Translate

Wednesday, September 4, 2013

សមាគម​គ្រូ​ជំរុញ​ក្រសួង​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ប្រឡង​បាក់​ឌុប



សមាគម​គ្រូ​ជំរុញ​ក្រសួង​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ប្រឡង​បាក់​ឌុប

ភ្នំពេញប៉ុស្តិ៍ ០៤-០៩-២០១៣

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ជំរុញ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ចំពោះ​ករណី​បែក​ធ្លាយ​វិញ្ញាសា និង​ការ​កើត​មាន​អំពើ​ពុក​រលួយ​ក្នុង​ថ្ងៃ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ ទុតិយភូមិ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ពេល​ថ្មីៗ។

លិខិត​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា បាន​ផ្ញើ​ជូន​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​បង្ហាញ​ថា ការ​ប្រឡង​រយៈពេល ២​ថ្ងៃ​កន្លះ មាន​ភាព​មិន​ប្រក្រតី ៧​ករណី​បាន​កើត​ឡើង។ ក្រុម​បច្ចេកទេស​របស់​សមាគម​គ្រូ​បង្រៀន​បាន​សិក្សា និង​វិភាគ​ទៅ​លើ​ឯកសារ​ភស្តុតាង​មួយ​ចំនួន រក​ឃើញ​ថា វិញ្ញាសា​គណិតវិទ្យា វិញ្ញាសា​អក្សរសាស្ត្រ​ខ្មែរ វិញ្ញាសា​រូបវិទ្យា វិញ្ញាសា​គីមីវិទ្យា និង​វិញ្ញាសា​ជីវវិទ្យា បាន​បែក​ធ្លាយ។

លិខិត​ដដែល​បាន​សរសេរ​ថា មាន​ករណី​អំពើ​ពុក​រលួយ ២​ទៀត គឺ​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​មេមត់ ខេត្ត​កំពង់ចាម ប្រធាន និង​អនុប្រធាន​សហការ​ជាមួយ​គ្រូ​ឯកទេស ធ្វើ​អត្រា​កំណែ​លក់​តាម​ថ្នាក់​ក្នុង​តម្លៃ ៤០​ម៉ឺន​រៀល។ ប្រធាន អនុ​ប្រធាន​មណ្ឌល​ប្រឡង​វិទ្យាល័យ​រវៀង ស្រុក​រវៀង ខេត្ត​ព្រះវិហារ តម្រូវ​ឲ្យ​បេក្ខជន​ប្រមូល​លុយ​ក្នុង​មួយ​ថ្នាក់ ១​លាន​រៀល។

ទាក់ទង​បញ្ហា​នេះ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ថា ក្រសួង​អប់រំ​ត្រូវ​តែ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត ដោយ​មាន​ការ​ចូល​រួម​ពី​សមាគម អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​ការងារ​អប់រំ ដើម្បី​រក​ជន​ដែល​បាន​លួច​បញ្ចេញ​វិញ្ញាសា​មក​ក្រៅ និង​ជន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​នាយកដ្ឋាន​មធ្យម​សិក្សា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក អ៊ឹង ង៉ោហុក ដើម្បី​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣ កញ្ញា ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។

ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP = វ៉ាយ.អ.ឌី.ភី) កាល​ពី​សប្ដាហ៍​មុន បាន​បង្ហាញ​អោយ​ឃើញ​ថា បេក្ខជន​ប្រឡង​បាក់​ឌុប​នៅ​ភ្នំពេញ បាន​ចំណាយ​ជា​មធ្យម​ម្នាក់ ៣៧​ដុល្លារ​អាមេរិក ដើម្បី​សូក​អនុរក្ស​ក្នុង​រយៈពេល​ប្រឡង​ចំនួន ២​ថ្ងៃ​កន្លះ ពី​ថ្ងៃ​ទី​៥ ដល់​ព្រឹក​ថ្ងៃ​ទី​៧ សីហា ឆ្នាំ​២០១៣។

បើ​ទោះ​ជា​ការ​ស្រាវជ្រាវ​មិន​បាន​បង្ហាញ​ចំនួន​ទឹក​ប្រាក់​សរុប ដែល​បេក្ខជន​បាន​ចំណាយ​ក្នុង​ពេល​ប្រឡង​ក៏ដោយ តែ​បើ​គេ​យក​ចំនួន​ទឹក​ប្រាក់​មធ្យម​ដែល​សិស្ស​ចំណាយ​ម្នាក់ ៣៧​ដុល្លារ គុណ​នឹង​ចំនួន​បេក្ខជន​សរុប​នៅ​ភ្នំពេញ សរុប​ជាង ១​ម៉ឺន ៩​ពាន់​នាក់ (១៩.០៧៩) នោះ​គេ​នឹង​ឃើញ​ថា សិស្ស​ទាំង​នោះ​បាន​ចំណាយ​ប្រមាណ​ជា​ជាង ៧​សែន​ដុល្លារ​អាមេរិក​ក្នុង​ពេល​ប្រឡង។ ហើយ​ចំនួន​ទឹក​ប្រាក់​ជាង ៧​សែន​ដុល្លារ នេះ មិន​បាន​រាប់​បញ្ចូល​ប្រាក់​ដែល​សិស្ស​បាន​ចំណាយ​សម្រាប់​ចម្លង ឬ​ទិញ​វិញ្ញាសា​ប្រឡង​នៅ​ខាង​ក្រៅ​ឡើយ។

ការ​ស្រាវជ្រាវ​របស់​អង្គការ វ៉ាយ.អ.ឌី.ភី បង្ហាញ​អោយ​ឃើញ​ថា អំពើ​ពុក​រលួយ​ដែល​បាន​កើត​ឡើង​ក្នុង​ពេល​ប្រឡង​ភាគ​ច្រើន ផ្ដួចផ្ដើម​ចេញ​ពី​សិស្ស​ខ្លួន​ឯង ដែល​នាំ​គ្នា​ប្រមូល​លុយ​ប្រគល់​អោយ​គ្រូ​អនុរក្ស។

ការ​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប ចាប់​ផ្ដើម​ពី​ថ្ងៃ​ច័ន្ទ ទី​៥ និង​បញ្ចប់​នៅ​ថ្ងៃ​ពុធ ទី​៧ ខែ​សីហា ឆ្នាំ​២០១៣។ ក្រសួង​អប់រំ បាន​ឲ្យ​ដឹង​ថា ការ​ប្រឡង​នេះ​មាន​បេក្ខជន​ជាង ១០​ម៉ឺន ៥​ពាន់​នាក់ (១០៥.២៩៧) ក្រសួង​អប់រំ បាន​ប៉ាន់​ស្មាន​ថា បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​មាន​ប្រមាណ ៨៧% នៃ​បេក្ខជន​ប្រឡង​សរុប៕

No comments:

Post a Comment