លោកសម រង្ស៊ីប្តូរពីមហាបាតុកម្មមកសមាធិ
ភ្នំពេញប៉ុស្តិ៍
០៣-០៩-២០១៣
គណបក្សសង្គ្រោះជាតិបានប្រកាសកាលពី
ម្សិលមិញថា មហាបាតុកម្មរបស់គណបក្សប្រឆាំងគ្រោងធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា
នឹងមានលក្ខណៈស្ងប់ស្ងាត់ ដោយអ្នកចូលរួមរាប់ពាន់នាក់នឹងចូលរួមក្នុងពិធីបន់ស្រន់និង« សមាធិ»។
បើទោះបីជាមេដឹកនាំគណបក្សសង្គ្រោះជាតិលើក
ឡើងថា សេចក្តីសម្រេចនេះធ្វើតាមព្រះរាជសាររបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី
ដែលអំពាវនាវឲ្យមានសន្តិភាព និងភាពស្ងប់ស្ងាត់ អ្នកដទៃទៀតមើលឃើញយុទ្ធសាស្ត្រនេះថាជាការបន្ទន់ជំហររបស់
គណបក្សសង្គ្រោះជាតិ ដូចនេះធ្វើឲ្យគណបក្សនេះបាត់បង់សន្ទុះ។
លោក សម
រង្ស៊ី ប្រធានគណបក្សប្រឆាំង បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកម្សិលមិញថា៖ «អ្វីដែលយើងហៅថា
បាតុកម្មអហិង្សា និងសន្តិវិធី នឹងមានស្មារតីជាពិធីសមាធិ
ហើយបួងសួងទូទាំងប្រទេស»។
លោក
បានបន្ថែមថា៖ «យើងត្រូវគោរពតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ។ ដូច្នេះ យើងមិនត្រូវធ្វើអ្វីដែលបង្កចលាចលទេ
ប៉ុន្តែ យើងមានជំនឿថា នឹងគ្មានចលាចលទេ គ្មានអំពើហិង្សាដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈទេ»។
លោក សម
រង្ស៊ី បានបន្ថែមថា បាតុកម្ម ដែលនឹងបន្តទាមទារឲ្យបង្កើតស្ថាប័នឯករាជ្យ ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត
នឹង ចាប់ផ្តើមពីម៉ោង ៨ ព្រឹក ដល់ ១១ ថ្ងៃត្រង់ នៅសួនសេរីភាព ហើយលោកបានបន្តថា
គណបក្សសង្គ្រោះជាតិបានអំពាវនាវដល់អ្នកទាំងឡាយដែលចូលរួមក្នុង ពិធីត្រូវលះបង់មធ្យោបាយហិង្សា។
អ្នកចូលរួមកុំឲ្យកាន់អ្វីដែលអាចប្រើជាអាវុធ ប៉ុន្តែកាន់ទៀន ធូប និងផ្កាវិញ។
លោក
កឹម សុខា អនុប្រធានគណបក្ស បានគាំទ្រការលើកឡើងរបស់លោក សម រង្ស៊ី ដោយបន្ថែមថា
ប្រសិនបើរដ្ឋាភិបាលប្រើកម្លាំងបង្ក្រាបលើបាតុករ ពួកគេនឹងប្រឆាំងព្រះរាជប្រាថ្នារបស់ព្រះមហាក្សត្រ
ហើយលើកឡើងថា បាតុកម្មនឹងបន្ត ដរាបណាការទាមទាររបស់គណបក្សប្រឆាំងមិនត្រូវបានបំពេញតាមទេ
នោះ។
ព្រះរាជសាររបស់ព្រះមហាក្សត្រ
ដែលរួមមានសារវិវាទបោះឆ្នោតត្រូវដោះស្រាយដោយស្ថាប័នពាក់ព័ន្ធ តាមរដ្ឋធម្មនុញ្ញ
និងច្បាប់ បានធ្វើឲ្យមានការសង្ស័យថា ព្រះមហាក្សត្រអាចត្រូវបានស្នើដោយគណបក្សប្រជាជន
ព្រះរាជទានការគាំទ្រ បើគិតអំពីភាពដូចគ្នានៃព្រះរាជសារទៅនឹងខ្សែបន្ទាត់ផ្លូវ
ការរបស់គណបក្ស។
ទោះជាយ៉ាងណា
ពេលទាក់ទងកាលពីម្សិលមិញ លោក សម រង្ស៊ី បានថ្លែងថា លោកមិនចង់និយាយអំពីគោលបំណងរបស់ព្រះមហាក្សត្រទេ។ «អ្វីដែលខ្ញុំអាចនិយាយគឺថា
យើងឆ្លើយតបតាមព្រះរាជសារព្រះមហាក្សត្រ យើងឆ្លើយតបវិជ្ជមាន។ ដូច្នេះរបៀបដែលយើងរៀបចំការប្រមូលផ្តុំនៅថ្ងៃទី៧គឺដើម្បី
ធានាជាថ្មីដល់ព្រះមហាក្សត្រថា យើងមិនប្រថុយប្រថានទេ»។
បើទោះបីជាលោក
