ឥណ្ឌូណេស៊ីជាប្រទេសប្រជាធិបតេយ្យហើយឬ?
ភ្នំពេញប៉ុស្តិ៍ 23 កញ្ញា 2013
លោក សុយហារតូ និងប្រធានាធិបតីអាមេរិក រីឆាដ និចសុន
ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់
សូមបន្តចាប់អារម្មណ៍ទៅលើភូមិសាស្ត្រនយោបាយនៃអាស៊ីអាគ្នេយ៍តទៅ
ទៀត ដោយសូមលើកឡើងពីរបបនយោបាយនៃប្រទេសឥណ្ឌូណេស៊ី។ ឥណ្ឌូណេស៊ី
ជាប្រទេសអ៊ីស្លាមធំជាងគេបង្អស់នៅលើលោក។
ប្រទេសនេះបានផ្តើមបោះជំហាន ទៅរកលទ្ធិប្រជាធិបតេយ្យនៅឆ្នាំ១៩៩៨
ក្រោយពីសុយហារតូ(Suharto) ដែលជាអ្នកកាន់អំណាចផ្តាច់ការដុះស្លែ
បានបង្ខំចិត្តចុះចេញពីមុខតំណែង។ ជាងម្ភៃឆ្នាំក្រោយមក
ទោះបីជានៅមានទៀតក៏ដោយ
ឧបសគ្គធំៗដែលគំរាមប្រជាធិបតេយ្យូបនីយកម្មនៃប្រទេស
ក៏គេអាចអះអាងបានដែរថា
ឥណ្ឌូណេស៊ីជាប្រទេសប្រជាធិបតេយ្យមួយប្រកែកមិនបាន។
ឥណ្ឌូណេស៊ីបានទទួលឯករាជ្យពីប្រទេសហូឡង់(Hollande)
នៅឆ្នាំ១៩៤៩។ ប៉ុន្តែ ប៉ុន្មានឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៦៦
សុយហារតូ(Suharto) បានក្រសោបយកអំណាចមកក្តាប់
ហើយបានដាក់គ្របទៅលើប្រទេសឥណ្ឌូណេស៊ីទាំងមូល
អ្វីដែលគេហៅថា«សណ្តាប់ធ្នាប់ថ្មី» ពោលគឺរបបផ្តាច់ការមួយ
ដែលឈរលើការបំភិតបំភ័យប្រជារាស្ត្រ
និងការកាប់សម្លាប់ពួកអ្នកប្រឆាំង។ ជាក់ស្តែង
កងទ័ពរបស់សុយហារតូបានសម្លាប់ពួកកុម្មុយនិស្តអស់៥០០
០០០នាក់យ៉ាងតិច លើកទីមួយនៅចុងឆ្នាំ១៩៦៥-ដើមឆ្នាំ១៩៦៦
និងលើកទីពីរនៅឆ្នាំ១៩៦៨។ដូចគ្នាអ៊ីចឹងដែរ នៅទសវត្សរ៍ទី៧០ និងទី៨០ របបសុយហារតូ បានសម្លាប់ពួកអ្នកផ្តាច់ទឹកដីនិយម អស់យ៉ាងតិច៣០០ ០០០នាក់ នៅប៉ាពូអាស៊ី(Papouasie)ខាងលិច នៅអាឆេ (Aceh) និងនៅទីម៉ូរ(Timor)ខាងកើត។
ដោយមានការគាំទ្រពីកងទ័ព សុយហារតូត្រូវបានសភាជាតិបោះឆ្នោតតែងតាំងជាប្រធានាធិបតីប្រាំ ឆ្នាំម្តង ពីឆ្នាំ១៩៦៦ដល់ឆ្នាំ១៩៩៨។ គេត្រូវរង់ចាំរហូតដល់ឆ្នាំ១៩៩៨ ទើបឃើញរបបសុយហារតូដួលរលំ កិនកម្ទេចដោយមហាបាតុកម្មរបស់ប្រជាជន ដែលរងទុក្ខវេទនា ដោយហេតុតែវិបត្តិសេដ្ឋកិច្ចអាស៊ីឆ្នាំ១៩៩៧។
តាំងពីពេលនោះមក ឥណ្ឌូណេស៊ីបានបោះជំហានទៅរកលទ្ធិប្រជាធិបតេយ្យ។ ពលរដ្ឋមានសិទ្ធិបោះឆ្នោតជ្រើសរើសប្រធានាធិបតី តំណាងរាស្ត្រ សមាជិកសភាតំបន់ និងអាជ្ញាធរខេត្តខណ្ឌ។ ដូចនេះ តាំងពីឆ្នាំ១៩៩៨រហូតមកដល់សព្វថ្ងៃ ប្រធានាធិបតីបួនរូបបានផ្ទេរអំណាចបន្តបន្ទាប់គ្នាដោយគ្មានអំពើ ហិង្សាកើតឡើងទេ។ ប្រមុខរដ្ឋបច្ចុប្បន្នដែលបានគ្រប់គ្រងប្រទេសតាំងពីឆ្នាំ២០០៤មក ម្ល៉េះ ឈ្មោះលោកសុយស៊ីឡូ បំបង យុយដូយ៉ូណូ (Susilo Bambang Yudhoyono)។
