Translate

Thursday, September 5, 2013

ប្រហុក​ខ្មែរ

ប្រហុក​ខ្មែរ

ភ្នំពេញប៉ុស្តិ៍ ០៥-០៩-២០១៣

យើង​មិន​ចាំ​បាច់​ដូច​អ្នក​ណា​ម្នាក់​ឡើយ​ មិន​ចាំ​បាច់​ដូច​ចិន​ មិន​ចាំ​បាច់​ដូច​អាមេរិកាំង ​មិន​ចាំ​បាច់​ដូច​ជប៉ុន មិន​ចាំ​បាច់​ដូច​អឺរ៉ុប ​មិន​ចាំ​បាច់​ដូច សិង្ហបុរី អ្វី​ឡើយ​ យើង​គឺ​ជា​យើង យើង​គឺជា​ខ្មែរ ខ្មែរ​ដែល​បាន​សាង​បុរី​ដ៏​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​ពី​ថ្ម​ធំៗ ​ដោយ​ដៃ តាំង​ពី ១០០០ ឆ្នាំ​មុន​ យើង​ជា​ខ្មែរ ខ្មែរ​ដែល​បាន​រស់​នៅ​និង​ប្រមាញ់​សត្វ ក្នុង​ដែន​ព្រៃ​អាស៊ី​អាគ្នេយ៍​ជា​អម្បូរ​ខ្មែរ​មន​មុន​គេ​ នៅ​ទី​នេះ ​នៅ​កន្លែង​នេះ​ កាល​ពី​រាប់​ពាន់​ឆ្នាំ​មុន ​ដី​ដែល​យើង​ឈរ​ឈើ​ដែល​យើង​កាប់ ខ្យល់​ដែល​យើង​ដក​ដង្ហើម​ទឹក​ដែល​យើង​ផឹក​សុទ្ធ​តែ​មាន​ក្លិន​ឈាម​សាច់ ឆ្អឹង​ដូន​តា​យើង​រាប់​ជំនាន់​មក​ហើយ​តើ​យើង​ចាំបាច់ ចង់​ដូច​អ្នក​ណា​ទៀត?

គេ​រីក​ចម្រើន​ជាង​យើង​មិន​មែន​គេ​ឆ្លាត​ជាង​យើង​ទេ​ហើយ​រឹត​តែ​មិន​មែន​ គេ​ពូកែ​ជាង​យើង​ទៅ​ទៀត​តែ​គ្រាន់​តែ​គេ​បាន​ឆ្លង​កាត់​នូវ​សម័យ​សន្តិភាព​ យូរ​ឆ្នាំ​ជាង​យើង​តែ​ប៉ុណ្ណោះ​ហើយ​ការ​នេះ​មិន​មែន​តែ​អាណាចក្រ​ខ្មែរ​តែ​ មួយ​ប៉ុណ្ណោះ​ទេ​តែ​គឺ​អាណាចក្រ​ដទៃៗ​ទៀត​ក្នុង​លោក​ដែល​ជួប​ការ​រីក​ចម្រើន ​ខ្លាំង​ក្លា​បំផុត​ដូច​ខ្មែរ​ដូច​ជា បុរី ក្រិក ចក្រភព រ៉ូម៉ាំង ជាដើម​នោះ សុទ្ធ​តែ​ត្រូវ​បាក់ ស្រុត​ប្រវត្តិសាស្ត្រ​ខ្លួន​ទៅ​វិញ​ក្រោយ​សម័យកាល​រុង​រឿង​ពីព្រោះ​នៅ​ពេល​ យើង​ខ្លាំង​យើង​មាន​សត្រូវ​ជុំ​ទិស​នេះ​ជា​ធម្មជាតិ​នៃ​នយោបាយ​រដ្ឋ។ ដើម​ឈើ​លូត​កាន់​តែ​ខ្ពស់​ត្រូវ​ខ្យល់​ព្យុះ​ភ្លៀង​កាន់​តែ​ខ្លាំង។ ការ​បរាជ័យ​មិន​គួរ​ឲ្យ​ខ្លាច​ទេ​គួរ​ឲ្យ​ខ្លាច​គឺ​ចិត្ត​បរាជ័យ។ បើ​យើង​បាន​សាង​នគរ ឲ្យ​រីក​ចម្រើន​ខ្លាំង​ក្លា​កាល​ពី​ជាង ១០០០ ឆ្នាំ​មុន​រួច​ទៅ​ហើយ ហេតុ​អី​យើង​មិន​អាច​សាង​សម័យ​រុង​រឿង​មួយ​ទៀត​សម្រាប់​កូន​ខ្មែរ ទុក​ដល់ ១០០០ ឆ្នាំ​ក្រោយ?

