២០ឆ្នាំកន្លងផុត រដ្ឋធម្មនុញ្ញនៅតែពុំទាន់ហុចផ្លែផ្កាដូចការប្រាថ្នា
បរិយាកាសក្នុងរាជធានី ភ្នំពេញ នៅថ្ងៃនេះធៀបនិង២០ឆ្នាំមុនគឺជាបរិយាកាសដ៏រីករាយ និងពោរពេញដោយសុទិដ្ឋិនិយមមួយនៅពេល ដែលអតីតព្រះអង្គម្ចាស់ នរោត្តម សីហនុ ឡាយព្រះហស្តលេខាលើរដ្ឋធម្មនុញ្ញថ្មី និងបានឡើងគ្រងរាជ្យបល្ល័ង្កសាជាថ្មី។
ការប្រកាសដាក់ឲ្យប្រើរដ្ឋធម្មនុញ្ញ ដែលជាការបញ្ចប់អាណត្តិរបស់អាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) នេះ ក៏ជាសញ្ញាបង្ហាញពីការបញ្ចប់ដំណើរការសន្តិភាព ផ្លូវការក្រោយពេលមានសង្គ្រាមស៊ីវិលរយៈពេល ជិតពីរទសវត្សរ៍ និងពីការចាប់ផ្តើមប្រព័ន្ធនយោបាយសេរីពហុ បក្សនៅក្នុងតំបន់នេះផងដែរ។
នេះគឺជាអ្វីដែលព្រះមហាក្សត្រទើបនឹងឡើង គ្រងរាជ្យប្រាថ្នាចង់បាន ពេលព្រះអង្គ យាងចេញពីព្រះបរមរាជវាំងដើម្បីស្វាគមន៍មនុស្សជាង ៤.០០០នាក់ដែលបានប្រមូលផ្តុំគ្នាអំឡុងព្រះរាជ ពិធីគ្រងរាជ្យសម្បត្តិរបស់ទ្រង់។ ព្រះអង្គមានព្រះរាជបន្ទូលនៅពេលនោះថា “វាជារឿងមិនអាចប្រកែកបានទេថា នៅថ្ងៃនេះប្រទេសកម្ពុជា និងប្រជារាស្ត្រជាទីស្រឡាញ់របស់យើងមាន រដ្ឋធម្មនុញ្ញដែលមានលក្ខណៈសេរី និងមានលក្ខណៈប្រជាធិបតេយ្យបំផុត ដែលធ្វើឲ្យប្រទេសរបស់យើងស្ថិតនៅក្នុងចំណោម ប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ បំផុតនៅក្នុងពិភពលោក។
លោកយ៉ាស៊ូស៊ី អាកាស៊ី (Yasushi Aka-shi) ជាប្រធានអ៊ុនតាក់ បានឲ្យពិន្ទុបេសកកម្មរបស់អង្គការសហប្រជាជាតិនៅ កម្ពុជាចំនួន “ប្រាំបួនពិន្ទុក្នុងចំណោម១០ពិន្ទុ” ដោយបានយោងលើប្រព័ន្ធប្រជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញដែលតំណាងរាស្ត្រជាប់ឆ្នោត នៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៣បានដាក់ចូលជាធរមាន ។
ប៉ុន្តែ រយៈពេល២០ឆ្នាំក្រោយមកនេះ ត្រង់ថា តើរដ្ឋធម្មនុញ្ញនេះពិតជាបានបង្កើតលទ្ធិ ប្រជាធិបតេយ្យសេរីពហុបក្សមែន ឬក៏អត់នោះ គឺនៅតែមានការជជែកគ្នាមិនទាន់ដាច់ ស្រឡះនៅឡើយទេ។
លោក សឺន សូប៊ែរ្តិ៍ ដែលស្ថិតនៅក្នុងជួរគណៈកម្មាធិការមានសមាជិក១២ រូបដែលទទួលបន្ទុកតាក់តែងរដ្ឋធម្មនុញ្ញនេះ ចន្លោះពីខែកក្កដា ដល់ខែសីហា ឆ្នាំ១៩៩៣នោះ បានលើកឡើងថា រដ្ឋធម្មនុញ្ញនេះមិនបានធានាឲ្យមានសិទ្ធិសេរី ភាពក្នុងការបញ្ចេញមតិ ការជួបជុំ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដូចការ ប្រាថ្នាទេ ដោយសារពុំមានការបង្កើតភ្លាមៗនូវអាជ្ញាកណ្តាល ឯករាជ្យមួយ ដើម្បីធានាថា សេចក្តីសម្រេចរបស់រដ្ឋាភិបាល គឺស្របតាមមាត្រាដែលមានចែងនៅក្នុងរដ្ឋ ធម្មនុញ្ញ។