មានភស្តុតាងផ្សេងទៀតដែលបង្ហាញនូវប្រជាធិបតេយ្យូបនីយកម្មនៃប្រទេស ឥណ្ឌូណេស៊ី ដូចជាសេរីភាពសារព័ត៌មាន វត្តមាននៃសហជីព ការលុបចោលអស់ពាក់កណ្តាលអាសនៈរបស់ពួកយោធានៅក្នុងសភាជាតិ និងការកែទម្រង់ស៊ីជម្រៅ នៅក្នុងសេនាធិការដ្ឋានកងទ័ព។ បណ្តើរៗ កងទ័ពឥណ្ឌូណេស៊ីយល់តួនាទីរបស់ខ្លួនកាន់តែច្បាស់ នោះគឺការពារទឹកដីនៃប្រទស ប្រកាន់ជំហរអព្យាក្រឹត និងស្តាប់បញ្ជារបស់រដ្ឋាភិបាលស៊ីវិលស្របច្បាប់។
ឯករាជ្យភាពរបស់ទីម័រខាងកើត និងការដោះស្រាយបញ្ហានៅអាឆេ បានដោយសន្តិវិធី ក៏ជាសញ្ញាដែលបង្ហាញនូវភាពចាស់ទុំបណ្តើរៗនៃលទ្ធិប្រជាធិបតេយ្យ ឥណ្ឌូណេស៊ីដែរ។ ដូចគ្នាអ៊ីចឹងដែរ នយោបាយវិមជ្ឈការ ដែលត្រូវបានផ្តើមអនុវត្តនៅខែមករាឆ្នាំ២០០១ បានផ្ទេរអំណាចមិនតិចឡើយទៅឲ្យអាជ្ញាធរខេត្តខណ្ឌ និងបានជួយជំរុញប្រជាជនតាមទីជនបទដាច់ស្រយាល ឲ្យចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ។
ប៉ុន្តែ ក៏នៅមានច្រើនណាស់ដែរឧបសគ្គ ដែលពន្យឺតនិងគំរាមប្រជាធិបតេយ្យូបនីយកម្មនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ឧបសគ្គទីមួយ គឺអវត្តមាននៃឧត្តមគតិច្បាស់លាស់ នៅក្នុងជួរគណបក្សនីមួយៗ បានន័យថា គ្មានទេការប្រណាំងប្រជែងគ្នាផ្នែកគំនិត នៅលើឆាកនយោបាយ មានតែការប្រជែងគ្នារវាងបុគ្គល រវាងមេគណបក្សមួយ និងប្រមុខគណបក្សមួយទៀត។
ពេលបោះឆ្នោតម្តងៗ អ្នកនយោបាយឥណ្ឌូណេស៊ី មិនដែលមានកម្មវិធីអភិវឌ្ឍន៍ប្រទេស ដែលឈរលើទ្រឹស្តីនយោបាយអ្វីមួយច្បាស់លាស់ទេ។ មានដែរ ប្រធានបទដដែលៗមួយចំនួន ដូចជាមនោសញ្ចេតនាជាតិនិយម មនោគមវិជ្ជាសង្គមនិយម ឬក៍ទស្សនៈអ៊ីស្លាមជ្រុលនិយម។ ក៏ប៉ុន្តែ ប្រធានបទទាំងនេះតែងតែរលាយសាបសូន្យអស់ទៅវិញ ពេលបោះឆ្នោតហើយម្តងៗ។ គណបក្សនីមួយៗទៀតសោត សុទ្ធតែមានកងកម្លាំងសន្តិសុខរបស់គេរៀងៗខ្លួន ជាហេតុបង្កឲ្យមានការសម្លុតបំភិតបំភ័យប្រជាជន និងអំពើហិង្សា នៅពេលបោះឆ្នោតម្តងៗ ចាប់តាំងពីឆ្នាំ១៩៩៩មក។
ឧបសគ្គមួយទៀត ដែលគំរាមប្រជាធិបតេយ្យូបនីយកម្ម ក្នុងប្រទេសកាន់សាសនាអ៊ីស្លាមធំជាងគេបង្អស់នៅលើលោកមួយនេះ គឺអសមត្ថភាពរបស់រដ្ឋាភិបាលនីមួយៗ ក្នុងការតាក់តែង និងអនុវត្តនយោបាយសាធារណៈផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន។ មូលហេតុនៃប្រការបែបនេះ គឺបណ្តាលមកពីរដ្ឋឥណ្ឌូណេស៊ីខ្វះធនធានមនុស្ស ពឹងពាក់ការិយាធិបតេយ្យមួយពុករលួយនិងគ្មានប្រសិទ្ធិភាព ដែលមិនចេះប្រមូលពន្ធដារ ហើយក៏មិនចេះចែកចាយដែរ ជំនួយសាធារណៈ ទៅឲ្យដល់ប្រជារាស្ត្រក្រីក្រ។