តាំង​ពី​ផែន​ដី​ធំធេង​វប្បធម៌​រុង​រឿង​សិល្បៈ ស្គុសស្គាយ ទស្សនវិជ្ជា សាយ​ភាយ​ក្នុង​អាស៊ី​អាគ្នេយ៍ រហូត​ធ្លាក់​ខ្លួន​ដល់​ថ្នាក់​ដី​សល់​មួយ​សម្បក​ក្តាម​វប្បធម៌​ស្ទើរ​រលាយ សិល្បៈ​ស្ទើរ​រលត់ គំនិត​ដូន​តា​ស្ទើរ​តែ​បាត់​បង់​អស់​នោះ​តើ​មាន​អ្វី​ទៀត​ដែល​ជា​ការ​ពិត ច្បាស់​ជាង​នេះ​ដើម្បី​រំឭក​អ្នក​ទាំង​អស់​គ្នា​ចំពោះ​ផ្លូវ​ដើម្បី​សាង​នគរ ឲ្យ​រីក​ចម្រើន​ឡើង​វិញ​នោះ? ពេល​នេះ​ជា​ពេល​ដែល​យើង​ជា​ខ្មែរ​ត្រូវ​ទាមទារ​អត្តសញ្ញាណ​យើង​ត្រឡប់​មក​ វិញ ពេល​នេះ​ជា​ពេល​ដែល​យើង​ត្រូវ​សាង​ព្រលឹង​ខ្មែរ​ឡើង​វិញ​វាសនា​នគរ​នេះ គឺ​នៅ​ក្នុង​ដៃ​យើង​ម្នាក់ៗ។ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា​យើង​ប្រាកដ​ជា​អាច​ធ្វើ​បាន។ ខ្មែរ ប្រែ​ថា​មិន​ចេះ​សាប​សូន្យ។ ខ្មែរ ប្រែ​ថា​ទឹក​ដី​អច្ឆរិយ។ យើង​ម្នាក់ៗ​អាច​ស្លាប់​បាន​តែ​ខ្មែរ​មិន​ចេះ​ស្លាប់​ជា​ដាច់​ខាត​ខ្មែរ គឺ អមតៈ។ ជំនឿ​ដ៏​មុត​មាំ​នេះ​មិន​មែន​ជា​ការ​យល់​សប្តិ​ទេ តែ​ខ្ញុំ​មាន​ហេតុផល ៥ យ៉ាង សម្រាប់​កសាង​សម័យ​រុង​រឿង​មួយ​ទៀត​បាន​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ។

ទី១. កត្តា​ប្រជាសាស្ត្រ​ពោល​តាម​ទ្រឹស្តី​សេដ្ឋវិទូ ម៉ាល់ទូស គឺ​ប្រជាសាស្ត្រ​មាន​សារៈ​សំខាន់ ណាស់​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​ប្រជាជាតិ​ណា​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ ​គឺ​ដូច​ជា​មាន​ទ្រព្យ​នគរ​ច្រើន​ជាង​គេ​រួច​ទៅ​ហើយ​ជា​ពិសេស​ពលរដ្ឋ វ័យ​ក្មេង​ពេញ​កម្លាំង​សាង​នគរ។ តាម ជំរឿន​ប្រជាជន​ឆ្នាំ ២០០៨ ខ្មែរ​មាន​ពលរដ្ឋ​អាយុ ៣០ ឆ្នាំ​ចុះ​ក្រោម​រហូត​ដល់ ៧០% នៃ​ប្រជាជន​សរុប ១៤ លាន​នាក់ គឺ​ជិត ១០ លាន​នាក់​ជា​ប្រជាជាតិ​ដែល​មាន​ក្មេង​ច្រើន​ជាង​គេ​បើ​គិត​ជា​ភាគរយ​ក្នុង​ ប្រជា​ពលរដ្ឋ​ទាំង​មូល​ដូច​នេះ​អ្វី​ដែល​រដ្ឋ​ត្រូវ​ធ្វើ គឺ​ប្រែ​ក្លាយ​កម្លាំង ១០ លាន​នាក់ នេះ​ទៅ​ជា​ពលរដ្ឋ​សកម្ម​បង្រៀន​បច្ចេកទេស​បង្កើត​ការងារ។ គ្មាន​ពលរដ្ឋ​ណា​ម្នាក់ មាន​ជីវិត​ថ្លៃ​ថ្នូរ​ទៅ​កើត​ដោយ​អត់​មាន​ការងារ​ធ្វើ​នោះ​ទេ។ គ្មាន​ពលរដ្ឋ​ណា​ម្នាក់​មាន​ជីវភាព​ធូរធារ​ទៅ​កើត​ដោយ​គ្មាន​ប្រាក់​ចំណូល​ នោះ​ទេ។ គ្មាន​នគរ​ណា​មួយ​រុង​រឿង​ក្នុង​ពេល​ដែល​ប្រជារាស្ត្រ​នៅ​ក្រ​លំបាក​នោះ​ ដែរ។