លោក សឺន សូប៊ែរ្តិ៍ បានថ្លែងពីប្រទេសបារាំងកាលពីម្សិលមិញថា “គន្លឹះសំខាន់នៃលទ្ធិប្រជាធិបតេយ្យ គឺស្ថិតនៅក្នុងរដ្ឋធម្មនុញ្ញនេះឯង ប៉ុន្តែ ការអនុវត្តវា គឺប្រាសចាកទាំងស្រុងពីគោលដៅរបស់វា”។ លោក សឺន សូប៊ែរ្តិ៍ បានបញ្ជាក់ថា វត្តមាននៃអាជ្ញាកណ្តាលឯករាជ្យ និងស្វយ័តសម្រាប់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹង រដ្ឋធម្មនុញ្ញនេះអាចជួយបញ្ចៀសរឿងដ៏ អកុសលមួយចំនួន ដូចជាករណីទម្លាក់នាយករដ្ឋមន្ត្រីទី១ គឺព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ ពីអំណាចក្នុងការប្រយុទ្ធបង្ហូរឈាមគ្នា និងការគ្រប់គ្រងដែលស្ទើរតែមិនអាចមានការតតាំង បានរបស់គណបក្សប្រជាជនកម្ពុជាលើ ប្រទេសនេះចាប់តាំងពីពេលនោះមក។
លោកបានថ្លែងថា “ក្រុមប្រឹក្សាធម្មនុញ្ញគួរតែត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៩៣ ប៉ុន្តែ រដ្ឋាភិបាលបានរងចាំរហូតមកដល់ឆ្នាំ១៩៩៨។ អំឡុងពេលនោះក្រុមប្រឹក្សានេះអាចគ្រប់គ្រង រដ្ឋាភិបាលបាន ប៉ុន្តែ ក្រោយរដ្ឋប្រហារឆ្នាំ១៩៩៧ ក្រុមប្រឹក្សានេះបានស្ថិតនៅក្រោមការគ្រប់គ្រង របស់គណបក្សប្រជាជនកម្ពុជាបាត់ទៅហើយ។
លោក ខាលីល ថេយើ (Carlyle Thayer) អ្នកជំនាញផ្នែកតំបន់អាស៊ីអាគ្នេយ៍នៅសាលា បណ្ឌិតសភាកងកម្លាំងការពារជាតិអូស្ត្រាលី (Australian Defense Force Academy) ក្នុងទីក្រុងកង់បេរ៉ា បានលើកឡើងថា កង្វះស្ថាប័នជាន់ខ្ពស់នេះគឺបានធ្វើឲ្យ បាត់បង់ឱកាសសម្រាប់ការធានាឲ្យបាននូវ សិទ្ធិរបស់ប្រជាពលរដ្ឋ និងការបោះឆ្នោតដោយសេរី ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ”។
លោក ថេយើ ដែលដើរតួជាអ្នកសង្កេតការណ៍របស់ អ៊ុនតាក់ អំឡុងការបោះឆ្នោតឆ្នាំ១៩៩៣នោះ បានថ្លែងថា “សូម្បីតែនៅក្នុងប្រទេសដែលមានការគោរព រដ្ឋធម្មនុញ្ញ ដូចជានៅសហរដ្ឋអាមេរិក ក៏គេនៅតែត្រូវការតុលាការកំពូលដែលអាចចេញ សេចក្តីសម្រេចក្នុងវិវាទនានា ដើម្បីឲ្យប្រជាពលរដ្ឋទទួលយកសេចក្តីសម្រេចនោះដោយ អស់ចិត្តដែរ”។
លោកបានថ្លែងថា “រដ្ឋធម្មនុញ្ញបង្កើតលទ្ធិប្រជាធិបតេយ្យសេរីពហុ បក្ស ប៉ុន្តែ ត្រឹមតែរដ្ឋធម្មនុញ្ញម្យ៉ាង គឺមិនគ្រប់គ្រាន់ទេ គេនៅត្រូវការស្ថាប័នឯករាជ្យ និងស្វយ័តទៀត ហើយបើសិនស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការមិនឯករាជ្យទៅហើយនោះ រដ្ឋធម្មនុញ្ញនឹងមានបញ្ហាក្នុងការអនុវត្តមិន ខាន”។
