Translate

Wednesday, September 11, 2013

គួរ​ប្តូរ​​«សិល្បៈ​នៃ​ការ​ចែក​រំលែក»​មក​«យុត្តិធម៌​នៃ​ការ​ចែក​រំលែក»

គួរ​ប្តូរ​​«សិល្បៈ​នៃ​ការ​ចែក​រំលែក»​មក​«យុត្តិធម៌​នៃ​ការ​ចែក​រំលែក»


ភ្នំពេញប៉ុស្តិ៍ ១១ កញ្ញា ២០១៣
 
លោក Adam Smith (ឆ្នាំ ១៧២៣-១៧៩០) ដែល​ជា​ទស្សនវិទូ​ជនជាតិ ស្តុតឡែន បាន​សរសេរ​នៅ​ក្នុង​សៀវភៅ Wealth of Nations ដ៏​ល្បីល្បាញ​របស់​លោក​ថា ដើម្បី​ឲ្យ​មាន​យុត្តិធម៌​ក្នុង​សង្គម​ត្រូវ​តែ​មាន «យុត្តិធម៌​ក្នុង​ការ​ចែក​រំលែក» ដែល​រួម​ទាំង​ការ​បែង​ចែក​ទ្រព្យ​សម្បត្តិ​ជាតិ សេរីភាព សមភាព សមធម៌​ក្នុង​សង្គម។ ទ្រឹស្តី​របស់​លោក​ត្រូវ​បាន​យក​ទៅ​អនុវត្ត​នៅ​បណ្តា​ប្រទេស​ក្នុង​ទ្វីប​ អឺរ៉ុប​ចាប់​ពី​ដើម​សតវត្សរ៍​ទី១៩ នៅ​ពេល​ដែល​ឧស្សាហកម្ម​ចាប់​កំណើត​ឡើង ហើយ​សេដ្ឋកិច្ច​នៅ​តាម​បណ្តា​ប្រទេស​ទាំង​នោះ​ក៏​មាន​សន្ទុះ​គួរ​ឲ្យ​កត់​ សម្គាល់ រហូត​រីក​សាយ​ភាយ​ទៅ​ដល់​ទ្វីប​អាមេរិក និង​អាស៊ី​មួយ​ភាគ​ធំ​បន្ត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

លោក Adam Smith បាន លើក​ឡើង​ថា ដើម្បី​ឲ្យ​មាន «យុត្តិធម៌ នៃ​ការ​ចែក​រំលែក» រដ្ឋ​ត្រូវ​មាន​ភារកិច្ច​ពីរ​ធំៗ​គឺ៖

.រៀបចំ​ការ​ប្រមូល​ចំណូល ជាតិ និង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ឲ្យ​បាន​ត្រឹម​ត្រូវ​មាន​យុត្តិធម៌ មាន​តម្លាភាព និង​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ពោល​គឺ​ការ​ប្រមូល​ពន្ធដារ​លើ​ប្រាក់​ចំណូល។ បើ​តាម​ទ្រឹស្តី​របស់​លោក អ្នក​ដែល​មាន​ធនធាន និង​ប្រាក់​ចំណូល​កាន់​តែ​ខ្ពស់ ក៏​ត្រូវ​មាន​ភារកិច្ច​បង់​ពន្ធ​កាន់​តែ​ច្រើន​ដែរ។ ឧទាហរណ៍ បុគ្គលិក​ដែល​មាន​ប្រាក់​ចំណូល ១២ ០០០ ដុល្លារ ក្នុង​មួយ​ឆ្នាំ​អាច​នឹង​ត្រូវ​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​ត្រឹម​តែ ៥ ឬ ១០ ភាគរយ ប៉ុណ្ណោះ ចំណែក​អ្នក​មាន​ប្រាក់​ចំណូល ១ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​អាច នឹង​ត្រូវ​បង់​ពន្ធ​ពី ២០ ទៅ ៣០ ភាគរយ។

