Translate

Wednesday, September 4, 2013

ខ្ញុំ​តែង​នឹក​ស្រមៃ ដោយ អ៊ុង សំអាត




ខ្ញុំ​តែង​នឹក​ស្រមៃ  


ភ្នំពេញប៉ុស្តិ៍ ០៤-០៩-២០១៣

«ខ្ញុំ​មាន​ក្តី​ស្រមៃ» ជា​ពាក្យ​មួយ​ឃ្លា​ដែល​អតីត​បណ្ឌិត Martin Luther King Jr.ជា​អ្នក​ប្រដៅ​សាសនា​គ្រិស្ត និង​ជា​សកម្មជន​ទាមទារ​សិទ្ធិ​សម្រាប់​ជនជាតិ​អាមេរិ​កាំង​ស្បែក​ខ្មៅ​យក​មក ​និយាយ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ ដើម្បី​ទាមទារ​ឲ្យ​មាន​សមភាព និង​សេរីភាព​ក្នុង​សង្គម​រវាង​ស្បែក​ស និង​ស្បែក​ខ្មៅ។ ទោះ​បី​រូប​លោក​ត្រូវ​បាន​គេ​លួច​ធ្វើ​ឃាត​ដោយ​មិន​ទាន់​បាន​ឃើញ​ជនជាតិ​ អាមេរិកាំង​ស្បែក​ខ្មៅ​ទទួល​បាន​សិទ្ធិ​សេរីភាព​ដូច​ពួក​ស្បែក​ស​ក៏​ពិត​មែន តែ​គំរូ​វីរភាព​របស់​លោក​ត្រូវ​បាន​ជនជាតិ​អាមេរិកាំង​ជំនាន់ៗ​ក្រោយ​ទាំង គ្រប់​ពណ៌​សម្បុរ​ធ្វើ​ឲ្យ​ក្លាយ​ជា​ការ​ពិត។ បច្ចុប្បន្ន​នេះ​ទៀត​សោត ពួក​ស្បែក​ខ្មៅ​មិន​ត្រឹម​តែ​មាន​សិទ្ធិ និង​សេរីភាព​ដូច​ពួក​ស្បែក​ស​ទេ ថែម​ទាំង​មាន​ប្រធានាធិបតី​ស្បែក​ខ្មៅ​ទៀត​ផង។ នោះ​ដោយ​សារ​តែ​មាន​មនុស្ស​ហ៊ាន​ស្រមៃ។

នៅ​កម្ពុជា​យើង​វិញ តើ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​ស្រមៃ​ចង់​បាន​សង្គម​បែប​ណា?

សម័យកាល​ផ្លាស់​ប្តូរ ការ​ស្រមៃ​របស់​មនុស្ស​ក៏​ផ្លាស់​ប្តូរ​ដែរ។ ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​ស្ថិត​ក្រោម​របប​អាណានិគម​និយម ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​ស្រមៃ​ចង់​បាន​សេរីភាព ចៀស​ផុត​ពី​ការ​ជិះ​ជាន់ ទើប​មាន​ការ​រើ​បម្រះ​បះបោរ ដើម្បី​ទាមទារ​ឯករាជ្យ​។ គ្រា​ដែល​ប្រទេស​យើង​ស្ថិត​ក្នុង​ភ្នក់​ភ្លើង​សង្រ្គាម ទាំង​អស់​គ្នា​សុទ្ធ​តែ​ចង់​បាន​សន្តិភាព ព្រោះ​សង្រ្គាម​នាំ​មក​នូវ​មហា​វិនាសកម្ម និង​ភាព​ហិនហោច​ខ្លោច​ផ្សា។ ក្នុង​របប ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ជន​រងគ្រោះ​ទូទៅ​បន់​ស្រន់​សូម​ឲ្យ​មាន​ទេព្តា​មក​ជួយ​ស្រោច​ស្រង់​ជីវិត រួច​ផុត​ពី​ការ​សម្លាប់​រង្គាល។ ពេល​សង្រ្គាម​ផុត​រលត់​ភ្លាម យើង​ទាំង​អស់​គ្នា​ស្រមៃ​ចង់​បាន​ត្រឹម​តែ​មាន​អាហារ​ចម្អែត​ក្រពះ សម្លៀក​បំពាក់​គ្រប់​គ្រាន់ និង​ថ្នាំ​សង្កូវ​សម្រាប់​ព្យាបាល​ជំងឺ​ប៉ុណ្ណោះ។

តែ​ក្រោយ​ពេល​ដែល​សេដ្ឋកិច្ច​បាន​ប្រសើរ​ឡើង តើ​យើង​នៅ​ចង់​បាន​អ្វី​បន្ថែម​ទៀត?

