Translate

Thursday, September 26, 2013

ស៊ូប៊ែរឌី ថា កម្ពុជា​កំពុង​ស្ថិត​លើ​ផ្លូវ​បំបែក​ឆ្ពោះ​ទៅ​ប្រជាធិបតេយ្យ

ស៊ូប៊ែរឌី ថា កម្ពុជា​កំពុង​ស្ថិត​លើ​ផ្លូវ​បំបែក​ឆ្ពោះ​ទៅ​ប្រជាធិបតេយ្យ


ភ្នំពេញប៉ុស្តិ៍ 26 កញ្ញា ២០១៣
 
លោក ស៊ូរិយ៉ា ស៊ូប៊ែរឌី ប្រេសិត​សិទិ្ធ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា បាន​ប្រាប់​ទៅ​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃ​អង្គារ​ថា កម្ពុជា​កំពុង​ស្ថិត​នៅ​ផ្លូវ​បំបែក​ដ៏​សំខាន់​មួយ​ក្នុង​វិថី​ឆ្ពោះ​ទៅ​ លទិ្ធ​ប្រជាធិបតេយ្យ​ដែល​អាជ្ញាធរ​ត្រូវ​តែ​ជ្រើស​រើស រវាង​ការ​ទទួល​យក​នូវ​ការ​ផ្លាស់​ប្តូរ ឬ​ការ​បង្ក្រាប​លើ​ការ​មិន​ពេញ​ចិត្ត និង​ប្រឈម​នឹង​ផល​វិបាក។

នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​សិទិ្ធ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ នៅ​ទីក្រុង ហ្សឺណែវ លោក ស៊ូប៊ែរឌី បាន​ថ្លែង​ថា ការ​វិល​ទៅ​ប្រើ «យុទ្ធសាស្រ្ត​ចាស់ ដែល​រំលោភ​សិទិ្ធ​ពលរដ្ឋ​ជា​មូលដ្ឋាន» ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ បន្ទាប់​ពី​មាន​ការ​អត់ធ្មត់​ជា​ច្រើន​សប្តាហ៍​ដោយ​អាជ្ញាធរ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ព្រះ​រាជាណាចក្រ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណុច​សំខាន់​មួយ។

កង​រាជ​អាវុធហត្ថ​រាប់​រយ​នាក់ បាន​បង្ខំ​ព្រះ​អង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិក​គណបក្ស​ប្រឆាំង ឲ្យ​លះបង់​កូដកម្ម​បង្អត់​អាហារ​ជា​សាធារណៈ ដោយ​សន្តិវិធី កាល​ពី​សប្តាហ៍​មុន ខណៈ​ដែល​បាតុកម្ម​ភ្លើង​ទៀន ដោយ​សកម្មជន​តំបន់ បឹងកក់ រង​ការ​វាយ​ប្រហារ​ដោយ​បុរស​ពាក់​សម្លៀក​បំពាក់​ស៊ីវិល ដោយ​មាន​នគរបាល​ជួយ​ការពារ។

លោក ស៊ូប៊ែរឌី បាន​បញ្ជាក់​ថា៖ «រាល់​ប្រទេស​ទាំង​អស់​ដែល​ធ្វើ​អន្តរកាល​ឆ្ពោះ​ទៅ​លទិ្ធ​ប្រជាធិបតេយ្យ​ ប្រឈម​នឹង​ខណៈ​មួយ​ដែល​ការ​គ្រប់​គ្រង​ត្រូវ​តែ​ផ្លាស់​ប្តូរ។ កម្ពុជា​កំពុង​ប្រឈម​នឹង​ខណៈ​នេះ ពេល​នេះ​» «ខ្ញុំ​សោក​ស្តាយ​ក្នុង​ការ​និយាយ​ថា វា​ហាក់​ដូច​ជា​មិន​ទាន់​យល់​នៅ​ឡើយ​ទេ នៅ​កម្ពុជា​ដែល​ផ្នែក​សំខាន់​នៃ​ដំណើរការ​លទិ្ធ​ប្រជាធិបតេយ្យ​គឺ សម្រាប់​ប្រជាជន​ទាំង​អស់​អាច​សម្តែង​មតិ​ដោយ​សេរី ហើយ​តួនាទី​របស់​រដ្ឋ ក្នុង​បាតុកម្ម​សន្តិវិធី​គឺ​ត្រូវ​សម្រួល មិន​មែន​រារាំង​ពួកគេ​នោះ​ទេ»