.ការ​ចែក​រំលែក​ប្រាក់​ចំណូល ឬ​ពន្ធដារ​ដល់​អ្នក​ខ្សត់​ខ្សោយ តាម​រយៈ​ការ​បង្កើត​ជា​របប​សុខុមាលភាព​សង្គម​ទៅ​តាម​អាទិភាព​សំខាន់ៗ​ដូចជា សេវា​សុខាភិបាល (ដោយ​ឥត​បង់​ថ្លៃ ឬ​តម្លៃ​ទាប) មជ្ឈមណ្ឌល​ចាស់​ជរា កុមារ​កំព្រា ជនពិការ ឬ​ជន​អនាថា គ្មាន​ការងារ​ធ្វើ និង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​ដូចជា សាលា​រៀន ផ្លូវ​ថ្នល់ មន្ទីរពេទ្យ ឲ្យ​បាន​គ្រប់​គ្រាន់​រហូត​ដល់​ទី​ជនបទ។ មួយ​វិញ​ទៀត ការ​ដែល​បុគ្គលិក​បម្រើ​សេវា​សាធារណៈ​មាន​ប្រាក់​បៀវត្សរ៍​ធុន​ល្មម​នឹង​អាច ​រស់​បាន​ក៏​ជា​ផ្នែក​មួយ​នៃ​«យុត្តិធម៌​នៃ​ការ​ចែក​រំលែក» ដែរ។

ដោយ​ឡែក នៅ​ប្រទេស​កម្ពុជា​យើង​វិញ កន្លង​មក​រដ្ឋាភិបាល​បាន​ប្រើ​ប្រាស់ «សិល្បៈ​នៃ​ការ​ចែក​រំលែក» ដូចជា បើក​អំណោយ នានា​រួម​មាន សារុង ឬ​ក្រមា​ម្នាក់​មួយ ប៊ីចេង អង្ករ ប្រាក់​ម្នាក់ ១ ម៉ឺន ឬ ២ ម៉ឺន​រៀល​ដល់​បណ្តា​ប្រជាជន​ដែល​ចូលរួម​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ណា​មួយ។ ជួន​កាល​នៅ​តាម​កញ្ចក់​ទូរទស្សន៍ ឃើញ​មាន​សប្បុរសជន​ឬ​អំណោយ​ពី ឯកឧត្តម​នេះ ឬ​ជំទាវ​នោះ ឬ ឧកញ៉ា នោះ ផ្តល់​ដល់​ជន​ទុគ៌ត​នានា​សម្រាប់​មួយ​គ្រា។ ការ​ឧបត្ថម្ភ​បែប​នេះ​ជា​កាយវិការ​ល្អ​ប្រពៃ​ណាស់​សម្រាប់​សង្គម​ខ្មែរ ជា​ពិសេស​អ្នក​ក្រីក្រ​នៅ​ចុង​កាត់​មាត់​ញក ប៉ុន្តែ​វា​ពុំ​មែន​ជា​ដំណោះស្រាយ​សម្រាប់​រយៈ​ពេល​យូរ​អង្វែង​ឡើយ វា​បាន​ត្រឹម​តែ​ម្តង ម្យាម ប៉ុណ្ណោះ។

បើ​យើង​យក​ទ្រឹស្តី ទី១ របស់​លោក Adam Smith មក​ពិភាក្សា និង​សិក្សា​ប្រៀប​ធៀប យើង​ប្រាកដ​ជា​សួរ​ខ្លួន​ឯង​ថា តើ​ការ​ប្រមូល​ចំណូល​ជាតិ​នៅ​ក្នុង​ប្រទេស​យើង​ប្រព្រឹត្ត​ទៅ​បាន​ដោយ យុត្តិធម៌​ឬ​ទេ​? ព្រោះ​ថា ប្រសិន​បើ​មាន​ភាព​អយុត្តិធម៌​កើត​ឡើង​ក្នុង​ដំណាក់កាល​នេះ​ទៅ​ហើយ នោះ​យុត្តិធម៌​នៃ​ការ​ចែង​រំលែក​ក៏​រឹង​រឹត​តែ​មិន​អាច​ទៅ​រួច​ដែរ។

