សេដាក នឹងបញ្ចប់ម៉ាស៊ីនសហគមន៍ ២០១៤
ភ្នំពេញប៉ុស្តិ៍ ០៦-០៩-២០១៣
អង្ករសរីរាង្គរបស់អង្គការសេដាកដែលដាក់លក់នៅតាមផ្សារសេដាក។ រូបថត សុវណ្ណ ភីឡុង
លោក បៅ វុទ្ធី អ្នកសម្របសម្រួលកម្មវិធីអង្គការ សេដាក បាននិយាយ បន្ទាប់ពីការប្រជុំក្រុមការងាររៀបចំសហគមន៍ម៉ាស៊ីនកិនស្រូវ នៅខេត្ត សៀមរាប កាលពីថ្ងៃម្សិលមិញថា សេដាក គ្រោងទិញស្រូវសរីរាង្គពីសហគមន៍ផលិតស្រូវក្រអូប សរីរាង្គចន្លោះពី ៥០០០ ទៅ ៧០០០ តោនសម្រាប់ការផ្គត់ផ្គង់ក្នុងឆ្នាំនេះហើយគ្រោងបញ្ចប់ការសាងសង់ រោងម៉ាស៊ីនសហគមន៍មួយនៅដើមឆ្នាំ ២០១៤។
ការស្ថាបនារោងម៉ាស៊ីននេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការលើកទឹកចិត្តកសិករឲ្យដាំដុះស្រូវ ក្រអូបសរីរាង្គឲ្យបានកាន់តែច្រើន ព្រោះវាមានតម្រូវការខ្ពស់នៅលើទីផ្សារ ហើយប្រជាកសិករដឹងព័ត៌មានពីកសិផលរបស់ខ្លួន។
លោកបន្តថា៖ «កាលណាយើងមានឃ្លាំងនិងរោងម៉ាស៊ីនកិនស្រូវនៅមូលដ្ឋានរបស់គាត់ បែបហ្នឹង វានឹងជួយកសិករបានច្រើន។ កសិករនឹងអស់ក្តីកង្វល់ថា គាត់ខ្វះទីផ្សារ កសិផលថោកពេក ហើយការបាត់បង់ដោយសារការកិបកេងពីសំណាក់ឈ្មួញ»។
សេដាក ក៏គ្រោងដំឡើងម៉ាស៊ីនដែលដំណើរការដោយថាមពលជីវម៉ាស់ ក្នុងតម្លៃចន្លោះពី ៣ ម៉ឺនទៅ ៥ ម៉ឺនដុល្លារ ហើយកាកសំណល់ពីរោងម៉ាស៊ីន ក៏នឹងត្រូវកែច្នៃទៅជាជីសម្រាប់យកទៅបម្រើដល់ផលប្រយោជន៍ ដល់ការងារកសិកម្ម។ នេះបើតាមការបញ្ជាក់របស់លោក វុទ្ធី។
មកដល់ពេលនេះអង្គការ សេដាក បានប្រមូលទុនចូលរួមពីកសិករសរុប ៣១៥ ០០០ ដុល្លារពីសមាជិកចំនួន ៧ ៥៩៦ គ្រួសារ មកពីសមាគមចំនួន ១៦៦ នៅទូទាំងប្រទេស ហើយស្រុក ប្រាំ នៅខេត្ត ព្រៃវែង តាកែវ និង កំពង់ស្ពឺ កំពុង ទទួលបានទុននេះយកទៅរៀបចំទីតាំងរោងម៉ាស៊ីនសហគមន៍ជាបណ្តើរៗ។
លោកបន្តថា៖ «យើងឃើញមានតម្រូវការច្រើនពីប្រទេសផ្សេងៗទៀត ដូចជា អាមេរិក និងប្រទេសមួយចំនួនស្ថិតនៅតំបន់អឺរ៉ុប។ គេមានការបញ្ជាទិញពីយើងច្រើនតែយើងមិនអាចឆ្លើយតបនឹងគេបាននោះ ទេ ដោយសារនៅតាមខេត្តគោលដៅ សេដាក មិនទាន់បានពង្រឹងអ្នកផលិតឲ្យបានជាក់លាក់»។
លោកបន្ថែមថា កាលពីឆ្នាំ ២០១២ សេដាក លក់អង្ករសរីរាង្គអស់តាំងពីខែ កក្កដា ចំណែករបាយការណ៍អង្គការ សេដាក បង្ហាញថា ក្នុងរយៈពេល ៦ ខែឆ្នាំនេះអង្គការ សេដាក បាននាំចេញអង្ករសរីរាង្គបាន ២០០ តោនកើនឡើងពី ១០០ តោនក្នុងរយៈពេលពេញមួយឆ្នាំ២០១២។
លោក សុន គន្ធរ ប្រធានអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទបាននិយាយថា គម្រោងផែនការធ្វើម៉ាស៊ីននៅតាមសហគមន៍គឺមានផលប្រយោជន៍ច្រើន ដល់កសិករ ហើយកន្លងមកអង្គការ សេដាក ធ្លាប់ខ្ចីទុនមួយចំនួនយកមកអភិវឌ្ឍន៍កិច្ចការរបស់ខ្លួនដែរ។
លោក គន្ធរ បន្តថា៖ «កន្លងមកគាត់ធ្លាប់យកទុនពីធនាគារអភិវឌ្ឍន៍ជនបទយកទៅទិញស្រូវ តែបើគាត់មកយកទុនទៅអភិវឌ្ឍរោងម៉ាស៊ីនយើងនឹងពិចារណាផ្តល់ជូន បន្ថែមទៀត»៕
No comments:
Post a Comment