លោក សុក សំអឿន ជាមេធាវីដ៏ល្បីមួយរូប និងជាប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ដែលជាអង្គការផ្តល់ជំនួយផ្នែកច្បាប់ដោយមិនគិត ថ្លៃ បានសម្តែងការយល់ស្របថា រដ្ឋធម្មនុញ្ញនេះគឺនៅមិនទាន់ជួយឲ្យមាន លទ្ធិប្រជាធិបតេយ្យតាមទស្សនវិស័យរបស់ព្រះ មហាក្សត្រ នរោត្តម សីហនុ មែន។
លោកបានថ្លែងថា “នៅសហរដ្ឋអាមេរិកតុលាការកំពូលអាចចេញសេចក្តី សម្រេចលើបញ្ហាពាក់ព័ន្ធនឹងរដ្ឋធម្មនុញ្ញបាន ប៉ុន្តែ នៅទីនេះ ក្រុមប្រឹក្សាធម្មនុញ្ញមិនមែនជាតុលាការទេ ហើយសមាជិករបស់ក្រុមប្រឹក្សានេះ ក៏មិនមែនជាចៅក្រមដែរ ពួកគឺជាអ្នកនយោបាយ។ ប្រសិនបើវាជាតុលាការវិញ ពួកគេប្រាកដជានឹងផ្តោតលើច្បាប់ ប៉ុន្តែ នៅទីនេះ [ប្រទេសកម្ពុជា] ពួកគេផ្តោតតែលើឥទ្ធិពលនយោបាយ និងលម្អៀងទៅរកគណបក្សកាន់អំណាចប៉ុណ្ណោះ”។
សម្រាប់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន ដែលជាអ្នកដឹកនាំគណៈប្រតិភូរបស់គណបក្ស ហ៊្វុនស៊ិនប៉ិច ចំនួនប្រាំមួយរូបនៅក្នុងជួរគណៈកម្មាធិការ តាក់តែងរដ្ឋធម្មនុញ្ញនេះវិញ ភាពប្រាសចាកដ៏ធំបំផុតនៃរដ្ឋធម្មនុញ្ញ និងប្រព័ន្ធនយោបាយថ្មីដែលកើតចេញមកពីរដ្ឋ ធម្មនុញ្ញនេះ គឺកង្វះឆន្ទៈខាងគណបក្សប្រជាជនរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបោះបង់ទម្លាប់ដែលខ្លួនបានបង្កើតពេល ប្រទេសកម្ពុជា នៅជារដ្ឋឯកបក្សក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងក្នុងការបើកចំហរដ្ឋនេះចំពោះការសម្តែងមតិ និងទស្សនវិស័យដែលផ្ទុយពីគំនិតរបស់ខ្លួន។
ព្រះអង្គបានមានបន្ទូលថា “កម្ពុជាពុំមានលទ្ធិប្រជាធិបតេយ្យដូចការស្រមៃចង់ បានឡើយ។ ប្រជាជាតិនេះឥឡូវនេះបានក្លាយជាប្រទេស ប្រជាធិបតេយ្យដែលដើរតាមការចង្អុលបង្ហាញ បាត់ទៅហើយ។ អ្នកអាចបើកមើលទូរទស្សន៍ក្រោមការគ្រប់គ្រងរបស់ គណបក្សប្រជាជនកម្ពុជា ហើយអ្នកនឹងឃើញមានការពិភាក្សា និងការផ្លាស់ប្តូរយោបល់តែក្នុងចំណោម គ្នីគ្នារបស់ពួកគេប៉ុណ្ណោះ ពួកគេមិនអញ្ជើញអ្នកផ្សេងឲ្យចូលរួមទេ។
ព្រះអង្គម្ចាស់បានបន្តថា “ នៅពេល [ តាក់តែងរដ្ឋធម្មនុញ្ញ ] ម្នាក់ៗមានអារម្មណ៍រំភើបណាស់… ពេលនោះមានអារម្មណ៍ថា មានការរួបរួមគ្នាជាធ្លុងមួយ គឺពីអ្នកដែលបែកបាក់គ្នាដោយសារសង្គ្រាម មកជាអ្នករួបរួមគ្នាសាជាថ្មីម្តងទៀតនៅ ក្នុងនាមជាប្រជាជាតិកម្ពុជា។ សម្តេចឪបានប្រាប់យើងឲ្យធ្វើការរួមគ្នា កំុឲ្យគិតពីអ្វីដែលបានធ្វើឲ្យយើងបែក បាក់គ្នា។ វាជាផ្នែកមួយនៃទស្សនវិស័យថ្មីមួយនៅ ក្នុងពេលនោះ។យើងមិនខ្លាចគណបក្សប្រជាជន ទេ ហើយគណបក្សប្រជាជនក៏មិនខ្លាចគណបក្សហ៊្វុនស៊ិន ប៉ិចដែរ”។
