Translate

Friday, September 20, 2013

ច្បាប់​និង​សីលធម៌​ជា​អាវុធសំខាន់​ពីរ​សម្រាប់​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ​



ច្បាប់​និង​សីលធម៌​ជា​អាវុធសំខាន់​ពីរ​សម្រាប់​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ​

RFI – Sept 19, 2013

អំពើពុករលួយ​គឺជា​មូលហេតុ​ដ៏​សំខាន់​មួយ​ ដែល​បង្អាក់​ការអភិវឌ្ឍ​ន៍​ ប្រទេស ​និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ទទួលរង​គ្រោះ។ វា​ក៏​ជា​មូលហេតុ​សំខាន់​មួយ​ដែរ​ ដែល​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ធ្លាក់ចុះ​ប្រជាប្រិយភាព​យ៉ាងខ្លាំង។ រដ្ឋាភិបាល​បាន​បង្កើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​បាន​ដាក់ចេញ​វិធានការ​ជា​បន្តបន្ទាប់ ប៉ុន្តែ វិធានការ​ទាំងនោះ​មិនសូវមាន​ប្រសិទ្ធភាព​ឡើយ។ ដូច្នេះ រដ្ឋាភិបាល​អាណត្តិ​ថ្មី​ត្រូវធ្វើ​សង្គ្រាម​ប្រឆាំងនឹង​អំពើពុករលួយ​ឲ្យ​ បាន​ខ្លាំងក្លា​និង​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត។ ការពង្រឹង​ច្បាប់ និង​សីលធម៌ ត្រូវគេ​មើលឃើញថា ជា​អាវុធ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​សង្គ្រាម​ប្រឆាំង​អំពើពុករលួយ។

និយាយ​ដល់​ការលុបបំបាត់​អំពើពុករលួយ គេ​គួរ​គប្បី​គិតដល់​មនុស្ស​ពីរ​ក្រុម​ជា​ចាំបាច់​គឺ​អ្នកទទួល​សំណូក​និង​ អ្នក​សូក​ ពីព្រោះ​ភាគី​ទាំងពីរ​នេះ​គឺជា​អ្នកបង្កើត​ឲ្យ​មាន​អំពើពុករលួយ។ នៅ​កម្ពុជា អំពើពុករលួយ​មិន​ពិបាក​នឹង​មើលឃើញ​ឡើយ។ មិន​ពិបាក​ដោយហេតុថា ការ​សូក​និង​ការទទួល​សំណូក​ហាក់​បាន​ក្លាយជា​ទម្លាប់​ប្រចាំ​ថ្ងៃមួយ ​ដែល​ មនុស្ស​ទូទៅ​ហាក់​ទទួលស្គាល់ថា​ ជា​រឿង​ធម្មតា​មួយ​ទៅហើយ។ ម្យ៉ាងទៀត អ្នក​ដែល​ទទួល​សំណូក​ក៏​មិន​ញញើត​នឹង​សម្ញែង​ទ្រព្យសម្បត្តិ​ដ៏​ស្តុកស្តម្ភ ​លើសពី​ប្រាក់ខែ​ដែល​ខ្លួន​ទទួលបាន​ពី​រដ្ឋ​នោះដែរ។
 

អំពើពុករលួយ​គឺជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុចម្បងៗជាច្រើន​ដែល​ធ្វើ​ ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាក់ចុះ​ប្រជាប្រិយភាព​សម្រាប់​ការបោះឆ្នោត​ ចុងក្រោយ​នេះ។ ដូច្នេះ ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​គឺជា​អ្វីដែល​ត្រូវ​ធ្វើជា​ចាំបាច់​សម្រាប់ ​រដ្ឋាភិបាល​អាណត្តិ​ថ្មី។ តាមពិត រដ្ឋាភិបាល​គណបក្សកាន់អំណាច​បាន​យល់​អំពី​បញ្ហា​នេះ​ជា​យូរ​មកហើយ។ ការដាក់ចេញ​យុទ្ធសាស្ត្រ​កំណែទម្រង់​នានា និង​ការបង្កើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គឺជា​ភស្តុតាង​ស្រាប់។ ប៉ុន្តែ គ្រាន់តែ​ថា វិធាន​ការដែល​ដាក់ចេញ​កន្លងទៅ​ហាក់​គ្មាន​ប្រសិទ្ធភាព​ឡើយ។