សម រង្ស៊ី ក៏បានទទូចថា អ្នកគាំទ្រនឹងយល់ដឹងអំពីការផ្លាស់ប្តូរនៃយុទ្ធសាស្ត្រ
លោក អ៊ូ រិទ្ធី អ្នកសរសេរប្លក់នយោបាយវ័យក្មេងបានថ្លែងថា ពិធីបួងសួង និងសមាធិរយៈពេល
៣ ម៉ោង នឹងគ្មានប្រយោជន៍ទេ។ លោកបានថ្លែងកាលពីម្សិលមិញថា៖ «ខ្ញុំឃើញជំហររបស់គណបក្សសង្គ្រោះជាតិអស់សង្ឃឹមណាស់
ពីព្រោះខ្ញុំមិនឃើញការផ្លាស់ប្តូរណាមួយបន្ទាប់ពីពិធី បន់ស្រន់និងសមាធិដោយសន្តិវិធី»។
លោកបានថ្លែងបន្តថា៖
«គណបក្ស សង្គ្រោះជាតិទំនងជាមានវិធីសាស្ត្រអហិង្សាបែបនេះ
ប៉ុន្តែពួកគេបានផ្លាស់ប្តូរ។ គណបក្សសង្គ្រោះជាតិបានធ្វើឲ្យអ្នកគាំទ្រមាន
អារម្មណ៍ទុទិ្ទដ្ឋិនិយមនិងអស់សង្ឃឹមជាមួយមេដឹកនាំបន្តិចម្តងៗ »។
ទោះយ៉ាងណាក្តី
អ្នកវិភាគនយោបាយ លោក ឡៅ ម៉ុងហៃ បានថ្លែងថា វិធីសាស្ត្រថ្មីនេះអាច«ធ្វើឲ្យមានវឌ្ឍនភាពនយោបាយ»
ខណៈលោកក៏បានកត់សម្គាល់ផងដែរអំពីករណីដែលរដ្ឋាភិបាលធ្វើ ការបណ្តុះបណ្តាលនគរបាលអំពីវិធានការគ្រប់គ្រងហ្វូងមនុស្ស
នៅពេលគណបក្សប្រឆាំងបណ្តុះបណ្តាអ្នកគាំទ្រខ្លួនអំពីវិធីសាស្ត្រ ហិង្សា។
លោកបានថ្លែងបន្តថា៖
«យើងអាចឃើញ
[ពួកគេ]កំពុងលេងល្បែងឆ្មា និងកណ្តុរ»។
អ្នកវិភាគនយោបាយម្នាក់ទៀត
លោក កែម ឡី ក៏បានអបអរផងដែរអំពីវិធីសាស្ត្របាតុកម្មនេះ។ លោកថ្លែងថា៖ «នេះជាវិធីសាស្ត្រដ៏ល្អមួយពីព្រោះវាមានសុវត្ថិភាព»។ «នេះជាវិធីសាស្ត្រថ្មីមួយសម្រាប់បាតុកម្មទូទាំងប្រទេស...
វាជាសេចក្តីសម្រេចដ៏ល្អមួយដើម្បីបង្រៀនអ្នកធ្វើសេចក្តីសម្រេច ចិត្តបច្ចុប្បន្នបង្រៀនអ្នកផ្តល់សេវាសាធារណៈថាបាតុកម្មមិនអាក្រក់
ទេ»។
ប៉ុន្តែមិនថាសំណើប្រភេទណានោះទេ
មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនម្នាក់ដែលសុំមិនបញ្ចេញ ឈ្មោះបានថ្លែងថា
ការបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតករណីភាពមិនប្រក្រតី នៃការបោះឆ្នោតគឺមិនអាចទៅរួចទេ។
លោកបានកត់សម្គាល់ថា៖
« គ្មានការជជែកអំពីគណៈកម្មការនេះទេ។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជាបានសង្កត់ធ្ងន់ អំពីជំហរនេះយ៉ាងច្បាស់»។ «មិនមានយន្តការណាមួយក្រៅពីយន្តការដែលមានរួចហើយទេ
ហើយច្បាប់តម្រូវឲ្យ[គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត]និង ក្រុមប្រឹក្សាធម្មនុញ្ញបំពេញសមត្ថកិច្ចរបស់ខ្លួន។
នៅក្នុងកិច្ចប្រជុំចរចាមួយ[យើង]នឹងនិយាយអំពីដំណោះស្រាយដទៃៗ ទៀត។ គ្មានការជជែកទៀតទេអំពីគណៈកម្មការ»។
ទោះយ៉ាងណា
ក្តី លោក សម រង្ស៊ី មានក្តីសង្ឃឹមកាលពីម្សិលមិញ ដោយថ្លែងថា
លិខិតថ្មីៗមួយពីប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម «បានបញ្ជាក់ថា
ទ្វារនៅបើកចំហនៅឡើយ» ប៉ុន្តែលោកមិនបានបញ្ជាក់ទេថាតើនៅពេលណាកិច្ចពិភាក្សាជាមួយ
គណបក្សប្រជាជនកម្ពុជានឹងត្រូវធ្វើឡើង«អ្នកនឹងឃើញនៅថ្ងៃ
ស្អែក វានឹងមានភាពផ្លាស់ប្តូរថ្មី»។
No comments:
Post a Comment