ព្រះអង្គម្ចាស់ សិរីរ័ត្ន បានមានបន្ទូលបន្តថា ព្រះអង្គម្ចាស់ រណប្ញទ្ធិ និងថ្នាក់ដឹកនាំគណបក្សប្រជាជន គឺសុទ្ធតែមានកំហុសដូចគ្នា។ ព្រះអង្គម្ចាស់បានបញ្ជាក់ថា “ គណបក្សហ៊្វុនស៊ិនប៉ិច គឺមានមេដឹកនាំខុស។ ព្រះអង្គម្ចាស់ រណប្ញទ្ធិ មិនចាប់អារម្មណ៍ចំពោះការអនុវត្តរដ្ឋធម្មនុញ្ញ ឡើយ… ពេលទ្រង់ចូលមករាជធានីភ្នំពេញ ហើយបានក្លាយជានាយករដ្ឋមន្ត្រីទី១ ទ្រង់ឈប់ត្រឹមហ្នឹងតែម្តង”។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលក៏ជាសមាជិកមួយរូបរបស់គណបក្សហ៊្វុនស៊ិន ប៉ិចក្នុងជួរគណៈកម្មាធិការតាក់តែងរដ្ឋធម្មនុញ្ញនៅ ក្នុងឆ្នាំ១៩៩៣ដែរនោះបានចាត់ទុកថ្ងៃនេះថា ជា “ខួបដ៏ក្រៀមក្រំ” ហើយបានហៅរដ្ឋធម្មនុញ្ញថា ជាច្បាប់ “ ដ៏គួរឲ្យខកចិត្ត” មួយ។
លោក សម រង្ស៊ី បានលើកឡើងថា ខណៈមាត្រា១នៃរដ្ឋធម្មនុញ្ញចែងច្បាស់ពី ប្រព័ន្ធនយោបាយសេរីពហុបក្សនោះក្តីសង្ឃឹមដែល ផ្តល់ដោយរដ្ឋធម្មនុញ្ញក្នុងការបញ្ចប់ ប្រព័ន្ធនយោបាយកុម្មុយនីស្តក្នុងទស្សវត្សរ៍ឆ្នាំ ១៩៨០គឺបានរលាយបាត់យ៉ាងរហ័សដូចអំបិលត្រូវទឹក ដូច្នោះដែរ។
លោក សម រង្ស៊ី បានមានប្រសាសន៍អំពីការប្រយុទ្ធបង្ហូរឈាមគ្នា ក្នុងឆ្នាំ១៩៩៧ថា “[គណបក្សប្រជាជន] បានចាប់ផ្តើមពីការធ្វើរដ្ឋប្រហារដើម្បីកម្ចាត់ គូបដិបក្ខ ដោយបានសម្លាប់មន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច រាប់រយនាក់ និងធានាឲ្យបានថា គ្មានគូបដិបក្ខយោធាមានអំណាចណាមួយនៅរាំងផ្លូវ របស់ខ្លួន។ក្រោយមក គេបានបង្កើតប្រព័ន្ធបោះឆ្នោតមួយដែលមាន ប្រសិទ្ធិភាពជាទីបំផុតក្នុងការជួយឲ្យពួកគេ បន្តកាន់អំណាចរហូត”។
លោកបានពន្យល់ថា “ដូច្នេះ ទោះបីជារដ្ឋធម្មនុញ្ញបច្ចុប្បន្នមានចែងអំពី នយោបាយសេរីពហុបក្សក៏ដោយ ក៏យើងបានវិលទៅរករដ្ឋធម្មនុញ្ញចាស់ដែលគណបក្ស មួយនេះដឹកនាំរដ្ឋ និងត្រួតត្រាអ្វីៗគ្រប់យ៉ាងបាត់ទៅហើយ” ដោយលោកសំដៅលើរដ្ឋធម្មនុញ្ញឆ្នាំ១៩៨៩ក្នុងសម័យ រដ្ឋកម្ពុជា ដែលមាត្រាទី១ចែងអំពីរដ្ឋឯកបក្ស។