ទី២. ប្រជាជន​នៅ​តិច​ងាយ​ស្រួល​អភិវឌ្ឍ​ពោល​គឺ​ដូច​សុភាសិត​ខ្មែរ​ថា ទូក ធំ ក្តោង ធំប្រទេស​តូច​មនុស្ស​តិច​គឺ​បង្ក​ការ​ងាយ​ស្រួល​ដល់​រដ្ឋ​ក្នុង​ការ​ដាក់​ចេញ​ នូវ​គោល​នយោបាយ​កែ​ប្រែ​ជីវភាព​ពលរដ្ឋ​ឲ្យ​រីក​ចម្រើន​បាន​លឿន។ ឧ. មនុស្ស ​ម្នាក់ ញាំ​បាយ​អស់​អង្ករ​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ ដូច​នេះ​ដើម្បី​ចិញ្ចឹម​ពលរដ្ឋ ១៤ លាន​នាក់​គឺ​យើង​ត្រូវ​ការ​អង្ករ​តែ ១៤ លាន​កំប៉ុង តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​តែ​ដូច​វៀតណាម​ដូច ថៃ ដែល​មាន​ពលរដ្ឋ​ជិត ១០០ លាន​នាក់​ទៅ​ហើយ នោះ​គឺ​ត្រូវ​ការ ១០០ លាន​កំប៉ុង តែ​បើ​ចិន​វិញ​គឺ​ត្រូវ​ការ ១៣០០ លាន​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​ទើប ចម្អែត ១៣០០ លាន​ក្រពះ​បាន។ តិច​មាន​ប្រយោជន៍​របស់​តិច ច្រើន​មាន​គុណ​សម្បត្តិ​របស់ ច្រើន តិច​មាន​រឿង​លំបាក​របស់​តិច ច្រើន​មាន​រឿង​វេទនា​របស់​ច្រើន ដូចនេះ ច្រើន​អាច​ទៅ​ជា​តិច​លំបាក​អាច​ទៅ​ជា​ស្រួល​ស៊ី​សង​លើ​មេ​ដឹក​នាំ​នគរ។ ជួយ​មនុស្ស ៩០ ភាគរយ​ក្នុង​សង្គម មុន ចាំ​ជួយ​អ្នក​មាន ១០ ភាគរយ​ក្នុង​សង្គម​ជា​ក្រោយ។ តូច​ក៏​ពេញ​ធំ​ក៏​បាន។

ទី៣. ផែន​ដី​ខ្មែរ​តូច​ក្នុង​ចំណោម​ប្រទេស​ដី​តូចៗ​មួយ​ចំនួន​ធំ​ក្នុង​ពិភពលោក តែ​ដី ១៨១ ០៣៥ គីឡូម៉ែត្រ​ការ៉េ​នេះ នៅ​ធំ​ល្វឹង​ល្វើយ​ណាស់​សម្រាប់​ពលរដ្ឋ ១៤ លាន​នាក់ ពោល​គឺ​ផ្ទៃ​ដី​ធំ​ប្រជាជន​តិច​សក្តានុពល​សេដ្ឋកិច្ច កសិកម្ម នៅ​ធំធេង​គ្រប់​ទី​កន្លែង​ប៉ុន្តែ​អ្វី​ដែល​អកុសល​នោះ​គឺ​ដី​រាប់​លាន​ហិកតា ​ជា​ដី​អសកម្ម​ដាំ​ដុះ​បាន​តែ​មួយ​រដូវ​ភ្លៀង​អត់​ទឹក​គឺ​អត់​ស្រែ​អត់ ស្រែ គឺ​អត់​ស្រូវ​អត់​ស្រូវ​គឺ​ស្មើ​នឹង​អត់​ជីវិត​សម្រាប់​កសិករ។ ហេតុ​អី​កសិករ​មាន​ទម្លាប់​រក​ចៃ​ឲ្យ​គ្នា​នៅ​រដូវ​ប្រាំង? ព្រោះ​ខ្ជិល​ឬ ព្រោះ​អត់​ទឹក? វាសនា​កសិករ​ខ្មែរ ៣០ ឆ្នាំ​ហើយ នៅ​តែ​ពឹង​លើ​មេឃ។ ពេល​ណា​បាន​រដ្ឋ​ចំណាយ​លុយ​បន្ថែម​ឲ្យ​ច្រើន​ក្នុង​វិស័យ​ធារាសាស្ត្រ? ប្រសិន​បើ​គិត​ថា​ទុក​ឲ្យ​កសិករ​នូវ​ឃ្លាន​ដើម្បី​ងាយ​បោក​នោះ​អ្នក​ពិត​ជា ខុស​ធំ​ហើយ​ព្រោះ​ភាព​ក្រីក្រ​នេះ​ហើយ​ដែល​ជា​មូល​ហេតុ​នៃ​ការ​ផ្លាស់​ប្តូរ ហើយ​កសិករ​នេះ​ហើយ​ជា​វណ្ណៈ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​សង្គម។ ជា​ទូទៅ​បដិវត្តន៍​ក្នុង​ពិភពលោក​កើត​ចេញ​ពី​ជម្លោះ​វណ្ណៈ​សង្គម​។ ហេតុ​អី​មាន​វណ្ណៈ? ព្រោះ​តែ​ការ​ចែក​ទ្រព្យ​នគរ​ដល់​រាស្ត្រ​មិន​ស្មើ​គ្នា​នឹង​ឯង។

ទី៤. ដី​មាន​ជី​ជាតិ​ធនធាន​ធម្មជាតិ​នៅ​ពេញ​ដី ដី​ទឹក ដី​ព្រៃ ដី​ទាប ដី​សើម ដី​ល្បាប់ ដី​លិច​ទឹក​លើ​ភ្នំ​មាន​រ៉ែ ទំនាប​មាន​ទឹក ក្រោម​ទឹក​មាន​ឧស្ម័ន​មាន​ប្រេង​ក្រៅ​ពី​នេះ​មាន ស្ទឹង បឹង អូរ ទន្លេ សមុទ្រ ព្រែក ខ្វាត់ខ្វែង​ដូច​សសៃ​ឈាម​កាត់​ពេញ​ដង​ខ្លួន​នគរ​ហេតុ​អី​ក្រពះ​នគរ​នៅ​ស្វិត ​បំពង់ ក នគរ​ខ្សោះ​ទឹក​ក្តៅ​ហែង​បែក​ផ្សែង? ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ដើម្បី​កំណើន​សេដ្ឋកិច្ច​នៅ​ថ្ងៃ​នេះ​គឺជា​ការ​សម្លាប់​ជីវិត​កូ​ ខ្មែរ​នៅ​ថ្ងៃ​ស្អែក។ ផ្ទុយ​ទៅ​វិញ​ការ​ថែរក្សា​និង​ប្រើ​ប្រាស់​ធម្មជាតិ​ដោយ​ការ​យក​ចិត្ត​ទុក​ ដាក់​និង​ការ​ទទួល​ខុស​ត្រូវ​គឺ​មិន​ត្រឹម​តែ​រីក​សេដ្ឋកិច្ច កើន​ទ្រព្យ​របស់​នគរ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​រៀបចំ​បម្រុង​ទុក​នូវ​អនាគត​ដ៏​ភ្លឺ​ស្វាង​មួយ​ដើម្បី​កូន​ ខ្មែរ​ជំនាន់​ក្រោយ​ទៀត​ផង។ គ្មាន​អ្នក​ណា​គេ​ហាម​មិន​ឲ្យ​អភិវឌ្ឍ​នោះ​ទេ​តែ​ធ្វើ​ដោយ​ទទួល​ខុស​ត្រូវ មិន​មែន​នាំ​គ្នា​ជ្រក​ក្រោម​លេស​អភិវឌ្ឍន៍​ចេះ​តែ​កាប់​បំផ្លាញ​ដើម្បី ចម្អែត​ក្រពះ​តែ​មួយ​ថ្ងៃ​ហើយ​នឹង​យក​សន្លឹក​ឆ្នោត​តែ​មួយ​អាណត្តិ នោះ​ទេ​ឬ​មួយ​ក៏​យល់​ថា​បាន​ឆ្អែត​មួយ​ថ្ងៃ​ក៏​គ្រាន់​បើ​ជាង​អត់​ដែរ​។ បើ​ដូច​នេះ​មែន​មាន​អី​ខុស​គ្នា​ពី​សម្តី ស៊ឺម៉ាអ៊ី ថា «លួច​មាន់​លួច​ទា​ក៏​ជា​ជំនាញ​មួយ​ដែរ»?