យុគ​សម័យ​សតវត្សរ៍​ទី២១ នេះ​ជា​យុគសម័យ​ព័ត៌មាន និង​បច្ចេកវិទ្យា​ដល់​កំពូល​ទៅ​ហើយ ដូច្នេះ​ការ​ស្រមៃ​របស់​យើង​ក៏​ខុស​ប្លែក​ពី ៥០ ឆ្នាំ​មុន​ដែរ។ ប្រាកដ​ជា​មាន​មនុស្ស​ជាច្រើន​ស្រមៃ​ចង់​បាន iPhone, iPad ទូរស័ព្ទ​ទំនើបៗ រថយន្ត​ទាន់​សម័យ វីឡា​ស្កឹមស្កៃ ទ្រព្យ​សម្បត្តិ​ហូរហៀរ។ ងាក​មក​បញ្ហា​សង្គម នយោបាយ សីលធម៌ គុណធម៌ ច្បាប់ យុត្តិធម៌ វិញ តើ​ប្រជា​ពលរដ្ឋ យើង​ទូទៅ​ធ្លាប់​ស្រមៃ​បែប​ណា​ដែរ? បើ​និយាយ​អំពី​សីលធម៌ និង​គុណធម៌​ក្នុង​សង្គម​វិញ ខ្ញុំ​យល់​ថា​ហាក់​ដូច​ជា​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​។ ខ្ញុំ​ស្រមៃ​ថា ពេល​អ្នក​បញ្ជា​យានយន្ត​ទាំង​អស់​ទៅ​ដល់​ភ្លើង​ចរាចរណ៍​ត្រូវ​ឈប់​ទាំង​អស់​ គ្នា​ពេល​ភ្លើង​ក្រហម​មក​ដល់ មិន​មែន​ឈប់​តែ​អ្នក​ជិះ​កង់ ជិះ​ម៉ូតូ ឬ​រថយន្ត​មិន​សូវ​ទំនើប ចំណែក​រថយន្ត​ថ្លៃ​រាប់​ម៉ឺន​ដុល្លារ ឬ​ពាក់​ស្លាក​រាជការ ខ.ម ន.ប ។ល។ អាច​បើក​កាត់​ភ្លើង​ក្រហម​បាន​ស្រេច​តែ​នឹង​ចិត្ត​នោះ​ទេ។ ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ខ្ញុំ​ស្រមៃ​ថា អ្នក​ប្រព្រឹត្ត​នឹង​ត្រូវ​ទទួល​ទោស​ដូច​គ្នា ចំពោះ​បទ​ល្មើស​ដូច​គ្នា គ្មាន​ការ​លើក​លែង​ថា អ្នក​ក្រ​គ្មាន​លុយ កាក់​ត្រូវ​ជាប់​គុក ចំណែក​អ្នក​មាន​លុយ​ត្រឹម​តែ​ព្យួរ​ទោស​នោះ​ឡើយ។

ពាក់​ព័ន្ធ​នឹង​ការ​ទទួល​ខុស​ត្រូវ​ទៀត​សោត ខ្ញុំ​ស្រមៃ​ថា ក្នុង​ឋានៈ​ជា​នាយ​ចៅហ្វាយ ឬ​ថ្នាក់​ដឹក​នាំ កាល​បើ​កូន​ចៅ​ក្រោម​ឱវាទ​របស់​ខ្លួន​ប្រព្រឹត្ត​ខុស ចៅហ្វាយ​នាយ​នោះ​ត្រូវ​ហ៊ាន​ទទួល​ខុស​ត្រូវ ឬ​ហ៊ាន​ចុះ​ចេញ​ពី​តំណែង​។ ផ្ទុយ​ទៅ​វិញ នៅ​កម្ពុជា​ប្រសិន​បើ​កូន​ចៅ​ប្រព្រឹត្ត​ខុស ចៅហ្វាយ​នាយ​បែរ​ក្លាយ​ជា​ជន​រងគ្រោះ​ទៅ​វិញ។

ខ្ញុំ​ស្រមៃ​ថា មាន​ពេល​ណា​មួយ​ថ្នាក់​ដឹក​នាំ​យើង​បង្ហាញ​មុខ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ កញ្ចក់ ទូរទស្សន៍ ដោយ​អនុញ្ញាត​ឲ្យ​មាន​ក្រុម​និស្សិត​មក​ពី​គ្រប់​និន្នាការ​សាកសួរ​ដេញ​ដោល ពី​បញ្ហា​ជាតិ សង្គម នយោបាយ។ល។ ដើម្បី​បង្ហាញ​ពី​ភាព​ក្លាហាន​របស់​ថ្នាក់​ដឹក​នាំ​រូប​នោះ​ផង​និង​ដើម្បី​ ឲ្យ​យុវជន​ជំនាន់​ក្រោយ​មាន​អារម្មណ៍​កក់​ក្តៅ និង​មាន​ភាព​ស្និទ្ធស្នាល​ចំពោះ​ថ្នាក់​ដឹក​នាំ​ផង។ ប្រសិន​បើ​យើង​និយាយ តែ​ម្នាក់​ឯង​រាប់​ម៉ោង ដោយ​មិន​ឲ្យ​មាន​ការ​តវ៉ា​អ្វី មិន​ឲ្យ​មាន​ការ​បញ្ចេញ​មតិ​ពី​អ្នក​ស្តាប់ ការ​និយាយ​នោះ​បែរ​ជា​ឥត​ន័យ ឬ​គួរ​ឲ្យ​ធុញ​ទ្រាន់​ទៅ​វិញ​ទេ។ ការ​ពិភាក្សា​ដេញ​ដោល​គ្នា​រវាង​អ្នក ធ្វើ​អត្ថាធិប្បាយ​តាម​កញ្ចក់​ទូរទស្សន៍​ទៀត​សោត ខ្ញុំ​ស្រមៃ​ថា វាគ្មិន​ទាំង​អស់​មក​ពី​និន្នាការ ៣ ដូច​ដែល ទូរទស្សន៍ CNN BBC តែង​រៀបចំ​ធ្វើ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ណា​មួយ។ គឺ៖ មតិ​គាំទ្រ មតិ​ជំទាស់ និង​ជំហរ​កណ្តាល​ដែល​ផ្អែក​លើ​ការ​ស្រាវជ្រាវ​ជាក់​ស្តែង​របស់​អ្នក​ជំនាញ។ នេះ​ហើយ​ជា​ការ​បង្ហាញ​ពី​គំនិត​ប្រជាធិបតេយ្យ និង​ការ​ចេះ​ស្តាប់​មតិ​យោបល់​អ្នក​ដទៃ!

ចំពោះ​ថ្នាក់​ដឹក​នាំ​វិញ ខ្ញុំ​ស្រមៃ​ថា មាន​ពេល​មួយ​គាត់​ជា​មនុស្ស​សាមញ្ញ គ្មាន​មនុស្ស​ហែរ​ហម​អម​ដំណើរ​ស្អេកស្កះ ជុំ​ជិត។ គាត់​អាច​ជជែក​លេង​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​ធម្មតា​ដូច​ជា​រូប​ខ្ញុំ​ជាដើម ឬ​ដើរ​ទទួល​ទាន​អាហារ​តាម​ទី​សាធារណៈ​ដូច​ប្រធានាធិបតី Obama ឬ​បើ​បាន​ដូច​នាយក​រដ្ឋ​មន្រ្តី​ប្រទេស ន័រវែស លោក Jens Stoltenberg ដែល​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​រត់​តាក់ស៊ី​នា​ពេល​ថ្មីៗ នោះ​វា​រឹត​តែ​វិសេស​វិសាល​ណាស់​ទៅ​ទៀត។ ម្យ៉ាង​វិញ​ទៀត ខ្ញុំ​ស្រមៃ​ថា ក្រោយ​ពេល​គាត់​ចូល​និវត្តន៍​ពី​ឆាក​នយោបាយ គាត់​ក្លាយ​ជា​សកម្មជន​សម្រាប់​បុព្វហេតុ​សប្បុរស​ធម៌​ណា​មួយ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ជាតិ ដូច​ជា​អតីត​ប្រធានាធិបតី BillClinton ដែល​មាន​មូលនិធិ​រៃ​អង្គាស​ប្រាក់​ជួយ​ជន​រងគ្រោះ​ដោយ​ជំងឺ​អេដស៍។ល។ ខ្ញុំ​មិន​ចង់​ឃើញ ពេល​គាត់​ចូល​និវត្តន៍​ទៅ មាន​ជោគ​វាសនា​ដូច Augusto Pinochet អតីត​ប្រធានាធិបតី ឈីលី ឬ Soharto អតីត​ប្រធានាធិបតី ឥណ្ឌូនេស៊ី នោះ​ទេ។