លោក ជាម យៀប សមាជិកសភាគណបក្សប្រជាជនកម្ពុជា ដែលស្ថិតក្នុងចំណោមប្រតិភូគណបក្សប្រជាជនកម្ពុជា ទាំងប្រាំរូបក្នុងជួរគណៈកម្មាធិការតាក់តែងរដ្ឋ ធម្មនុញ្ញ នោះ បានលើកឡើងថា របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៅក្នុង រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ គឺជាការវិវឌ្ឍគួរឲ្យកត់សម្គាល់មួយ។ លោកថ្លែងថា “យើងបានទទួលជោគជ័យច្រើនណាស់។
យើងបានសម្រេចកំណើនសេដ្ឋកិច្ច ហើយយើងគិតពីអនាគតប្រជាជនកម្ពុជា ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ”។ លោកបានបន្តថា រដ្ឋភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន តែងអនុវត្តតាមរដ្ឋធម្មនុញ្ញក្នុងការអនុម័តច្បាប់ ប្រហែល៤០០ចាប់តាំងពីរដ្ឋធម្មនុញ្ញត្រូវបាន បង្កើតឡើងនិងដាក់ឲ្យប្រើប្រាស់មក។
លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយឯករាជ្យដែលបម្រើការងារជាអ្នក បកប្រែឲ្យលោក យ៉ាស៊ូស៊ី អាកាស៊ី ក្នុងឆ្នាំ១៩៩៣ បានលើកឡើងថា ខណៈដែលមើលពីសំបកក្រៅ ឃើញថា ការដឹកនាំរដ្ឋាភិបាលហាក់បីដូចជាអនុវត្តតាមរដ្ឋ ធម្មនុញ្ញនោះ ធាតុពិតជាក់ស្តែងគឺថា រដ្ឋធម្មនុញ្ញដើរតួនាទីតិចតួចណាស់ក្នុងការងារ ដឹកនាំប្រទេសនេះ។
លោកស្រីមានប្រសាសន៍ថា “ឧទាហរណ៍រដ្ឋធម្មនុញ្ញចែងអំពីការបែងចែក អំណាច ពីអំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ ជាការពិតណាស់ យើងមានស្ថាប័នទាំងបីពិតមែន ក៏ប៉ុន្តែ ធាតុពិតជាក់ស្តែងគឺថា ស្ថាប័នទាំងនេះពុំមានប្រសិទ្ធភាពនៅក្នុងការ រក្សាតុល្យភាពអំណាចទេ ដែលប្រការនេះគឺផ្ទុយពីស្មារតីនៃរដ្ឋ ធម្មនុញ្ញ”។
លោកស្រីបានលើកឡើងថា លទ្ធិប្រជាធិបតេយ្យមិនមែនបង្កើតឡើងនៅក្នុង បន្ទប់ប្រជុំដោយគណៈប្រតិភូ ដូចជាលោក សម រង្ស៊ី លោក ជាម យៀប និងព្រះអង្គម្ចាស់ សិរីរត្ន័ទេ ផ្ទុយទៅវិញគឺកើតចេញសន្សឹមៗដោយអំណាច ប្រជាជន។ លោកស្រីបានលើកឡើងថា “លទ្ធិប្រជាធិបតេយ្យគឺអាស្រ័យលើការតស៊ូរបស់ ប្រជាពលរដ្ឋ ហើយនៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះប្រជាពល រដ្ឋបានចាប់ផ្តើមទទួលស្គាល់តម្លៃនៃដំណើរការ ប្រជាធិបតេយ្យ ហើយបានទុកវាជាផ្នែកមួយនៃជីវិតរស់នៅរបស់ខ្លួន ” ដោយលោកស្រីបានសំដៅលើចលនាទាមទារសិទ្ធិរបស់ ស្ត្រី និងកម្មករដែលកំពុងមានលក្ខណៈផុសផុលនិង លទ្ធផលគួរឲ្យភ្ញាក់ផ្អើលសម្រាប់គណបក្សប្រឆាំង ក្នុងការបោះឆ្នោតជាតិកាលពីពេលថ្មីៗនេះ។ លោកស្រីថ្លែងថា “២០ឆ្នាំបន្ទាប់ពីយើងបានចងក្រង និងតម្កល់វាទុកសម្រាប់អនុវត្តរួច លទ្ធិប្រជាធិបតេយ្យកំពុងចាក់ប្ញសនៅកម្ពុជាដោយ សន្សឹមៗ
ហើយ”៕
No comments:
Post a Comment