ត្រង់​នេះ​ខ្ញុំ​សូម​លើក​តែ​ត្រឹម​តែ​ឧទាហរណ៍​តូច​មួយ​មក​ពិចារណា​ទៅ​ចុះ ​ថា៖ បណ្តា​អ្នក​រស់​នៅ​ក្រុង ភ្នំពេញ​ប្រាកដ​ជា​ដឹង​ហើយ​ថា តម្លៃ​រថយន្ត​ជជុះ​នៅ​ក្នុង​វិក្កយបត្រ​បង់​ប្រាក់​មិន​ឆ្លុះ​បញ្ចាំង​ពី តម្លៃ​ពិត​ប្រាកដ​ដែល​អ្នក​ទិញ​ត្រូវ​បង់​ទេ។ ឧទាហរណ៍ ក្នុង​វិក្កយបត្រ រថយន្ត​មួយ​គ្រឿង​តម្លៃ ៦ ០០០ ដុល្លារ​សហរដ្ឋ​អាមេរិក ដូច្នេះ​ពន្ធ​ដែល​ត្រូវ​បង់​ឬ​ចំណូល​ចូល​រដ្ឋ​គិត​ទៅ​តាម​ភាគរយ​នៃ​តម្លៃ​ ក្នុង​ក្រដាស​នេះ (ឧទាហរណ៍ ១០ ភាគរយ) តែ​តម្លៃ​ពិត​ប្រាកដ​នៃ​រថយន្ត​នេះ អ្នក​ទិញ​ត្រូវ​បង់​ដល់​ទៅ ២០០០០ ដុល្លារ​ឯណោះ។ សុំ​សួរ​ថា តើ ១០ ភាគរយ​នៃ ១៤ ០០០ ដុល្លារ (ត្រូវ​ជា ១ ៤០០ដុល្លារ) ត្រូវ​បាត់បង់​ទទេ​ទៅ​ហើយ។ ចុះ​បើ​មាន​រថយន្ត​ប្រភេទ​នេះ ១ ម៉ឺន​គ្រឿង នោះ​យើង​មិន​បាត់​បង់​ចំណូល​ជាតិ​អស់​ដល់​ទៅ ១៤ លាន​ដុល្លារ ទៅ​ហើយ។

ខាង​លើ​នេះ​ត្រឹម​តែ​ជា​កូន​ឧទាហរណ៍​តូច​មួយ​ប៉ុណ្ណោះ​វា​អាច​មាន​ករណី មុខ​ជំនួញ​ពាណិជ្ជកម្ម​នានា​ជាច្រើន​ករណី​ទៀត​ដែល​បង្ហាញ​ពី​ភាព​អយុត្តិធម៌ ក្នុង​ការ​ប្រមូល​ចំណូល​ជាតិ។ ប្រការ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​កាន់​តែ​មាន​ទៅ អ្នក​ក្រ​កាន់​តែ​ក្រ​ទៅ គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ​កាន់​តែ​ឆ្ងាយ​ទៅៗ ភាព​អយុត្តិធម៌ និង​ការ​ជិះជាន់​កេង​ប្រវ័ញ្ច​កាន់​តែ​ខ្លាំង​ក្លា​ទៅៗ ហើយ​បើ​យើង​ទាំង​អស់​គ្នា​មិន​ឆាប់​ដោះស្រាយ​ទេ វិបត្តិ​នេះ​នឹង​កាន់​តែ​រ៉ាំរ៉ៃ​ក្លាយ​ជា​វិបត្តិ​ធ្ងន់​ធ្ងរ​មិន​ខាន ប្រៀប​បី​ដូចជា ជំងឺ​ឬ​ដំបៅ​ដែល​យើង​មិន​ព្រម​ព្យាបាល​ឲ្យ​ជា​សះស្បើយ​ដូច្នេះ​ដែរ!