ក្រៅពីនេះ អំពើពុករលួយដែលជាកាកសំណល់សល់ពីសម័យសុយហារតូ បន្តស៊ីរូងគ្រប់ស្រទាប់ជាន់ថ្នាក់នៃប្រព័ន្ធគ្រប់គ្រងប្រទេស រហូតមកទល់សព្វថ្ងៃ។ សូមជម្រាបថា យោងទៅតាមអង្គការTransparency International សុយហារតូ និងក្រុមគ្រួសារ បានលួចបង្វិលយកប្រាក់រដ្ឋ យ៉ាងតិច១៥ ០០០ លានដុល្លារ។
ជាការពិតណាស់ដែលថា ក្រោយពីបានជាប់ឆ្នោតជាប្រធានាធិបតីនៅខែកញ្ញាឆ្នាំ២០០៤ និងក្រោយពីបានជាប់ឆ្នោតជាថ្មីនៅខែកក្កដាឆ្នាំ២០០៩ សុយស៊ីឡូ បំបង យុយដូយ៉ូណូ (Susilo Bambang Yudhoyono) ដែលល្បីឈ្មោះថាជាមនុស្សស្អាតស្អំ បានចាត់ទុកការកម្ចាត់អំពើពុករលួយថា ជាបុព្វហេតុជាតិ។ ក៏ប៉ុន្តែ មកទល់ឥឡូវ អំពើពុករលួយ នៅតែជាបញ្ហាធំជាងគេបង្អស់មួយដែលពន្យឺតប្រជាធិបតេយ្យូបនីយកម្ម និងការអភិវឌ្ឍន៍នៃប្រទេសឥណ្ឌូណេស៊ី។ បើយោងទៅតាមអង្គការTransparency International ឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់លេខ១១៨ខាងប្រព្រឹត្តអំពើពុករលួយ ក្នុងចំណោមបណ្តាប្រទេសទាំង១៧៦នៅក្នុងលោក។
យ៉ាងណាក៏ដោយ សន្ទុះសេដ្ឋកិច្ចក្លៀវក្លានៃប្រទេសកំពុងអភិវឌ្ឍដ៏ធំមួយនេះបើក លទួ្ធភាពកាន់តែទូលំទូលាយឱ្យរដ្ឋាភិបាលបន្តធ្វើកំណែទម្រង់នយោបាយ ក្នុងគោលដៅពង្រឹងគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។ អត្រាកំណើនសេដ្ឋកិច្ចនៃឥណ្ឌូណេស៊ីនៅឆ្នាំ២០១២កន្លងទៅនេះមានរហូត ដល់ទៅ៦,២%។ វាគឺជាតួលេខមួយវិសេសវិសាល នៅក្នុងបរិបទដ៏ពិបាកនៃសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន។
មិនតែប៉ុណ្ណោះ ឥណ្ឌូណេស៊ី មានកំណើនសេដ្ឋកិច្ចខ្លាំងក្លាជាងគេ អន់ជាងប្រទេសចិនតែបន្តិចប៉ុណ្ណោះ ក្នុងចំណោមបណ្តាប្រទេសសមាជិកG២០ ហើយមហិច្ឆតារបស់លោកប្រធានាធិបតី សុយស៊ីឡូ បំបង យុយដូយ៉ូណូ (Susilo Bambang Yudhoyono) គឺជំរុញធ្វើយ៉ាងណាឱ្យកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ីឡើងរហូតដល់ ទៅ៦,៨%នៅឆ្នាំ២០១៣នេះ។
ក្នុងន័យដូចគ្នាអ៊ីចឹងដែរ ឥណ្ឌូណេស៊ីបាននិងកំពុងបន្តកាត់បន្ថយទំហំនៃប្រាក់បំណុលរបស់ ខ្លួន។ បំណុលដែលបានតំណាងរហូតដល់ទៅ៨២%នៃផលិតផលដុលក្នុងស្រុកនៅឆ្នាំ ២០០២ បានធ្លាក់មកនៅត្រឹមតែ២៤%នៃផលិតផលដុលក្នុងស្រុកតែប៉ុណ្ណោះ នៅឆ្នាំ២០១២។
និយាយរួម ហើយនេះបើយោងទៅតាមធនាគារStandard Chartered ឥណ្ឌូណេស៊ីនឹងអាចក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី៦ នៅឆ្នាំ២០៣០។ គឺកត្តាសេដ្ឋកិច្ចវិជ្ជមានទាំងអស់នេះហើយ ផ្គួបផ្សំទៅនឹងសុឆន្ទៈនយោបាយរបស់ថ្នាក់ដឹកនាំនៃប្រទេស ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឥឡូវស្រេចទៅហើយថា លទ្ធិប្រជាធិបតេយ្យឥណ្ឌូណេស៊ីនឹងមានគ្រឹះកាន់តែមាំមួនទៅជាលំដាប់ ចាប់ពីពេលនេះតទៅ៕
No comments:
Post a Comment