Translate
Tuesday, September 3, 2013
ការដាំដុះដំណាំឆ្នាំនេះសម្រេចបាន ៩៥ ភាគរយ
ការដាំដុះដំណាំឆ្នាំនេះសម្រេចបាន ៩៥ ភាគរយ
ភ្នំពេញប៉ុស្តិ៍ ០៣-០៩-២០១៣
ស្ថិតិពីក្រសួងកសិកម្មបានបង្ហាញថា ការបង្កបង្កើនដំណាំស្រូវនៅក្នុងរដូវវស្សាឆ្នាំ២០១៣ គិតត្រឹមចុងខែសីហា សម្រេចបានប្រមាណ ៩៥ ភាគរយនៃផែនការប្រចាំឆ្នាំ។
ស្ថិតិដដែលបង្ហាញថា ការដាំដុះគិតត្រឹមថ្ងៃទី២៨ សីហា ឆ្នាំ២០១៣ សម្រេចបានលើផ្ទៃដី ២ ២៩២ ៣៤៦ ហិកតានៃផែនការដែលបានកំណត់២ ៣៩៩ ៦៣៧ ហិកតា។
ស្ថិតិបង្ហាញថា ខេត្តដែលជាជង្រុកស្រូវរួមមាន បាត់ដំបង សម្រេចបាន ៩៧,៦៦ ភាគរយ លើផ្ទៃដី ២៤៥ ០៨៥ ហិកតា ខេត្តកណ្តាល សម្រេចបាន ៨១,០៤ ភាគរយ លើផ្ទៃដី ៣៣ ២២៦ ហិកតា ខេត្តកំពង់ចាម សម្រេចបាន ៩៦,៦១ ភាគរយ លើផ្ទៃដី ១៦០ ០៦៣ ហិកតា ខេត្តព្រៃវែង ១០២,៦៤ ភាគរយ លើផ្ទៃដី ២៥៦ ៦៥៤ ហិកតា ខេត្ត សៀមរាប ១០០,៤៦ ភាគរយ លើផ្ទៃដី ១៨០ ៨៣០ ហិកតា ខេត្តតាកែវ ៩៩,១២ ភាគរយលើផ្ទៃដី ១៦៨ ៥១២ ហិកតា ខេត្តកំពង់ធំសម្រេចបាន ៩៩,៤៧ ភាគរយ លើផ្ទៃដី ២០៨ ៨៧៩ហិកតា និងខេត្ត បន្ទាយមានជ័យសម្រេចបាន ៩៨,១៩ ភាគរយ លើផ្ទៃដី ២២៥ ៨៣៤ ហិកតា។
លោក ខឹម ចិន្តា ប្រធានផ្នែករដ្ឋបាលនៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា លទ្ធផលដែលសម្រេចបាននេះដោយសារមានភ្លៀងធ្លាក់ល្អនិងគ្រប់ គ្រាន់នៅដើមរដូវ ហើយប្រជាកសិករចាប់ផ្តើមលឿន។
លោកបន្តថា៖ «ខ្ញុំគិតថា បើទោះជាយើងមិនសម្រេចបាន ១០០ ភាគរយក៏ដោយ គឺវាមិនចោទជាបញ្ហាដល់ទិន្នផលស្រូវយើងសម្រាប់ឆ្នាំនេះ ឡើយ ដោយយើងសង្កេតឃើញថា ប្រជាកសិករគាត់បានផ្លាស់ប្តូរការដាំដុះរបស់គាត់ពីពូជស្រូវ មានទិន្នផលទាប ទៅពូជស្រូវផ្តល់ទិន្នផលខ្ពស់»។ លោក ខឹម ចិន្តា ចង់សំដៅដល់ពូជស្រូវដែលក្រសួងបានណែនាំ។
ថ្មីៗនេះក្រសួងកសិកម្មបានណែនាំពូជស្រូវចំនួន ១០ ប្រភេទសម្រាប់ឲ្យកសិករយកទៅដាំដុះ ដើម្បីទទួលបានទិន្នផលខ្ពស់ ដែលជាផ្នែកមួយនៃការជំរុញការនាំចេញអង្កររបស់កម្ពុជា។
លោក ខឹម ចិន្តា បានឲ្យដឹងថា បច្ចុប្បន្ននេះប្រជាកសិករក៏បានទទួលបច្ចេកទេសច្រើនពីអង្គការ និងស្ថាប័នជំនាញផងដែរក្នុងវិស័យកសិកម្មនេះ។
ទាំងគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់នៅឆ្នាំនេះកំពុងគំរាមកំហែងដល់ដំណាំស្រូវ របស់កសិករក្នុងខេត្តមួយចំនួន ក្នុងនោះគ្រោះរាំងស្ងួតបានធ្វើឲ្យប៉ះពាល់ដំណាំស្រូវចំនួន ៨ ពាន់ហិកតា ក្នុងខេត្តកំពត កំពង់ស្ពឺ និងស្វាយរៀង ខណៈនៅខេត្តមួយចំនួនរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់។
លោក ខឹម ចិន្តា បានលើកឡើងថា៖ «បើទោះបីមានខេត្តមួយចំនួនមិនទាន់សម្រេចបានតាមផែនការ ក៏នៅមានខេត្តខ្លះនៅមិនទាន់ចាប់ផ្តើមដែរ ដោយសារមានបញ្ហាទឹកភ្លៀងមិនគ្រប់គ្រាន់ និងខេត្តខ្លះទៀតគឺមិនទាន់ចាប់ផ្តើមធ្វើ ដូចជា ខេត្តកំពតជាដើម។
លោកបន្តថា៖ «ចំពោះបញ្ហាគ្រោះទឹកជំនន់នៅឆ្នាំនេះ មិនចោទបញ្ហាចម្បងដល់ដំណាំស្រូវនៅកម្ពុជាឡើយ ទោះបីមានការប៉ះពាល់បន្តិចបន្ទួចនៅបន្ទាយមានជ័យក៏ដោយ»។
លោក យ៉ង សាំងកុមារ ប្រធានអង្គការកសិកម្ម សេដាក បានឲ្យដឹងថា ការសម្រេចបានលើការដាំដុះគឺអាចសម្រេចក្នុងរង្វង់ ៩០ ភាគរយ។ លោកបន្តថា បើទោះបីខេត្តមួយចំនួនទទួលរងផលប៉ះពាល់ពីគ្រោះរាំងស្ងួត និងទឹកជំនន់ក្តី តែកសិករមានពេលដល់ពាក់កណ្តាល ខែកញ្ញា ក្នុងការស្តារនូវការខូចខាតឡើងវិញ។
លោកបន្តថា ទិន្នផលស្រូវឆ្នាំនេះនឹងកើនឡើងពី ៥ ភាគរយ ទៅ ១០ ភាគរយ ខ្ពស់ជាងឆ្នាំទៅ «ដោយសារ ឆ្នាំនេះមានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់បើធៀបនឹងឆ្នាំទៅដែល ទឹកភ្លៀងធ្លាក់មកយឺត»៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment