Translate

Wednesday, September 18, 2013

សង្គម​ស៊ីវិល និង​អ្នកវិភាគ​៖ កំណែទម្រង់​ស្ថាប័ន​កំពូល​របស់​រដ្ឋ​មួយចំនួន​ គឺជា​ការចាំបាច់​​

សង្គម​ស៊ីវិល និង​អ្នកវិភាគ​៖ កំណែទម្រង់​ស្ថាប័ន​កំពូល​របស់​រដ្ឋ​មួយចំនួន​ គឺជា​ការចាំបាច់​​

 

VOD - 18 កញ្ញា 2013

 

សង្គម​ស៊ីវិល និង​អ្នកវិភាគ ជំរុញ​ឲ្យ​អ្នកនយោបាយ​អនុវត្ត​ការសន្យា​របស់​ខ្លួន ធ្វើ​កំណែទម្រង់​លើ​ស្ថាប័ន​កំពូល​របស់​រដ្ឋ និង​ស្ថាប័ន​ជាតិ​មួយចំនួន ជាពិសេស គឺ​គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ ​ជា​ម្ចាស់ឆ្នោត​។​


​ក្រោយពី​ជំនួប​ទល់មុខ​គ្នា​លើក​ទី​២ រយៈពេល​ជាង​៣​ម៉ោង រវាង​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា អ្នកនាំពាក្យ​ភាគី​ទាំងពីរ មិន​បាន​បង្ហាញ​លទ្ធផល​ជាក់លាក់​ណាមួយ​នៃ​ជំនួប​នេះ​ទេ ដោយ​គ្រាន់តែ​អះអាងថា មាន​ការយោគយល់​គ្នា​ច្រើន ហើយ​ភាគី​ទាំងពីរ កំពុង​ពិចារណា​ឯកភាពគ្នា ដើម្បី​ធ្វើ​កំណែទម្រង់​ស្ថាប័ន​ជាតិ​មួយ​ចំនួន ដោយ​ឈរ​លើ​ផលប្រយោជន៍​ជាតិ​តែមួយ​។​

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការបោះ​ឆ្នោត និ​កហ្វិច លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា កិច្ច​ចរចា ដែល​សម្រេចបាន​នូវ​កិច្ច​ព្រមព្រៀង​ធ្វើ​កំណែទម្រង់​ស្ថាប័ន​ជាតិ​នេះ គឺជា​សញ្ញា​វិជ្ជមាន​មួយ ដែល​បង្ហាញ​ពី​ភាពជឿនលឿន​នៃ​ការយោគយល់​គ្នា​របស់​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ ​។ ជា​អនុសាសន៍ លោក​ជំរុញ​ឲ្យមាន​កំណែទម្រង់​ស្ថាប័នរដ្ឋ​មួយចំនួន ដូចជា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ប្រព័ន្ធតុលាការ និង​ក្រសួង​ព័ត៌មាន ដែល​បាន​កំពុង​រឹតបណ្តឹង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ៖

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ក៏​ទទូច​ឲ្យមាន​ការធ្វើកំណែទម្រង់ ស្ថាប័នរដ្ឋ​ជា​ច្រើន ក្នុងនោះ ប្រព័ន្ធ​តុលាការ​ គឺជា​ចំណុច​គន្លឹះ​នៃ​កំណែទម្រង់ ដើម្បីឲ្យ​ការអនុវត្ត​ច្បាប់ មាន​ប្រសិទ្ធិភាព អាច​ទប់ស្កាត់​អំពើពុករលួយ និង​អាច​ឈាន​ទៅរក​ការរក្សា​តម្លាភាព ក្នុង​វិស័យ​ដទៃទៀត​។ លោក អះអាងថា សង្គម​ស៊ីវិល នឹង​បន្ត​ឃ្លាំមើល​ការ​សន្យា​របស់​គណបក្ស​នយោបាយ ក្នុងការ​ធ្វើ​កំណែទម្រង់ សម្រាប់​អាណត្តិ​ទី​៥ ​៖

អ្នកវិភាគ​នយោបាយ លោក សុខ ទូច សង្កេតឃើញថា ស្ថាប័ន​ជាតិ និង​ស្ថាប័ន​កំពូល​របស់​រដ្ឋ​មួយចំនួន មិនទាន់​មាន​ឯករាជ្យ​ពេញលេញ​នៅឡើយ ដូចជា រដ្ឋសភា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង ​គ​.​ជ​.​ប​។ ស្ថាប័ន​នីតិប្រតិបត្តិ និង​ប្រព័ន្ធ​តុលាការ​ជាដើម គប្បី​ធ្វើ​កំណែទម្រង់ ដើម្បី​ឲ្យ​សេវា​សាធារណៈ​ទាំង​នេះ មាន​តម្លាភាព​ត្រឹមត្រូវ និង​អាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​ផ្ទាល់​របស់​ពលរដ្ឋ​ ដែល​ជា​ម្ចាស់ឆ្នោត​ ​៖

គេហទំព័រ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចុះផ្សាយ​ពី​យោបល់​របស់​ លោក William E. Todd ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឲ្យដឹងថា កំណែ​ទម្រង់​​ថ្មី​សំខាន់ៗ ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​កម្ពុជា មានដូចជា ​អំពើពុករលួយ សេរីភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឯករាជ្យភាព​នៃ​តុលាការ និង​ឱកាស​សេដ្ឋកិច្ច សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​។ លោក​បន្តថា តាមរយៈ​បទពិសោធន៍​កន្លងមក ដំណើរការ​ប្រជាធិបតេយ្យ មាន​ភាពលំបាក និង​មាន​ភាពស្មុគស្មាញ​ច្រើន នៅពេល​ខ្លះ តែ​ការខិតខំ​របស់​ភាគី​ទាំងពីរ ដោយ​​ធ្វើការ​ជាមួយ​ម្ចាស់​ឆ្នោត​របស់គេ អាច​នាំ​ដល់​ការកែទម្រង់ ដែល​នាំមក​នូវ​ការឯកភាព​គ្នា​ច្រើន ហើយ​នាំឲ្យ​មាន​ឱកាស​ថ្មីៗ សម្រាប់​ដំណើរ​ជឿនលឿន​ទៅ​មុខ​។​

ក្នុង​កំណត់ត្រា​សង្ខេប​អនុសាសន៍​របស់​ខ្លួន​ស្តីពី កំណែទម្រង់​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​ថ្មី ចេញផ្សាយ​ខែកញ្ញា ឆ្នាំ​២០១៣​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ផ្តល់​ជា​អនុ​សាស​ន៍​កំណែទម្រង់​លើ​វិស័យ​ចំនួន ១០​ មានដូចជា ការបង្កើត​ស្ថាប័ន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ជាតិ ការធានា​ឲ្យបាន​នូវ​សេរីភាព​ខាង​បញ្ចេញមតិ និង​ការពារ​ដល់​បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល និង​អ្នកការពារ​សិទិ្ធមនុ​ស្ស គាំទ្រ​នូវ​ការបង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាតិ​ឯករាជ្យ​មួយ ដោយ​លុបចោល​ច្បាប់​ណា​ដែល​មាន​លក្ខណៈ​រឹតបណ្តឹង​ទៅលើ​ខ្លឹមសារ កំណែទម្រង់ ​គ​.​ជ​.​ប និង​កំណែទម្រង់​ផ្សេងៗ​ទៀត​៕

No comments:

Post a Comment