លោក ស៊ូប៊ែឌី បាន​បន្ត​ថា ដោយ​លទ្ធផល​បោះឆ្នោត​ផ្លូវ​ការ​បង្ហាញ​ប្រជាជន​គាំទ្រ​គណបក្ស​ពីរ​ផ្សេង​ គ្នា​ក្នុង​សំឡេង​ឆ្នោត​ជិត​ស្មើ​គ្នា លោក​សោក​ស្តាយ​ចំពោះ​ការ​បរាជ័យ​របស់​គណបក្ស​ទាំង​ពីរ​ដើម្បី សម្រេច​បាន​នូវ​ការ​សម្រុះ​សម្រួល​គ្នា ហើយ​កាន់​តែ​សោក​ស្តាយ​ថែម​ទៀត​ដែល​រដ្ឋសភា​បើក​សម័យ​ប្រជុំ​ដោយ​គ្មាន​ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៥៥ រូប។

លោក ស៊ូប៊ែរឌី ក៏​បាន​រិះគន់​ចំពោះ​ដំណើរការ​ស៊ើប​អង្កេត​ក្រោយ​ការ​បោះឆ្នោត លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ដែល​អនុវត្ត​តាម​តែ​មធ្យោបាយ​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​ផ្អែក​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង។ លោក​បាន​បន្ត​ថា៖ «ការ​ទទូច​ធ្វើ​តាម​តែ​យន្តការ​ផ្លូវ​ការ​នៃ​លទិ្ធ​ប្រជាធិបតេយ្យ​ដោយ​មិន​ គិត​ពី​សិទិ្ធ​មនុស្ស​ជា​មូលដ្ឋាន​នេះ នឹង​ជា​ការ​ផ្ទុយ​នឹង​គោល​បំណង​របស់​រដ្ឋ​ធម្មនុញ្ញ»

លោក ឯក ថា អ្នក​នាំ​ពាក្យ​ម្នាក់​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​បាន​ថ្លែង​ថា អ្វី​គ្រប់​យ៉ាង​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ក្នុង​រយៈ​ពេល​ក្រោយ​ការ​បោះឆ្នោត ​នេះ បាន​ធ្វើ​ឡើង​តាម​អត្ថបទ​ច្បាប់ និង​លទ្ធផល​បោះឆ្នោត​។

លោក​បាន​បន្ថែម​ថា៖ «យើង​បាន​អនុវត្ត​តាម​នីតិរដ្ឋ​នៅ​កម្ពុជា ទាក់​ទង​នឹង​ការ​បង្កើត​រដ្ឋសភា​ថ្មី និង​រដ្ឋាភិបាល​ថ្មី។ យើង​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ យើង​គោរព​សិទិ្ធ​មនុស្ស និង​លទិ្ធ​ប្រជាធិបតេយ្យ»

លោក​បាន​បន្ថែម​ថា សេចក្តី​លម្អិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ វត្តភ្នំ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ មិន​ទាន់​អាច​ពន្យល់​បាន​ទេ រហូត​ទាល់​តែ​ការ​ស៊ើប​អង្កេត​បាន​ធ្វើ​ចប់។