ម្យ៉ាង​វិញ​ទៀត ខ្ញុំ​តែង​នឹក​ស្រមៃ​ថា ថ្នាក់​ដឹក​នាំ​ជំនាន់​ក្រោយ​នឹង​ផ្តោត​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ដោយ​ខិត​ខំ​សិក្សា​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច និង​កៀង​គរ​វិនិយោគិន​បរទេស​ដែល​គោរព​ច្បាប់​ត្រឹម​ត្រូវ លើក​ទឹក​ចិត្ត​ប្រជា​ពលរដ្ឋ​ឲ្យ​បង្កើន​ផ្នែក​បច្ចេកទេស មាន​ការ​លើក​ទឹក​ចិត្ត​ដល់​ការ​បង្កើត​សហគ្រាស ធុន​តូច និង​មធ្យម​ជា​ជាង​គិត​គូរ​តែ​ពី រឿង​យុទ្ធសាស្រ្ត​សង្គ្រាម​សម័យ សាម កុក ដែល​មិន​បាន​បន្សល់​ប្រយោជន៍​អ្វី​ក្រៅ​ពី​ការ​ពង្រឹង​អំណាច ការ​ប្រើ​ប្រាស់​ល្បិច​កល​ផ្តួល​រំលំ​គូបដិបក្ខ ដែល​នោះ​ហាក់​ដូច​ជា​មិន​បាន ជួយ​សេដ្ឋកិច្ច​ខ្មែរ​ឲ្យ​រីក​ចម្រើន មិន​បាន​បង្កើន​ការងារ​ដល់​យុវជន ឬ​ជួយ​ឲ្យ​ចៀស​ផុត​ពី​ភាព​ក្រីក្រ​សោះ។

អ្នក​ខ្លះ​ថា កុំ​ស្រមៃ​ខ្ពស់​ពេក ឬ​ថា បាន​ត្រឹម​តែ​ស្រមៃ​ដៃ​ឈោង​មិន​ដល់​ទេ នៅ​ឆ្ងាយ​ណាស់។ អ្នក​ខ្លះ​ថា ស្រុក​យើង​ទើប​តែ​ងើប​ពី​សង្រ្គាម ប្រជាធិបតេយ្យ​នៅ​ក្មេង​ខ្ចី​ពេក សន្តិភាព សន្តិសុខ ស្ថិរភាព​នៅ​មិន​ទាន់​នឹង​នរ​ល្អ មិន​អាច​ធ្វើ​ដូច​ពួក​បស្ចិម​លោក​បាន​ទេ សម​ដូច​សុភាសិត​បុរាណ​ថា «ខ្លួន​ទាប​កុំ​តោង ដៃ​ខ្លី​កុំ​ឈោង​ស្រវា​ឱប​ភ្នំ» «កុំ​ឃើញ​ដំរី​ជុះ ខំ​ជុះ​តាម​ដំរី​»។ ខ្ញុំ​ថា មនុស្ស​យើង​ចង់​សម្រេច​កិច្ចការ​អ្វី​មួយ​ត្រូវ​ចាប់​ផ្តើម​ពី​ការ​ហ៊ាន​ ស្រមៃ​ជា​មុន​សិន។ ដោយ​សារ​ហ៊ាន​ស្រមៃ​ទើប Bill Gate ផលិត​បាន​កម្មវិធី កុំព្យូទ័រ​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​ប្រើ​ប្រាស់​ទើប Steve Jobs ធ្វើ​ឲ្យ​ផលិត​ផល​របស់​ក្រុមហ៊ុន Apple Inc. ក្លាយ​ជា​ផលិត​ផល​ពេញ​និយម​ក្នុង​លោក ទើប​ធ្វើ​ឲ្យ Facebook របស់ Mark Zuckerberg ក្លាយ​ជា​បណ្តាញ​សង្គម​យក្ស​ប្រើ​ប្រាស់​កក្រើក​ពិភពលោក ទើប​ធ្វើ​ឲ្យ​លោក Barack Obama ក្លាយ​ជា​ប្រធានាធិបតី​ដំបូង​របស់​អាមេរិក​ដែល​មាន​ដើម​កំណើត​ស្បែក​ខ្មៅ ។

ទោះ​បី​ការ​ស្រមៃ​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​មិន​អាច​ក្លាយ​ជា​ការ​ពិត​ក៏​ ដោយ​ក៏​ខ្ញុំ​នៅ​តែ​សង្ឃឹម​ថា នៅ​ថ្ងៃ​ណា​មួយ ឬ​ក្នុង​សម័យ​កូនៗ ឬ​ចៅៗ​ខ្ញុំ ការ​ស្រមៃ​ទាំង​នេះ​នឹង​អាច​ក្លាយ​ជា​ការ​ពិត​មិន​ខាន។

តើ​យើង​ទាំង​អស់​គ្នា​ហ៊ាន​ស្រមៃ​បែប​នេះ​ឬ​ទេ?

ពីខ្ញុំ អ៊ុង សំអាត អតីត​សាស្រ្តាចារ្យ​ផ្នែក​ច្បាប់​នៅ​សាកល​វិទ្យាល័យ មេគង្គ កម្ពុជា ៖ samat.ung80@gmail.com

No comments:

Post a Comment