យ៉ាំង ខមមឺសល កំពុងអភិវឌ្ឍខុនដូនៅក្រោយផ្សារទំនើប
ភ្នំពេញប៉ុស្តិ៍ 12 កញ្ញា 2013
អគារខុនដូថ្មីមួយទៀតនឹងលេចរូបរាងនៅក្រោយមជ្ឈមណ្ឌលយ៉ាំង ខមមឺសល ។
ភ្នំពេញៈ ខុនដូចំនួន ១០០០ យូនីតមួយកំពុងសាងសង់នៅតំបន់ ជ្រោយចង្វារ ដែលនេះជា ការវិនិយោគរបស់ម្ចាស់មជ្ឈមណ្ឌល យ៉ាំង ខមមឺសល ដើម្បីរួមចំណែកធ្វើឲ្យរាជធានីភ្នំពេញប៉ែកខាងកើតកាន់តែមាន សោភណភាពថែមទៀត។
លោកស្រី Ashley Young អគ្គនាយិកាក្រុមហ៊ុន Young Commercial បានប្រាប់ថា បច្ចុប្បន្ននេះយើងកំពុងសាងសង់ខុនដូ និងផ្ទះហាងចំនួន ១០០០ យូនីតដែលមានទីតាំងនៅជាប់នឹងផ្សារទំនើប Young Commercial and Resort។ ខុនដូ និងផ្ទះហាង (Shophouse) ទាំងនោះមានចំនួន ១២ អគារ និងមានកម្ពស់ពី ៣ ដល់ ៩ ជាន់។ គម្រោងនេះបែងចែកជាបីគម្រោង គឺគម្រោង A, B និង C។
លោកស្រីប្រាប់ទៀតថា គម្រោង A គឺផ្សារទំនើប Young Commercial គម្រោង B មានផ្ទះហាង និងអគារចំនួន ៦ និងគម្រោង C មានអគារចំនួន ៦ និងផ្ទះហាងផងដែរ។
គម្រោង B សង់រួចចំនួន ២ អគារហើយ ខណៈ ២ អគារទៀតកំពុងសាងសង់បាន ៥០ ភាគរយ និងអគារ ២ ផ្សេងទៀតមិនទាន់ដំណើរការសាងសង់នៅឡើយទេ។ ចំណែកគម្រោង C មិនទាន់សាងសង់តែម្តង ប៉ុន្តែតាមផែនការគម្រោងទាំងមូលនឹងបញ្ចប់នៅឆ្នាំ២០១៦ ខាងមុខនេះ។
លោកស្រី បានថ្លែងថា៖ «ការលក់ខុនដូរបស់យើងនៅពេលនេះកំពុងទទួលបានជោគជ័យយ៉ាងខ្លាំង ព្រោះការសាងសង់របស់យើងបានផ្តោតទៅលើគុណភាពជាចម្បងហើយម៉្យាង ទៀតក្រុមហ៊ុនរបស់យើងក៏មានវិស្វករមកពីបរទេសសម្រាប់ដំណើរការសាង សង់ និងតម្លៃសមរម្យទៀតផង»។
លោកស្រីបានបន្តថា៖ «ខុនដូ ២ បន្ទប់ របស់យើងលក់ក្នុងតម្លៃត្រឹមតែ ៦៨.០០០ ដុល្លារ ចំណែក ៤ បន្ទប់យើងលក់តម្លៃ ១២៥.០០០ ដុល្លារប៉ុណ្ណោះ ហើយអតិថិជនដែលទិញហើយអាចលក់យកចំណេញបានតែម្តង»។
បច្ចុប្បន្ន ខុនដូ ក្នុងគម្រោង B ដែលមាន ២ អគារមានផ្ទះហាងចំនួន ១១ និងខុនដូចំនួន ៩៩ យូនីតបានលក់ដាច់អស់ហើយ ចំណែកខុនដូ ២ អគារទៀតដែលសាងសង់បាន ៥០ ភាគរយមានផ្ទះហាងចំនួន ១១ និងខុនដូចំនួន ៦៦ យូនីតយើងលក់បានជាង ៨០ ភាគរយផងដែរ។
លោក ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យកម្ពុជា ស៊ីភីអិល និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា មានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនខាងលើមានភាពជោគជ័យ ដោយសារតំបន់នោះកាន់តែមានការអភិវឌ្ឍច្រើន ហើយផ្ទះរបស់ក្រុមហ៊ុននេះធ្វើលក់ក៏មានអតិថិជន ទិញនិងចាប់អារម្មណ៍ច្រើនដែរ។
លោកថ្លែងថា៖ «នៅពេលអនាគត តំបន់នោះនឹងទាក់ទាញមនុស្សឲ្យទៅរស់នៅកាន់តែច្រើន បន្ទាប់ពីស្ពាន ជ្រោយចង្វារ ទី២សង់រួច និងដាក់ឲ្យប្រើប្រាស់»។
លោក ឌឹត ចណ្ណា ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនអចលនទ្រព្យ វីអឹមស៊ី បានប្រាប់ថា តំបន់ ជ្រោយចង្វារ កាន់តែមានសក្តានុពល ព្រោះមានគម្រោងអភិវឌ្ឍន៍ច្រើននៅតំបន់នោះ ពិសេសពេលស្ពាន ជ្រោយចង្វារ សង់រួចតំបន់នោះកាន់តែមានភាពទាក់ទាញ ហើយតម្លៃអចលនទ្រព្យនឹងហក់ឡើងថែមមួយកម្រិតទៀត៕
No comments:
Post a Comment