ទី៥. អាកាសធាតុ​អំណោយ​ផល​ពោល​គឺ​រដូវ​មាន​តែ​ពីរ​គឺ​ប្រាំង​និង​វស្សា​ក្តៅ ត្រជាក់ ត្រជាក់​ក្តៅ​ងាយ​ស្រួល​ដាំ​ដំណាំ​ងាយ​ស្រួល​រស់​នៅ​មិន​ក្តៅ ពេក​ដូច​នៅ អាហ្វ្រិក មិន​ត្រជាក់​ពេក​ដូច​នៅ​ស្រុក អាគាំង​។ រដូវ​វស្សា បែប​នេះ​រួម​ជាមួយ​នឹង​ដី​មាន​ជី​ជាតិ​ផង​នោះ​គ្រាន់​តែ​យក​គ្រាប់​ននោង ត្រឡាច បាច​ចោល​ក្រោយ​ផ្ទះ​ក្នុង​គុម្ព​ចេក​ក៏​បាន​ផ្លែ​ឆា​ស្ល​សម្ល​ចម្អែត ក្រពះ​មួយ​គ្រួសារ​ដែរ​។ ពលរដ្ឋ​តិច​ផ្ទៃ​ដី​ធំ​ក្មេង​ច្រើន​ដី​មាន​ជីជាតិ​អាកាសធាតុ​ល្អ​ហេតុ​អី​ ខ្មែរ​មិន​អាច​មាន? តើ​នេះ​ជា​ទំនាយ​ថា ក្រយៅ​ខ្មែរ​ត្រូវ​តែ​ក្រ​មិន​អាច​មាន​? ឬ​ក៏​ថា​មក​ពី​ពលរដ្ឋ​ខ្មែរ ខ្ជិល​ច្រអូស? ឬ​ក៏​ថា​មក​ពី​មេ​ដឹក​នាំ? សម្រាប់​ខ្ញុំ​ទាំង​មេ​ដឹក​នាំ ទាំង​រាស្រ្ត​ក្នុង​នគរ​ត្រូវ​ទទួល​ខុស​ត្រូវ​ការងារ​រៀងៗ​ខ្លួន ក៏​ប៉ុន្តែ​រដ្ឋ​នៅ​តែ​ជា កត្តា​បឋម​ជា​បុព្វលក្ខខណ្ឌ​បង្ក​ការ​ងាយ​ស្រួល បង្កើត​ឱកាស​ជា​មុន​សិន​។ ឧទាហរណ៍​សន្ទូង​លាស់​មិន​ល្អ​ទេ បើ​មិន​ធ្វើ​ដី​ឲ្យ​រាប​ម៉ដ្ឋ​ល្អ​ជា​មុន​នោះ។

