់ ៤៥ ជាន់ និង ៥៥ ជាន់​ចំនួន​ពីរ​ដែល​ជា​បណ្តុំ​អគារ​ពាណិជ្ជកម្ម សណ្ឋាគារ អាផាតមិន និង​អគារ​ការិយាល័យ»

កញ្ញា ឡុង សុភ័ក្រ ប្រធាន​ផ្នែក​លក់​នៃ​គម្រោង​ទីក្រុង Olympia City បាន​និយាយ​ថា ក្នុង​ចំណោម ខុនដូ ទាំង ៥ អគារ អគារ ខុនដូ ទី១ ដែល​មាន​ផ្ទះ​សរុប​ចំនួន ៣៩០ យូនីត មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​លក់​អស់ ៩០ ភាគរយ​ហើយ អគារ​ខុនដូ ទី២ ដែល​មាន​ផ្ទះ​ចំនួន ៣៥៨ Unit លក់​អស់​ជាង ៦០ ភាគរយ ចំណែក​ខុនដូ ទី៣ ទី៤ និង​ខុនដូ ទី៥ ក្រុមហ៊ុន​មិន​ទាន់​ដាក់​លក់​នៅ​ឡើយ​ទេ។ កញ្ញា​បាន​បន្ត​ទៀត​ថា ចំណែក​ផ្ទះ​ហាង​ដែល​មាន​ផ្ទះ​សរុប​ចំនួន ១៥៨ ផ្ទះ​នោះ​មក​ដល់​ពេល​នេះ​លក់​បាន​ប្រមាណ ៩០ ភាគរយ​ហើយ។

ផ្ទះ​ហាង​ក្នុង​គម្រោង នេះ​គឺ​រាប់​ចាប់​ពី​ជាន់ ទី១ ដល់ ទី៤ ហើយ​ចាប់​ពី​ជាន់ ទី៥ ឡើង​ទៅ គឺ​ជា​ខុនដូ។ នៅ​ក្នុង​បរិវេណ​ផ្ទះ​ហាង​ជា​បណ្តុំ​នៃ​កន្លែង​លេង​កម្សាន្ត កន្លែង​ហាត់​ប្រាណ អាង​ហែល​ទឹក និង​ក្លិប​កម្សាន្ត​ជាដើម។

កញ្ញា សុភ័ក្រ បាន​ប្រាប់​ទៀត​ថា ខុនដូ​ដែល​ស្ថិត​នៅ​ក្នុង​គម្រោង Olympia City ទាំង​អស់​មាន​តម្លៃ​ចាប់​ពី ៧០.០០០-៤៣០.០០០ ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង ១ Unit ខណៈ​គម្រោង​សាង​សង់​ខុនដូ​ទាំង​អស់​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់​កណ្តាល ឆ្នាំ ២០១៦ ខាង​មុខ។

ទោះ​ជា​យ៉ាង​ណា​កញ្ញា សុភ័ក្រ បាន​និយាយ​ផ្ទុយ​ពី​លោក ម៉េង ចំរើន ដោយ​កញ្ញា​បាន​ប្រាប់​ថា អគារ​កម្ពស់ ៤៥ ជាន់ និង ៥៥ ជាន់ ដែល​គ្រោង​នឹង​ប្រើ​ប្រាស់​ធ្វើ​ជា​សណ្ឋាគារ អាផាតមិន និង​អគារ​ការិយាល័យ​នោះ​នឹង​បន្ត​ការ​សាង​សង់​ជា​បន្ត​បន្ទាប់​នៅ​ពេល​ខាង​ មុខ ព្រោះ​ពេល​នេះ​ក្រុម​វិស្វករ​ជំនាញ​កំពុង​សិក្សា​ពី​គុណភាព​ដី មុន​ចាប់​ផ្តើម​ដំណើរការ​សាង​សង់។

លោក កែវ សុទ្ធី ជំនួយការ​អគ្គ​នាយក​ក្រុមហ៊ុន OCIC ដែល​ជា​ម្ចាស់​គម្រោង​វិនិយោគ​ទីក្រុង Olympia City មាន​ប្រសាសន៍​ថា៖ «ភាព​ជោគជ័យ​របស់​គម្រោង Olympia City ដោយ​សារ​វា​ស្ថិត​នៅ​ចំ​ទីតាំង​ល្អ​កណ្តាល​រាជធានី​ភ្នំពេញ និង​មាន​តម្លៃ​សមរម្យ»

លោក​បាន​បន្ថែម​ថា៖ «យើង​ផ្តល់​លក្ខខណ្ឌ​ពិសេស​ដល់​អតិថិជន គឺ​អតិថិជន​អាច​បង់​ប្រាក់​មុន​ត្រឹម ៣០០០ ដុល្លារ​ប៉ុណ្ណោះ ហើយ​ការ​បង់​រំលស់​ឆ្នាំ ទី១ គឺ​យើង​តម្រូវ​ឲ្យ​អតិថិជន​បង់​ក្នុង​មួយ​ខែ ៥០០ ដុល្លារ និង​ចាប់​ពី​ឆ្នាំ ទី២ ទៅ​អតិថិជន​បង់ ១ ខែ ៥៥០ ដុល្លារ»

លោក គីម ហ៊ាង នាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ មាន​ប្រសាសន៍​ថា គម្រោង​នេះ​ល្អ លក់​បាន​ច្រើន​ព្រោះ​ក្រុមហ៊ុន​វិនិយោគ​គម្រោង​នេះ​បាន​ផ្តល់​លក្ខខណ្ឌ​បង់​ ប្រាក់​រំលស់ ពិសេស​ដល់​អតិថិជន​ដែល​មាន​លុយ​ច្រើន ដោយ​មាន​តម្លៃ​ជា​មធ្យម​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ត្រឹម​តែ​១៥០០ ដុល្លារ​ប៉ុណ្ណោះ ហេតុ​នេះ​មាន​អតិថិជន​ចាប់​អារម្មណ៍​ចំពោះ​គម្រោង​នេះ​ច្រើន។

លោក​បាន​បន្ត​ថា៖ «គម្រោង​នេះ​ពិត​ជា​ល្អ​ដោយ​សារ​វា​មាន​ទីតាំង​លេខ ១ ក្រុមហ៊ុន​សាង​សង់​លេខ ១ ប៉ុន្តែ​ចំណុច​ខ្សោយ​របស់​វា​គឺ​ទ្រព្យ​នេះ​មាន​រយៈ​ពេល​ត្រឹម​តែ ៩៩ ឆ្នាំ​ប៉ុណ្ណោះ៕

No comments:

Post a Comment