ចុងក្រោយ​នេះ មាន​កិច្ចខិតខំ​ប្រឹងប្រែង​ពីរ​ដែល​គួរ​ឲ្យ​កត់សម្គាល់៖ ទី១ គឺ​ការបំបាត់​អំពើពុករលួយ​ក្នុងការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​ទី២ គឺ​ការហាម​យកលុយ​ពី​សិស្ស​ដែល​សុំ​បញ្ជាក់​សញ្ញាបត្រ​បណ្តោះអាសន្ន​បញ្ចប់​ ការសិក្សា។ វិធានការ​នេះ​បានធ្វើ​ឲ្យ​ការ​សូកប៉ាន់​បាន​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់។ ប៉ុន្តែ មិនមែន​មានន័យថា អំពើពុករលួយ​ត្រូវបាន​លុបបំបាត់​ទាំងស្រុង​នោះទេ។

ជាការ​ពិត ការលុបបំបាត់​អំពើពុករលួយ​ពី​ក្នុងសង្គម​ខ្មែរ​មិនមែនជា​ការងាយស្រួល​ឡើយ។ មិន​ងាយស្រួល​ពីព្រោះថា ពុករលួយ​បាន​ជ្រក​ក្រោម​ស្លាក​ពាក្យ​ថា«សគុណ» មានន័យថា នៅពេលដែល​ពលរដ្ឋ​ទៅ​ពឹងពាក់​មន្ត្រី​អាជ្ញាធរ​ដើម្បី​ធ្វើឯកសារ​ ផ្លូវច្បាប់ផ្សេងៗ ពួកគេ​តែង​ឲ្យ​លុយ​ទៅ​មន្ត្រី​ទាំងនោះ​ក្រោមរូបភាព«ជូនសគុណ»។ ជាទូទៅ មន្ត្រី​សាធារណៈ​តែង​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ទាមទារ​សគុណ​ពី​ អ្នកប្រើប្រាស់​សេវាកម្ម​របស់ខ្លួន បើទោះជា​មន្ត្រី​ទាំងនោះ​បានទទួល​ប្រាក់ខែ​ពី​រដ្ឋ​ក៏ដោយ។ ទម្លាប់​បែបនេះ​កើតមាន​គ្រប់ទិសទី។

ពិត​ហើយ គេ​អាច​លើក​ហេតុផល​ថា មកពី​មន្ត្រីរាជការ​មាន​ប្រាក់ខែ​តិច​ចាយ​មិន​គ្រប់​ទើប​ធ្វើ​ឲ្យ​ពួកគេ​ ប្រព្រឹត្ត​អំពើពុករលួយ។ ហេតុផល​នេះ​ពិតជា​ត្រឹមត្រូវ ប៉ុន្តែ វា​មិនមែនជា​ហេតុផល​តែមួយគត់​ដែលជា​ប្រភព​នៃ​អំពើពុករលួយ​នៅ​កម្ពុជា​ទេពី​ ព្រោះ​អ្នកប្រព្រឹត្ត​អំពើពុករលួយ​មិនមែន​សុទ្ធតែ​ដើម្បី​បង្គ្រប់​ជីវភាព​ ប៉ុណ្ណោះ​ទេ តែ​សូម្បីតែ​មន្ត្រី​ដែលមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ចាយ​មិន​អស់​ក៏​ នៅតែ​ប្រព្រឹត្ត​ពុករលួយ​ដែរ ហើយ​ជា​អំពើពុករលួយ​ធ្ងន់ធ្ងរ​ជាង​មន្ត្រី​តូចតាច​ដែលមាន​ប្រាក់ខែ​ចាយ​មិន​ គ្រប់​នោះ​ទៅទៀត។