តែ​កត្តា ៥ យ៉ាង​នេះ​នៅ​មិន​ទាន់​គ្រប់​ទេ​នៅ​មាន​កត្តា​ធំ​មួយ​ទៀត​ដែល​មាន​រឿង​រ៉ាវ​តូចៗ​បី។
សម័យ​អង្គរ​រីក​ចម្រើន​អាច​ត្រូវ​បាន​ពន្យល់​ដោយ​ប្រវត្តិវិទូ បុរាណវិទូ​ផ្សេងៗ​គ្នា​ជា​ច្រើន​ហេតុ​ផល តែ​បើ​មើល​ពី​ទស្សនៈ​ក្នុង​ការ​គ្រប់​គ្រង​រដ្ឋ​វិញ​សម័យ​រីក​ចម្រើន​នេះ មិន​អាច​កើត​ឡើង​ទេ​បើ​គ្មាន​លក្ខខណ្ឌ​បឋម​បី​យ៉ាង​គឺ ក.រាស្ត្រ​មាន​ជីវភាព​ធូរធារ​មាន​ភក្តីភាព​គោរព​ស្តេច។ .សង្ឃ​សាសនា​និង​មន្ត្រី​មូល​មតិ​គ្នា​ដើរ​តាម​រាជ​បល្ល័ង្ក។ .ទាំង ​រាស្ត្រ​ទាំង​មន្ត្រី​នៅ​ជុំវិញ​មហាក្សត្រ​ជឿ​មហាក្សត្រ​គោរព​ច្បាប់​នគរ​។ ជា​រួម​ទៅ​បច្ចុប្បន្ន​នេះ​អ្វី​ជា​ធាតុ​ដើម្បី​កសាង​នគរ​ឲ្យ រីក​ចម្រើន​ក៏​ខ្មែរ​មាន​ដែរ​ខ្វះ​តែ​មួយ​ទេ​គឺ​ឯកភាព​ជាតិ​។ វិបត្តិ​ដ៏ ធំ​ជាង​គេ​របស់​ខ្មែរ​មិន​មែន​ការ​បែក​បាក់​គ្នា​ក្នុង​ការ​ដណ្តើម​អំណាច​ គ្នា​នោះ​ទេ​តែ​គឺ​ចិត្ត​បែក​បាក់​។

យើង​មិន​ចាំ​ដូច​អ្នក​ណា​ម្នាក់​ទេ ធ្វើ​អ្វី​ក៏​បាន​ដែរ​សំខាន់​ឲ្យ​តែ​យើង​ទាំង​ក្រុម​ភាគ​តិច​ទាំង​ក្រុម ភាគ​ច្រើន​ជជែក​គ្នា​យល់​គ្នា​ព្រម​ព្រៀង​គ្នា​ដោយ​តម្កល់​ប្រយោជន៍​ជាតិ មាតុភូមិ​និង​ពលរដ្ឋ​ជា​ធំ។ តើ​នគរ​មួយ​នេះ​ពិត​ជា​តូច​ចង្អៀត​រហូត​ដល់​ថ្នាក់​ដាក់​វីរជន​ស្នេហា​ជាតិ​ ប៉ុន្មាន​នាក់​មិន​បាន​មែន​ឬ? ផ្លូវ​តែ​មួយ​គត់​សម្រាប់​យើង​គឺ​ឈរ លើ​គោល​ការណ៍​ប្រឆាំង​នឹង​អយុត្តិធម៌​សង្គម​លុប​បំបាត់​អំពើ​ពុករលួយ ទប់​ស្កាត់​អំណាច​ផ្តាច់​ការ​តែ​យើង​ក៏​ត្រូវ​ចេះ​ទទួល​យក​ភាព​ខុស​គ្នា​ហើយ ព្រម​រស់​នៅ​ជាមួយ​គ្នា។ គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​ដៃ​ឆ្វេង​ដៃ​ស្តាំ របស់​នគរ ជា​ក្បាល ជា​ជើង​របស់​ប្រទេស ជា​ជើង​ឆ្វេង​ជើង​ស្តាំ​របស់​រដ្ឋ​ហេតុអី​មាន​អ្នក​ចង់​កាត់​មួយ​ចំហៀង​ចោល? កាត់​ដើម្បី​អ្វី?

និស្សិត​ក្មេង​វត្ត​កូន​អ្នក​ស្រែ ខេត្ត កំពង់ឆ្នាំង សូរ សមយុទ្ធ Sosamyuth@gmail.com

No comments:

Post a Comment