លោក​ឲ្យ​ដឹង​ទៀត​ថា៖ «យើង​មិន​អាច​និយាយ​អ្វី​ទេ បើ​គ្មាន​ការ​ស៊ើប​អង្កេត​អ្នក​មិន​អាច​ឈាន​ដល់​សេចក្តី​សន្និដ្ឋាន​ទេ។ ខ្ញុំ​អាច​ប្រាប់​អ្នក​ថា​រាជ​រដ្ឋាភិបាល​កម្ពុជា​ដឹង​ថា តើ​យើង​កំពុង​ធ្វើ​ការ​ដើម្បី​ប្រយោជន៍​ប្រជាជន និង​ប្រទេស»។ ខណៈ​ដែល​លោក ស៊ូប៊ែរឌី ផ្តោត​លើ «ការ​វិវត្ត​ល្អ» ខ្លះ ក្នុង​អំឡុង​រយៈ​ពេល​បោះឆ្នោត លោក​បាន​អំពាវនាវ​ឲ្យ​មាន​កំណែ​ទម្រង់​ទ្វេ​បក្ស។ លោក​បញ្ជាក់​ថា៖ «សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​ដោយ​គណបក្ស​នយោបាយ​ទាំង​ពីរ ដើម្បី​សម្រេច​បាន​នូវ​កំណែ​ទម្រង់​ច្បាស់​លាស់​ក្នុង​វិស័យ​អាទិភាព​នឹង​ ធានា​ជា​ថ្មី​ចំពោះ​សហគមន៍​អន្តរជាតិ និង​ប្រជាជន​កម្ពុជា» លោក​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​បន្ត​ពិភាក្សា​នៅ​ថ្នាក់​កំពូល​រវាង​គណបក្ស​ ទាំង​អស់​។

លោក ស៊ូប៊ែរឌី បាន​បង្ហាញ​របាយ​ការណ៍​ចុង​ក្រោយ​ជា​ផ្លូវ​ការ ដែល​ចេញ​ផ្សាយ​នៅ​ខែ សីហា ដល់​អង្គការ​សហ​ប្រជាជាតិ​បន្ទាប់​ពី​លោក​បាន​ធ្វើ​បេសកកម្ម​ស្វែង​រក​ការ​ ពិត​ចំនួន​ពីរ​លើក​មក​កាន់​កម្ពុជា កាល​ពី​ឆ្នាំ​មុន។ អង្គការ​សិទិ្ធ​មនុស្ស​បាន​ថ្លែង​ថា អាណតិ្ត​របស់​លោក​ជា​អ្នក​រាយការណ៍​ពិសេស​អាច​បញ្ចប់​ក្នុង​អំឡុង សម័យ​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សិទិ្ធ​មនុស្ស​នេះ ប្រសិន​បើ​ក្រុម​ប្រឹក្សា​មិន​ចេញ​ដំណោះស្រាយ​បន្ត​អាណតិ្ត​នោះ​ទេ។

សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទិ្ធ​មនុស្ស ដែល​តំណាង​អង្គការ អាដហុក និង លីកាដូ បាន​ថ្លែង​នៅ​អង្គ​ប្រជុំ​កាល​ពី​ម្សិលមិញ។

លោក Nicolas Agostini ប្រតិភូ​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទិ្ធ​មនុស្ស​ប្រចាំ​នៅ​អង្គការ សហ​ប្រជាជាតិ​បាន​ថ្លែង​ថា សហព័ន្ធ​នឹង​អំពាវនាវ​ដល់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ ប្រជាជាតិ​ឲ្យ​អនុម័ត​ដំណោះស្រាយ​រឹងមាំ ថ្កោល​ទោស​ការ​រំលោភ​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា និង​បន្ត​អាណតិ្ត​របស់​លោក ស៊ូប៊ែរឌី សម្រាប់​រយៈ​ពេល ២ឆ្នាំ។

លោក​បាន​ឲ្យ​ដឹង​តាម​អ៊ីមែល​ថា៖ «មាន​ហានិភ័យ​ពិត​ប្រាកដ ដែល​អាណតិ្ត​នឹង​ចុះ​ថយ​ដល់​កម្រិត​ជំនួយ​បច្ចេកទេស ដែល​មាន​ន័យ​ថា អង្គការ​សហ​ប្រជាជាតិ​នឹង​បាត់បង់​សមត្ថកិច្ច​ឃ្លាំ​មើល​ទាក់​ទង​នឹង​ស្ថាន​ ការណ៍​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា»
តំណាង​កម្ពុជា ប្រចាំ​អង្គការ​សហ​ប្រជាជាតិ នឹង​ឆ្លើយ​តប​ចំពោះ​សេចក្តី​ថ្លែង​របស់​លោក ស៊ូប៊ែឌី នេះ​ហើយ​ដំណោះស្រាយ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ៕

No comments:

Post a Comment