នេះ​សបញ្ជាក់​ឲ្យ​ឃើញថា មាន​កិច្ចការ​ច្រើនយ៉ាង​ដែល​ត្រូវធ្វើឡើង​ទន្ទឹមគ្នា​ដើម្បី​លុបបំបាត់​ អំពើពុករលួយ​ឲ្យ​មាន​ប្រសិទ្ធភាព ក្នុងនោះ វិធានការ​ផ្លូវច្បាប់ និង​ផ្លូវ​សីលធម៌​ត្រូវតែ​អនុវត្តព្រមៗគ្នា​ជា​ចាំបាច់។ វិធានការ​ផ្លូវច្បាប់​មានន័យថា ការអនុវត្ត​ច្បាប់​ត្រូវតែ​តឹងរ៉ឹង​និង​ស្មើភាព​គ្នា​ដោយ​មិន​រើសមុខ ពោលគឺ​អ្នកប្រព្រឹត្ត​អំពើពុករលួយ​ត្រូវតែ​ទទួលទោស​តាមច្បាប់​ដោយ​គ្មាន​ លើកលែង​រាប់ទាំង​មន្ត្រី​ដែលមាន​មុខនាទីសំខាន់ៗក្នុង​រដ្ឋាភិបាល​ផង។  

រីឯ​វិធានការ​សីលធម៌​វិញ​គឺត្រូវធ្វើ​យ៉ាងណា​ឲ្យ​មនុស្ស​គ្រប់គ្នា​ចេះ​ ខ្មាស់អៀន​នឹង​អំពើពុករលួយ ហើយ​បែងចែក​ឲ្យ​ច្បាស់​រវាង​ការប្រើប្រាស់​សេវាកម្ម​និង​ការ​ពឹងពាក់ រវាង​សគុណ និង​សំណូក។ នៅពេលដែល​ច្បាប់​ត្រូវបាន​អនុវត្ត​យ៉ាង​តឹងរ៉ឹង​និង​យុត្តិធម៌ ចំណែក​មនុស្ស​ខ្មែរ​គ្រប់គ្នា​ស្អប់ខ្ពើម​អំពើពុករលួយ ហើយ​ចាត់ទុក​អំពើ​នេះ​ថា ជា​បទឧក្រិដ្ឋ​ឬ​យ៉ាងហោចណាស់​ថា​ជា​អំពើ​បាប​នោះ ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​នឹងមាន​ប្រសិទ្ធភាព​ជាមិនខាន។

ផ្ទុយទៅវិញ ប្រសិនបើ​អ្នកអនុវត្ត​ច្បាប់​នៅតែ​ស្រវាំងភ្នែក​ចំពោះមុខ​ឥទ្ធិពល​អំណាច និង​ប្រាក់​ដុល្លារ និង​ប្រសិនបើ​មនុស្ស​នៅតែ​ផ្តល់​តម្លៃ​ដល់​ទឹកប្រាក់​ខ្ពស់ជាង​សីលធម៌​នោះ អំពើ​ពុករលួយ​​នឹង​មិនអាច​លុបបំបាត់បាន​ឡើយ ហើយ​វា​មិន​ត្រឹមតែ​បន្តធ្វើ​ឲ្យ​សង្គម​ខ្មែរ​ក្រីក្រ​ងើបមុខ​មិន​រួច​ ប៉ុណ្ណោះ​ទេ តែ​វា​ក៏​នឹងធ្វើ​ឲ្យ​គណបក្សកាន់អំណាច​បាត់​បង់​ប្រជាប្រិយភាព​បន្តទៀត​ ជាមិនខាន៕

No comments:

Post a Comment