ឥឡូវ សូម​ពិភាក្សា​ចំពោះ​ទ្រឹស្តី ទី២ របស់​លោក Adam Smith វិញ​ម្តង។ នា​ពេល​កន្លង​មក​នេះ​យើង​ឃើញ​ថា រដ្ឋាភិបាល​បាន​អនុវត្ត​ត្រឹម​តែ​ពាក់​កណ្តាល​នៃ​ទ្រឹស្តី​នេះ​ប៉ុណ្ណោះ។ ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​ត្រូវ​បាន​ស្ថាបនា​ឡើង​យ៉ាង​ព្រោង​ព្រាត​មាន​ សាលា​រៀន​រាប់​ម៉ឺន​ខ្នង ផ្លូវ​ថ្នល់​រាប់​ពាន់​ខ្សែ មន្ទីរពេទ្យ វត្ត​អារាម ។ល។ និង ។ល។ តែ​បើ​និយាយ​ពី​សាលា​រៀន​វិញ នៅ​តាម​ជនបទ​គ្មាន​គ្រូ​បង្រៀន​ទេ សាលា​ខ្លះ​សង់​បាន​តែ​ពីរ​បី​ឆ្នាំ​ក៏​បែរ​ជា​បែក​បាក់​ទ្រុឌ​ទ្រោម​អស់ តើ​សង់​ឲ្យ​នរណា​រៀន? ផ្លូវ​ថ្នល់​មួយ​ចំនួន​ក៏​ដូច​គ្នា សង់​តែ​បាន​តែ​ពីរ​បី​ឆ្នាំ​ក៏​វិល​ត្រឡប់​ទៅ​រក​សភាព​ដើម​វិញ ដោយ​គ្មាន​ការ​ថែទាំ និង​យក​ចិត្ត​ទុក​ពី​ម្ចាស់​សំណង់ ក៏​ដូចជា​អ្នក​ប្រើ​ប្រាស់។ ចំណែក​មន្ទីរពេទ្យ​មាន​តែ​អគារ គ្មាន​គ្រូ​ពេទ្យ គ្មាន​ថ្នាំ​សង្កូវ​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​អ្នក​ជំងឺ​គ្មាន​ទំនុក​ចិត្ត​ចំពោះ​សេវា​សុខភាព​នៅ​ក្នុង​ប្រទេស​ ខ្លួន​ឯង ព្រោះ​គ្រូ​ពេទ្យ​រវល់​តែ​យក​ម៉ោង​រដ្ឋ​ទៅ​រក​ចំណូល​ខាង​ក្រៅ ។ល។ និង ។ល។ ចង់​មិន​ចង់ ទាំង​គ្រូ​បង្រៀន​ក្តី ទាំង​គ្រូ​ពេទ្យ​ក្តី ឬ​បុគ្គលិក​រាជការ​នានា​ក្តី​តែង​បន្ទោស​ទៅ​លើ​បញ្ហា​ប្រាក់​ខែ​តិច​តួច ពេក​មិន​អាច​ចិញ្ចឹម​គ្រួសារ​បាន។

ត្រង់​ចំណុច​នេះ​វា​ហាក់​បី​ដូច​ជា ស្រប​ទៅ​នឹង​ការ​លើក​ឡើង​ខាង​លើ​ដែល​ថា គ្មាន​យុត្តិធម៌​ក្នុង​ការ​ប្រមូល​ចំណូល​ជាតិ​ទេ នោះ​ក៏​គ្មាន «យុត្តិធម៌​នៃ​ការ​ចែក​រំលែក» ដែរ។ តើ​ពេល​ណា​ទៅ​ទើប​រដ្ឋាភិបាល​យើង​លះបង់​ទ្រឹស្តី «សិល្បៈ​នៃ​ការ​ចែក​រំលែក» និង​ងាក​មក​អនុវត្ត​ទ្រឹស្តី «យុត្តិធម៌​នៃ​ការ​ចែក​រំលែក» វិញ?

ពី​ខ្ញុំ អ៊ុង​សំអាត, អតីត​សាស្រ្តាចារ្យ​ផ្នែក​ច្បាប់​នៅ​រាជធានី ភ្នំពេញ samat.ung80@gmail.com

No comments:

Post a Comment