Translate

Wednesday, September 4, 2013

ម្ចាស់​យីហោ​ក្នុង​ស្រុក​បង្កើន​ការ​ពង្រឹង​គុណភាព​ដើម្បី​ប្រកួត​ប្រជែង



ម្ចាស់​យីហោ​ក្នុង​ស្រុក​បង្កើន​ការ​ពង្រឹង​គុណភាព​ដើម្បី​ប្រកួត​ប្រជែង

ភ្នំពេញប៉ុស្តិ៍ ០៤-០៩-២០១៣

ភ្នំពេញៈ ហាង កាហ្វេ និង ភោជនីយដ្ឋាន​ក្នុង​ស្រុក​ដែល​មាន​ស្តង់ដារ​ខ្ពស់​នៅ​កម្ពុជា​មាន​វត្តមាន​ កាន់​តែ​ច្រើន ហើយ​បាន​នឹង​កំពុង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​នៅ ភ្នំពេញ​នា​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ហាង​ម៉ាក​យីហោ​ល្បីល្បាញ​កម្រិត​អន្តរជាតិ ក៏​កំពុង​ជ្រៀត​ចូល​មក​ទីផ្សារ​កម្ពុជា​ផង​ដែរ។

នេះ​ជា​សញ្ញា​មួយ​ដែល​អ្នក​ជំនាញ​ផ្នែក​ស្រាវជ្រាវ​ទីផ្សារ​បាន​ព្រមាន​ ថា ផលិតករ​ក្នុង​ស្រុក​ត្រូវ​ពង្រឹង​លទ្ធភាព​ប្រកួត​ប្រជែង​របស់​ខ្លួន​ឲ្យ​ កាន់​តែ​ខ្លាំង​នៅ​លើ​ឧស្សាហកម្ម​នេះ។

នៅ​ចុង​សប្ដាហ៍​នេះ​សាខា​ទី៦ របស់​ហាង​កាហ្វេ Brown Coffee និង Bakery ដែល​ជា​យីហោ​ហាង​កាហ្វេ​ក្នុង​ស្រុក​មួយ នឹង​ត្រូវ​បង្កើត​ឡើង​តាម​មហាវិថី សុធារស កែង​ផ្លូវ​លេខ ២៦៦។

លោក ចាង ប៊ុនលាង ជា​ដៃ​គូ​គ្រប់​គ្រង​របស់​ហាង Brown Coffee និង Bakery បាន​និយាយ​ថា៖ «វា​ឆ្លុះ​បញ្ចាំង​ពី​ការ​វិនិយោគ​រយៈ​ពេល​វែង​របស់​យើង។ ខណៈ​យើង​កំពុង​ពង្រីក​កាន់​តែ​ធំ យើង​ក៏​ផ្ដោត​លើ​គុណភាព​និង​សេវាកម្ម​ដ៏​ល្អ​ផង​ដែរ»

យីហោ​ក្នុង​ស្រុក​ជាច្រើន​បាន ដំណើរការ​យ៉ាង​ល្អ​នៅ​ទី​ផ្សារ​កម្ពុជា ដូចជា Park Cafe, Blue Pumpkin ឡាក់គី បឺហ្គឺ ប៊ីប៊ីវើល និង T&C Caffee

លោក ចាន់ ស៊ី អ្នក​គ្រប់​គ្រង​ទូទៅ​របស់​ហាង Park Cafe និយាយ​ថា តម្រូវការ​កំពុង​កើន​ឡើង។ លោក​បន្ត​ថា៖ «ជោគជ័យ​របស់​យើង​ត្រូវ​បាន​ទទួល​ស្គាល់​ពី​ការ​កើន​ឡើង​ជា​បន្ត បន្ទាប់​របស់​យើង​ពី​មាន​ហាង​តែ​មួយ​រហូត​ដល់​ហាង ៦»

លោក Owen Williams អ្នក​គ្រប់​គ្រង​ក្រុមហ៊ុន CB Richard Ellis ដែល​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​មួយ​បាន​ឲ្យ​ដឹង​ថា យីហោ​ក្នុង​ស្រុក​ជាច្រើន​ខាង​ឧស្សាហកម្ម​អាហារ និង​ស្រាបៀរ បាន​ដំណើរការ​បាន​យ៉ាង​ល្អ​។ ប៉ុន្តែ​វា​អាច​មាន​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ពេល​ដែល​ យីហោ Burger King បាន​ចូល​មក​ក្នុង​ទីផ្សារ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែល​បាន​ចាប់​ផ្តើម​នៅ​ ក្នុង​ព្រលាន​យន្តហោះ។

លោក​បន្ត​ថា៖ «ទីផ្សារ​ដើម្បី​ទិសដៅ ត្រឹម​ត្រូវ​គឺជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​យីហោ​ក្នុង​ស្រុក។ គូ​ប្រកួត​ប្រជែង​អន្តរជាតិ​មាន​បទ​ពិសោធ​ច្រើន​ជាង»

យីហោ​ល្បីៗ​កាន់​តែ​ច្រើន​បាន​ចូល​មក​ទីផ្សារ​កម្ពុជា ដូចជា​ហាង​កាហ្វេ Costa ហាង​ដុត​នំ Tous Les Jours ជាដើម។

លោក ប៊ុនលាង ទទួល​ស្គាល់​ការ​មក​ដល់​របស់​យីហោ​អន្តរជាតិ​មួយ​ចំនួន​មាន​ន័យ​ថា​ជា ការ​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ខ្លាំង​នៅ​ក្នុង​ឧស្សាហកម្ម​នេះ ប៉ុន្តែ​លោក​នៅ​តែ​មើល​ឃើញ​ឱកាស​រីក​ចម្រើន​។ លោក​ថ្លែង​ថា៖ «យើង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ​សម្រាប់​ហាង​កាហ្វេ អន្តរជាតិ។ យើង​ផ្ដល់​តម្លៃ​ផល​ប្រយោជន៍​នៃ​ការ​ប្រកួត​ប្រជែង​នេះ ហើយ​យើង​បាន​ពង្រឹង​ធនធាន​មនុស្ស​យើង​រួច​ហើយ​ដែរ»

No comments:

Post a Comment